អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ហ៊ី​ឡា​រី រួច​ផុតពី​រឿងអាស្រូវ​អ៊ី​ម៉ែ​ល ខណៈ​ការបោះឆ្នោត​ជិត​មកដល់​
07, Nov 2016 , 3:57 pm        
រូបភាព
 
​ចុងក្រោយ​រឿងអាស្រូវ​អ៊ី​ម៉ែ​ល​ដែល​រួបរឹត​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈានដល់​ទីបញ្ចប់​ហើយ ក្រោយ FBI ប្រកាស​ជាថ្មី​ថា គ្មាន​ការចោទប្រកាន់​លោកស្រី​ឡើយ​។ គណបក្ស​ប្រជាធិបតេយ្យ​ស្វាគមន៍​ការប្រកាស​នេះ ខណៈ​ក្រុម​លោក ដូ​ណា​ល់ ត្រាំ រិះគន់ FBI វិញ​។


​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រួចផុត​អស់ពី​រឿងអាស្រូវ​អ៊ី​ម៉ែ​ល​ដ៏​ចម្រូងចម្រាស​ហើយ​ក្រោយ​ពេលដែល​ប្រធាន​ស្ថាប័ន​ស៊ើបអង្កេត FBI  បាន​ផ្ញើលិខិត​ទៅកាន់​សភា​ដោយ​បញ្ជាក់ថា គ្មាន​​ការចោទប្រកាន់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ​។​ការប្រកាស​នេះ​ធ្វើឡើង​ប្រហែល ៣៦ ម៉ោង​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​មកដល់​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​ភ្នាក់ងា FBI លោក James Comey  ប្រកាស​បិទ​បញ្ចប់​សំណុំរឿង​អ៊ី​ម៉ែ​ល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដោយ​ផ្តល់​ការសន្និដ្ឋាន​ដូច សេចក្តីសន្និដ្ឋាន​កាលពី​ខែកក្កដា​។  លោក James Comey  បាន​ថ្លែងថា​៖ «​​យើង​ត្រួត​ពិនិត្យ​អ៊ី​ម៉ែ​ល​ទាំងអស់​ដែលផ្ញើ​មកពី​ឬ​ផ្ញើ​ទៅកាន់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងពេល​លោកស្រី​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​។ យោងតាម​ការស៊ើបអង្កេត​នេះ យើង​មិន​ផ្លាស់ប្តូរ​ការសន្និដ្ឋាន​ដែល​យើង​បានធ្វើ​កាលពី​ខែកក្កដា​ឡើយ»​។​
 
​ដូច្នេះ​មានន័យថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មិនមាន​ទោស​ពៃ ដោយ​ធ្វើ​ឲ្យ​រឿង​សម្ងាត់​អាមេរិក​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដោយសារ​លោកស្រី ប្រើ​អ៊ី​ម៉ែ​ល​ផ្ទាល់ខ្លួន​ដើម្បី​បំពេញការងារ​ជា​រដ្ឋមន្ត្រីការបរទេស​ឡើយ​។​
 
​ក្រោយ FBI ប្រកាស​បែបនេះ  ក្រុម​ឃោសនា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាស​ស្វាគមន៍ ហើយ ប្រធាន​ក្រុម​ឃោសនា​របស់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Jennifer Palmieri បង្ហាញ​ក្តី​រីករាយ​ដែល​គ្មានអ្វី​ប្រែប្រួល​ក្នុង​សំណុំ​រឿងនេះ​។​
 
​លោកស្រី​បាន​ថ្លែងថា​៖ «​យើង​រីករាយ​ណាស់​ដែល​សំណុំ​រឿងនេះ​ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​»​។​
 
​យ៉ាងណា​ក៏ដោយចុះ ក្រុម​ឃោសនា​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការប្រកាស​បិទ​សំណុំរឿង​ដោយ​គ្មាន​ការចោទប្រកាន់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ ហើយ​គេ​រិះគន់ថា ការស៊ើបអង្កេត​របស់​ភ្នាក់ងារ FBI មិនបាន​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​តាំងពីដើម​មកម្ល៉េះ​។ 
 
​សូមបញ្ជាក់ថា កាលពី​ខែ​មុន ស្រប​ពេលដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន កំពុង​កើនឡើង​ប្រជាប្រិយភាព​និង​ត្រៀមខ្លួន​យកជ័យ​ជម្នះ​លើ​លោក ដូ​ណា​ល់ ត្រាំ ផង  ស្រាប់តែ​លោក James Comey រកឃើញ​អ៊ី​ម៉ែ​ល​ថ្មី​ជា​របស់​ស្វាមី​ជំនួយការ​ផ្ទាល់​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន លោកស្រី Huma Abedin ។ ហើយ​ប្រធាន​ស្ថាប័ន​ស៊ើបអង្កេត​នេះ​ក៏​ផ្ញើលិខិត​ទៅ​បណ្តា​សមាជិកសភា ដោយ​អះអាងថា ខ្លួន​ត្រូវ​បើក​ការស៊ើបអង្កេត​ទៀត ព្រោះ​គេ​សង្ស័យថា អ៊ី​ម៉ែ​ល​ថ្មី​អាច​នឹង​ពាក់ព័ន្ធ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។​
 
​ការសើរើ​រឿងអាស្រូវ​នេះ​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​កំពុង​ប្រកៀក​ប្រកិត​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​ ស្រាប់នោះ​។ គណបក្ស​ប្រជាធិបតេយ្យ​ជាពិសេស​ក្រុម​ឃោសនា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហាក់​ព្រួយបារម្ភ​ពី​បញ្ហា​នេះ ប៉ុន្តែ​ពួកគេអះអាងថា សកម្មភាព​របស់ FBI ជា​រឿង​នយោបាយ​ច្រើនជាង​។ មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងយុត្តិធម៌​អាមេរិក​ក៏​ព្រមាន FBI ផងដែរ ដោយ​បញ្ជាក់ថា សកម្មភាព​របស់​ស្ថាប័ន​ស៊ើបអង្កេត​នេះ​បំពារបំពាន​ទំនៀមទម្លាប់​និង​គោលការណ៍​របស់​ក្រសួងយុត្តិធម៌​អាមេរិក​។​
 
 

Tag:
 ​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com