អន្តរជាតិ
ខ្មែរ​អាមេរិកាំង​ម្នាក់​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​សភាតំណាងរាស្ត្រ​រដ្ឋ Connecticut
07, Nov 2016 , 9:17 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ លោក រឿន វាសនា បាន​ឲ្យ​ដឹងថា លោក​មាន​គោលបំណង​បង្កើត​ប្រវត្តិសាស្ត្រ​នៅក្នុង​វិស័យ​នយោបាយ​នៅ​រដ្ឋ Connecticut នេះ ដោយ​ឈរឈ្មោះ​ជា​បេក្ខជន​ខ្មែរ​អា​មេ​រកាំ​ង​ម្នាក់​ដំបូង​គេ​បង្អស់ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​នៅ​ឆ្នាំ​២០១៦​នេះ​។​



​នៅ​រដ្ឋ Connecticut ដែលមាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​តិចតួច​ប្រមាណ​តែ​៤០០០​នាក់​ប៉ុណ្ណោះ​នោះ គេ​មិន​រំពឹងថា នឹងមាន​អ្នកដឹកនាំ​ជា​ខ្មែរ​ដែល​អាច​ក្លាយជា​តំណាងរាស្ត្រ​នោះទេ​។​

​ក៏ប៉ុន្តែ លោក រឿន វាសនា បាន​ឲ្យ​ដឹងថា លោក​មាន​គោលបំណង​បង្កើត​ប្រវត្តិសាស្ត្រ​នៅក្នុង​វិស័យ​នយោបាយ​នៅ​រដ្ឋ Connecticut នេះ ដោយ​ឈរឈ្មោះ​ជា​បេក្ខជន​ខ្មែរ​អា​មេ​រកាំ​ង​ម្នាក់​ដំបូង​គេ​បង្អស់ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​នៅ​ឆ្នាំ​២០១៦​នេះ​។​

«​មូលហេតុ​មួយ ដែល​ខ្ញុំ​សម្រេចចិត្ត​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ គឺ​ដោយសារតែ​ខ្ញុំ​ចង់​លើកទឹកចិត្ត​ឲ្យ​សហគមន៍​ខ្មែរ​យើង ចូលរួម​សកម្មភាព​នយោបាយ និង​សង្គម​ឲ្យ​បាន​ច្រើន​»​។​

​លោក​បាន​បន្ថែមថា ពលរដ្ឋ​ខ្មែរ​បានមក​រស់នៅ​សហរដ្ឋអាមេរិក​ជិត​៤០​ឆ្នាំ​ហើយ តែ​វា​គួរ​ឲ្យ​ស្តាយ ដែល​នៅក្នុង​សង្គម​ខ្មែរ​មិនសូវមាន​តំណាង​ខ្មែរ​ជា​អ្នកដឹកនាំ​ច្រើន​ទេ​នៅក្នុង​សហគមន៍ និង​ក្នុង​ជួរ​រដ្ឋាភិបាល​ក្នុង​តំបន់ ក៏ដូចជា​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​។​

​លោក រឿន វាសនា អាយុ​៣៧​ឆ្នាំ ឈរឈ្មោះ​ជា​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ ដើម្បី​ប្រកួត​យក​តំណែង​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​លេខ​១០៩ រដ្ឋ Connecticut ពី​លោក David Arconti ដែលជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​នេះ និង​ជា​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ថ្មី​នេះ​។​

​ជាក់ស្តែង ពលរដ្ឋ​នៅ​ទូទាំង​រដ្ឋ Connecticut ដែលមាន​ចំនួន​ប្រមាណ​៣​លាន​នាក់ ភាគច្រើន​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​សព្វថ្ងៃនេះ សភាតំណាងរាស្ត្រ​រដ្ឋ Connecticut ភាគច្រើន​គឺជា​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ នៅក្នុង​ចំណោម​សមាជិក​១៥១​រូប តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​៨៦​នាក់ ហើយ​តំណាងរាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​មាន​ចំនួន​៦៤​នាក់​ប៉ុណ្ណោះ​។​

​ជា​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ លោក រឿន វាសនា បាន​សង្កត់ធ្ងន់ថា លោក​គឺជា​បេក្ខជន​វ័យក្មេង​ម្នាក់ ដែលមាន​សមត្ថភាព មានគំនិត​ផ្តួចផ្តើម​ថ្មី និង​ការប្តេជ្ញាចិត្ត​ខ្ពស់​។​

«​បញ្ហា​ដែល​សភា​ភាគច្រើន​គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ គឺថា យើង​មិនអាច​បង្កើត​គំនិត​ថ្មីៗ​បានទេ​។ តែ​នេះ​គឺជា​អ្វីដែល​ខ្ញុំ​បានធ្វើ​តាមរយៈ​ការឃោសនា ដោយ​នាំមក​នូវ​សមាសភាព​ថ្មី និង​គំនិត​ថ្មី​»​។​

​ទាក់ទង​នឹង​គោលនយោបាយ លោក រឿន វាសនា បាន​ប្រាប់ VOA ថា លោក​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ ពន្ធដារ និង​វិស័យសេដ្ឋកិច្ច​។ លោក​បាន​បញ្ជាក់ថា ពលរដ្ឋ​នៅ​ទីក្រុង Danbury នៃ​សង្កាត់​លេខ​១០៩​នេះ ជួប​បញ្ហា​ខ្វះ​ថវិកា​សម្រាប់​ពង្រឹង​វិស័យ​អប់រំ ហើយ​ពន្ធ​កាន់តែ​ឡើងថ្លៃ​។ ក្រៅពីនេះ ឱកាស​ការងារ​ក្នុង​តំបន់​កាន់តែ​ខ្វះខាត ដោយសារតែ​ក្រុមហ៊ុន​ធំៗ​សម្រេចចិត្ត​ផ្លាស់​ទី​ចេញពី​រដ្ឋ Connecticut​។​

​លោក​បាន​ឲ្យ​ដឹងថា​៖ «​នៅពេលដែល​ខ្ញុំ​ធ្វើ​យុទ្ធនាការ ខ្ញុំ​បាន​និយាយថា ពលរដ្ឋ​គ្រប់គ្នា ទាំង​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ក្តី ត្រូវ​យកចិត្តទុកដាក់​លើ​ការចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​រដ្ឋ Connecticut នេះ​»​។​

​តាមរយៈ​ការឃោសនា​បេក្ខភាព​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​លេខ​១០៩​កន្លងមក លោក រឿន វាសនា យល់ថា ពលរដ្ឋ​ទូទៅ​នៅ​សង្កាត់​នេះ មិន​ថា​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​សាសន៍​ដទៃ​ទេ គឺ​ពួកគេ​រីករាយ​ដែល​ឃើញ​រូបលោក ដែលជា​ពលរដ្ឋ​ខ្មែរ​ដំបូង​គេ​បង្អស់​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​។​

«​មនុស្ស​ជាច្រើន​មាន​សុ​ទិ​ដ្ឋ​និយម​ចំពោះ​បេក្ខភាព​របស់ខ្ញុំ ហើយ​ពួកគេ​រីករាយ​ឃើញ​ខ្ញុំ ដែលជា​អតីត​ទាហាន និង​ជា​ពលរដ្ឋ​ខ្មែរ​ដំបូង​គេ​បង្អស់​ឈរឈ្មោះ​»​។​
​ថ្មីៗ​នេះ លោក រឿន វាសនា ទើបតែ​លាឈប់​ពី​ការងារ​មួយ​នៅ​ក្រសួង​ការងារ​ប្រចាំ​រដ្ឋ Connecticut ដែល​លោក​បាន​បម្រើ​ការងារ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​នៅ​ទីនោះ ដើម្បី​ធ្វើ​យុទ្ធនាការ​សម្រាប់​បេក្ខភាព​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​លេខ​១០៩​នេះ​។​

​ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៨ លោក រឿន វាសនា គឺជា​ទាហាន​ម្នាក់​បម្រើ​ក្នុង​ជួរ​កងទ័ព​អាមេរិក (Army National Guardman) ដែល​ត្រូវបាន​បញ្ជូនទៅ​ប្រចាំការ​នៅ​ប្រទេស​មាន​សង្គ្រាម​ដូចជា ប្រទេស​ប៊ូ​ស្នៀ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ Central Connecticut State University​។​

​ក្រៅពីនេះ លោក រឿន វាសនា គឺជា​សកម្មជន​ខ្មែរ​អាមេរិកាំង​ដ៏​សកម្ម​មួយរូប ដែល​យកចិត្តទុកដាក់​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ លោក​គឺជា​អនុប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិក (Cambodia-America Alliance) ហើយ​លោក​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ម្នាក់​នៃ​មូលនិធិ United Khmer Foundation ប្រចាំ​រដ្ឋ Connecticut​។​

​បេក្ខជន​ខ្មែរ​អាមេរិកាំង​រូបនេះ មាន​ស្រុកកំណើត​នៅ​ទី​រួម​ខេត្តបាត់ដំបង​។ លោក និង​ក្រុមគ្រួសារ​របស់លោក​បាន​រត់​ភៀសខ្លួន​មក​ជំរុំ​ជនភៀសខ្លួន​ខាវ​អ៊ី​ដាង​កាលពី​ឆ្នាំ​១៩៨១ ហើយ​បានទទួល​សិទ្ធិ​ជា​ជនភៀសខ្លួន​មក​រស់នៅ​ទីក្រុង Danbury រដ្ឋ Connecticut សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​១៩៨៣ ដែល​កាលនោះ​លោក​មាន​អាយុប្រមាណ​បី​ឆ្នាំ​ប៉ុណ្ណោះ​។​

​លោក រឿន វាសនា បាន​បញ្ជាក់ថា លោក​មាន​ស្មារតី​ខ្ពស់​ក្នុង​ការបម្រើ​សហគមន៍​។ លោក​ក៏បាន​បន្ថែមថា ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត​វិជ្ជមាន ឬ​អវិជ្ជមាន​ក្តី ក៏​លោក​នៅតែ​បន្ត​ធ្វើជា​សកម្មជន​ក្នុង​សហគមន៍​របស់លោក​ប​ន្ត​ទៀត​។​

«​យើង​មិនចាំបាច់​ក្លាយជា​មន្ត្រីរាជការ ដើម្បី​ធ្វើការ​ងារ​ដែល​នាំមក​នូវ​ការផ្លាស់ប្តូរ​គោលនយោបាយ​នោះទេ​។ កាលណា​យើង​ចេះ​សហការគ្នា ហើយ​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​ពី​អ្នកដទៃ នោះ​យើង​អាចធ្វើ​អ្វី​ក៏បាន​ដែរ​។ សកម្មជន​សហគមន៍​ក៏​អាច​ក្លាយជា​អ្នកមាន​ឥទ្ធិពល​ម្នាក់ ដូចគ្នា​នឹង​សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​សមាជិក​ព្រឹទ្ធសភា​ដែរ​»​។​

​ទោះជា​យ៉ាងណាក្តី លោក​សង្ឃឹមថានឹង​ឈ្នះ​ការបោះឆ្នោត​នេះ ហើយ​ក្លាយជា​តំណាងរាស្ត្រ​ម្នាក់ ដែលមាន​ដើមកំណើត​ជា​ខ្មែរ​ដំបូង​គេ​បង្អស់​នៅ​រដ្ឋ Connecticut នេះ​។​

​ជាមួយគ្នានេះ តាមរយៈ​ការ​ឈរឈ្មោះ​នេះ លោក រឿន វាសនា ក៏​សង្ឃឹមថានឹង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​សហគមន៍ ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​កាន់តែច្រើន ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com