ពីនេះ ពីនោះ
ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន ដែល​នាំ​ឲ្យ​ខូច​ផ្លូវថ្នល់​!
06, Nov 2016 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រជាពលរដ្ឋ​ចាក់ដី​លំនៅឋាន​របស់ខ្លួន ខ្ពស់ជាង​ផ្លូវថ្នល់  ដែល​មិនអាច​ឲ្យ​ទឹកភ្លៀង​ហូរ​ចេញពី​ថ្នល់​បាន​។ កត្តា​នេះ ប្រាកដថា​នាំ​ឲ្យ​ខូចខាត​ផ្លូវ​ជាមិនខាន​។ ពេល​មាន​ភ្លៀង​ខ្លាំង ហើយ​បើ​ដី​ផ្ទះ​ពលរដ្ឋ​ខ្ពស់​ផង​នោះ ទឹក​ដក់​ដល់​ពាក់កណ្ដាល​ផ្លូវ​ឯណោះ​។ គេ​ឃើញ​ជង្ហុក ក្រហូង បន្ទាប់ពី​ទឹក​ជ្រាប​អស់​ទៅវិញ​។  ទឹក​ដក់​លើផ្លូវ​ច្រើន​ធ្វើ​ឲ្យ​ខូចខាត​ផ្នែក​ជាយ​ផ្លូវ​ជា​ដំណំ ព្រោះ​ទឹក​ដក់​យូរ​នៅ​ផ្នែក​នេះ​។​


​ទឹក​ដក់​លើផ្លូវ​ថ្នល់ ភាគច្រើន​នៅ​ទីប្រជុំជន ដែល​សំបូរ​ផ្ទះ​ប្រជាជន​។ ទីនោះ ហើយ​ដែល​គេ​ឃើញ​ផ្លូវ​ខូចខាត ជង្ហុក​ច្រើន ពិបាកធ្វើ​ដំណើរ ជាង​ផ្លូវ​ដែល​អមដោយ​វាលស្រែ ឬ​ដែល​គ្មាន​លំ​ឋាន​ក្បែរផ្លូវ​។
 
​ចំពោះ​បញ្ហា​នេះ ម្ចាស់​លំនៅឋាន អាច​មិនដែល​គិតដល់ ឬ​មិន​ខ្ចី​ខ្វល់​ថា ទង្វើ​របស់ខ្លួន​ជាការ​បំផ្លិចបំផ្លាញ​ផ្លូវ​នោះទេ​។ ទោះយ៉ាងណា​ពលរដ្ឋ​ទាំងនោះ ត្រូវ​រង​ផល​លំបាក​ជាងគេ ព្រោះថា​វា​ស្ថិត​ត្រង់​មុខផ្ទះ​របស់​ពួកគាត់ ដែល​នាំ​ឲ្យ​ពិបាក​ពេលធ្វើ​ដំណើរ​ចេញ​-​ចូល​ផ្ទះ​ម្ដងៗ​។ ហើយ​រឹតតែ​ពិបាក បើ​ផ្ទះ​ពួគគាត់​បើក​លក់ដូរ​ទំនិញ​ទៀត​នោះ​។ ពេលខ្លះ​ពួកគាត់​រុញ​ដាក់គ្នា​ថា​«​បើ​ខ្ញុំ​មិន​ចាក់ដី​ឲ្យ​ខ្ពស់​ទេ នោះ​ទឹកនឹង​ហូរ​ពី​ផ្ទះ​របស់​អ្នកជិតខាង​ដែល​ដី​ផ្ទះ​គេ​ខ្ពស់ជាង​ផ្ទះ​ខ្ញុំ ដូចនេះ ខ្ញុំ​ត្រូវតែ​ចាក់ដី​ឲ្យ​ខ្ពស់​ដែរ​»​។ វា​ក៏​ស្ដែង​ឲ្យ​ឃើញ​ពី​ការគិត​កម្មសិទ្ធិឯកជន​ធំ​ជាង​កម្មសិទ្ធិសាធារណៈ​ផងដែរ​។ 
 
​បើ​ស្ថាប័ន​ពាក់ព័ន្ធ មិនមាន​វិធានការ ឬ​បទបញ្ញត្តិ ចំពោះ​ការចាក់ដី​ផ្ទះ​ខ្ពស់ជាង​ផ្លូវថ្នល់​ទេ នោះ​ពិតណាស់ថា ផ្លូវថ្នល់​នៅតែ​រង​ការបំផ្លិចបំផ្លាញ​ពី​កត្តា​មួយ​នេះ​ជា​រៀង​ដរាប​៕
 




© រក្សាសិទ្ធិដោយ thmeythmey.com