ពីនេះ ពីនោះ
អំណោយ​៖ ពេលខ្លះ​ឲ្យ​ដោយស្មោះ​ត្រង់ តែ​ពេលខ្លះ​គឺជា​អំពើពុករលួយ​
07, Nov 2016 , 8:21 am        
រូបភាព
ដោយ: ថ្មីៗ
​ទម្លាប់​ឬ​អាច​ថា​វប្បធម៌​ខ្មែរ តែ​កាលណា​ទៅសួរសុខទុក្ខ​ញាតិមិត្ត បងប្អូន តែងតែ មាន​អ្វីមួយ​ទៅ​ផ្ញើ​ឬ​ហៅថា​របស់​កំដរដៃ​តាម​ចំនួន​តិច​ឬ​ច្រើន​។ ការដែល​ធ្វើបែបនេះ គឺ​ដើម្បី​បង្កើន​ទំនាក់ទំនង​។ ប៉ុន្តែ​បើ​និយាយ​ពី​មន្ត្រី​និង​រាស្ត្រ នោះ​គឺ​គេ​ហៅថា​ជា​អំណោយ​។



​ការនាំយក​របស់​ផ្ញើ ឬ​ហៅថា​របស់​កំដរដៃ​នេះ បើ​នាំយកមក​ក្នុង​គោលដៅ និង​បំណងល្អ​មិនមែនជា​បញ្ហា​នោះទេ​។ ជាពិសេស ដូចជា​ករណី​មន្ត្រី ទៅ​ជួប​រាស្ត្រ នាំយក​សម្ភារ​ប្រើប្រាស់ គ្រឿង​បរិភោគ និង​ឱសថ​នានា ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត គឺ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​។ ទៅលេង​សាច់ញាតិ មាន​របស់​ផ្ញើ​បញ្ហា​ពី​ការចង់​ពង្រឹង​ចំណង​ទំនាក់ទំនង​។ រាប់អាន​គ្នា​មាន​របស់​ផ្ញើ​គ្នា​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​។ សកម្មភាព​ទាំងនេះ គឺ​ល្អ​សម្រាប់​មនុស្ស​នៅក្នុង​សង្គម​។

​ប៉ុន្តែ របស់​កំដរដៃ​មួយចំនួន មិនបាន​យកទៅ​ក្នុងនៃ​វិជ្ជមាន​ឡើយ គឺ​យកមក​ក្នុង​គោលបំណង​ទិញ​ទឹកចិត្ត​ទៅវិញ​។   មនុស្ស​មួយចំនួន ដើម្បី​បំភ័ន្ត​រូបភាព​ពី​ការ​ចោទថា ស៊ីសំណូក ពុករលួយ ក៏​ប្រើ​រូប​ភាពជា​អំណោយ ជា​របស់​កំដរដៃ​ជំនួយ​ទៅវិញ​។ រូបភាព​នេះ ត្រូវបាន​គេ​ប្រើប្រាស់​ស្ទើរ​ជាទូទៅ​។ បន្ថែម​ពីនេះ ជន​ទាំងនោះ​តែង​អះអាងថា ទាំងនោះ​គឺជា​ទឹកចិត្ត​របស់គេ​ដែល​ចង់​ជួយ​។ ជាការ​ពិត​គោល​បំណងល្អ​មិនជា​បញ្ហា ប៉ុន្តែ​បើជា​រូបភាព​មួយ​ដែល​គេ​ហៅថា «​ឲ្យ​របស់​ស្រណោះ​ដៃ​» នោះ​ទើប​ជា​បញ្ហា​។ អំណោយ ការ​សម្បទាន​ទ្រព្យសម្បត្តិ ក្នុង​គោលដៅ​បម្រើ​ឲ្យ​ផែនការ​សកម្មភាព គោលនយោបាយ ណាមួយ ជា​ទង្វើ​មួយ​ដែល​មិន​អាចធ្វើ​ឲ្យ​សង្គម​ចម្រើន​ទៅមុខ​បាន​លឿន​នោះទេ​។

​ជាការ​ពិត​នៅលើ​លើ​ពិភពលោក កុំថាឡើយ​ប្រទេស​ក្រីក្រ សូម្បី​មហាអំណាច​សេដ្ឋកិច្ច ក៏ ប្រហែល​មាន​ដូចគ្នា​រូបភាព​ក្នុងការ ចែក​អំណោយ ប៉ុន្តែ​អំណោយ​ទាំងនោះ​គឺ​ភាគច្រើន​គឺមាន​បុព្វហេតុ​ត្រឹមត្រូវ​។ ប៉ុន្តែ​ក្នុងសង្គម​ខ្មែរ រូបភាព​ខ្លះ​នៃ​អំពើ​ទាំងនោះ​គឺ​គ្រាន់តែ​ជា «​ទម្លាប់​ឲ្យ​ត្រី តែ​មិន​បង្រៀន​ឲ្យ​ចេះ​ស្ទូចត្រី​»​តែប៉ុណ្ណោះ នោះ​គឺជា​របៀប​គិត​របស់​មន្ត្រី​មួយចំនួន​ក្នុងសង្គម​បច្ចុប្បន្ន​។

​ជារួម​មក ការលើកឡើង​អាចមាន​លក្ខណៈវិនិច្ឆ័យ​ខ្លះ​មិន​ត្រឹមត្រូវ ប៉ុន្តែ​ល័ក្ខខ័ណ្ឌ​ខ្លះ មនុស្ស​នៅក្នុង​សង្គម​នេះ​ត្រូវតែ​ហ៊ាន​ទទួលស្គាល់​ការពិត ថា​ការប្រព្រឹត្ត​របស់ខ្លួន​មាន​ទិសដៅ​បែប​នោះ​ឬ​យ៉ាងណា​? បើ​សួរ​មួយ​សំណួរ​ទៀតថា តើ​អាច​ទេ​សកម្មភាព​ទាំងនេះ គឺ​ចា​អំពើពុករលួយ​ដោយ​ចំហរ តែ​គេ​មើល​មិនដឹង​?


© រក្សាសិទ្ធិដោយ thmeythmey.com