អន្តរជាតិ
ចិន បារម្ភ​ខ្លាំង​ពី​«​ភាពផុយស្រួយ​នៃ​សន្តិសុខ​ឧបទ្វីប​កូរ៉េ​» ខណៈ​អាមេរិក​-​កូរ៉េខាងត្បូង ជម្នះ​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​
07, Nov 2016 , 5:58 pm        
រូបភាព
ដោយ:
​ទោះបីជា​មានការ​ទិតៀន និង​ជំទាស់​ពី​បណ្តា​មហាអំណាច​ដូចជា​រុស្ស៊ី និង​ចិន​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​(THAAD) ក៏ដោយ អាមេរិក និង​កូរ៉េខាងត្បូង នៅតែ​បន្ត​មហិច្ឆតា​របស់​ពួកគេ​ក្នុង​ការសម្រេច​ឲ្យ​បាន​មូលដ្ឋាន​យោធា​ប្រឆាំងនឹង​សកម្មភាព​គឃ្លើន​របស់​កូរ៉េខាងជើង​ឲ្យ​បាន​។ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​ពី​ការសម្រេច​ចុងក្រោយ​របស់​ពួកគេ​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​រយៈពេល​មិន​ដល់​១​ឆ្នាំ​ទៀត​នោះទេ ដោយ​ថែមទាំង​អះអាងថា ឥទ្ធិពល​របស់​ប្រព័ន្ធ​ការពារ​នោះ ខ្លាំងក្លា​ជាង​ប្រព័ន្ធ​ការពារ​នៅ​កោះ Guam ទៅទៀត​។



​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង លោក Vincent Brooks នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា​កន្លងទៅ បាន​អះអាងថា អាមេរិក នឹង​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅក្នុង​រយៈពេល​៨​ទៅ​១០​ខែ​ទៀត​ប៉ុណ្ណោះ​។ លោក​មេបញ្ជាការ ក៏​បញ្ជាក់​ជាថ្មី​ដែរ​ថា ការសម្រេច​ដំឡើង​សព្វាវុធ​យុទ្ធសាស្ត្រ​នេះ​នៅក្នុង​ឧបទ្វីប​កូរ៉េ ដើម្បី​ប្រឆាំង​ទៅនឹង​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​ដែល​បាននិងកំពុង​តែ​បន្ត​បំពាន​បំរាម​សហគមន៍​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​កូរ៉េខាងត្បូង​។

​អ្វីដែល​គួរកត់សម្គាល់​នោះ តាម​ប្រភពព័ត៌មាន​ដដែល​នោះ មេបញ្ជាការ​កងទ័ព​រូ​ប​នោះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ផែនការ​នៃ​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD)​នោះ មាន​លក្ខណៈ​ធំ​ជាង និង​ឥទ្ធិពល​ខ្លាំងក្លា​ជា​ប្រព័ន្ធ​ការពារ​ដែលមាន​នៅក្នុង​មូលដ្ឋាន Guam ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​នោះ​។

​ចិន បន្ត​ប្រឆាំង​ការដំឡើង ដោយ​ចាត់ទុកថា​វា ជាការ​បំផ្លាញ​សន្តិសុខ​នៅក្នុង​ឧបទ្វីប​កូរ៉េ និង​ផលប្រយោជន៍​របស់ខ្លួន​ទៀតផង​
​ជុំវិញ​នៃ​ផែនការ​នោះ ចិន ក៏​មិនបាន​ទុក​យូរ​ដែរ ដោយ ក្រុង​ប៉េកាំង បាន​ចោទ​សកម្មភាព​នោះ ថា មិនបាន​ជួយ​ស្ថានភាព​ឲ្យ​ថមថយ​ឡើយ តែ​ជំរុញ​ឲ្យ​កាន់តែ​គ្រោះ​ថា្នក់​ទៅវិញ​នោះទេ​។ នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Hua Chunying បាន​ហៅ​ការដំឡើង THAAD នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ថា ជាការ​រំខាន និង​បំផ្លាញ​តុល្យភាព​យុទ្ធសាស្ត្រ​នៅក្នុង​តំបន់​។​

​អ្នកនាំពាក្យ​រូបនោះ ពន្យល់ថា ការដំឡើង THAAD បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង​ដល់​ផលប្រយោជន៍​យុទ្ធសាស្ត្រ និង​សន្តិសុខ​នៃ​ប្រទេស​ពាក់ព័ន្ធ​នៅក្នុង​តំបន់ ដែល​រាប់បញ្ចូល​ទាំង​ចិន និង​ចាត់ទុក​សកម្មភាព​នោះ​ថា បញ្ច្រាស​ទៅនឹង​កិច្ចប្រឹងប្រែង​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ ហើយ​ក្រុង​ប៉េកាំង ក៏បាន​ទទូច​ឲ្យ​បញ្ឈប់​សកម្មភាព​នោះ​ជាបន្ទាន់​ទៀតផង​។

​នា​សន្និសីទ​សារពត៌មាន​ដដែល​នោះ អ្នកនាំពាក្យ ពណ៌នា​ស្ថានភាព​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ ថា ផុយស្រួយ រសើប និង​ស្មុគស្មាញ ហើយ ក្រុង​ប៉េកាំង ក៏​សង្ឃឹម​ដែរ​ថា អាមេរិក និង​កូរ៉េខាងត្បូង អាចធ្វើ​កិច្ចការ​បន្ថែម​ចូលរួម​កសាង​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ឈប់​សកម្មភាព​អុចអាល​ឲ្យ​មាន​ជម្លោះ និង​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​នោះ​។

​ជុំវិញ​ការ​បង្ហើប​ពី​ផែនការ​ដំឡើង THAAD នេះដែរ គេ​មិនទាន់​ឃើញ​មាន​សេចក្តីថ្លែងការណ៍​ប្រតិ​ប​តិក​ម្ម​ពី​រុស្ស៊ី​នៅឡើយ​នោះទេ​។ តែ​កន្លងមក មិន​ខុសពី​ចិន​ឡើយ រុស្ស៊ី មិន​គាំទ្រ​ចំណាត់ការ​អាមេរិក និង​កូរ៉េខាងត្បូង ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រឆាំង​កូរ៉េខាងជើង​ឡើយ ដ្បិត បើ​អាមេរិក អាច​ដំឡើង​បាន​ដោយ​ជោគជ័យ​នោះ អាមេរិក នឹង​កាន់តែ​អាច​ពង្រឹង និង​ពង្រីក​អំណាច​យោធា​ខ្លួន​បាន​កាន់តែខ្លាំង​។ រុស្ស៊ី ធា្ល​ប់​ទាំង​ព្រមាន ថា នឹង​ពង្រាយ​កងទ័ព​ដើម្បី​តទល់​ជាមួយនឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នោះ​ទៀតផង​។

​កូរ៉េខាងជើង នៅ​ស្ងៀម​សិន តែ មាន​តម្រុយ​ថា អាច​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជាថ្មី​
​ងាក​មក​ចាប់អារម្មណ៍​កូរ៉េខាងជើង ដែល​អាមេរិក និង​កូរ៉េខាងត្បូង ចោទថា​ជា​មេ​អ្នក​បង្ករឿង និង​ជាដើម​ហេតុ​នៃ​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នោះ ក៏​មិនទាន់​ឃើញ​ប្រតិកម្ម​អ្វី​ខ្លាំងក្លា​ឡើយ​។ តែបើ​តាម​មន្ត្រី​អាមេរិក និង​កូរ៉េខាងត្បូង កូរ៉េខាងជើង អាច​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​គ្រប់ពេល​។ ជាពិសេស​នោះ បើតាម​សារព័ត៌មាន Fox News មន្ត្រី​ចារកម្ម​អាមេរិក បាន​ឲ្យ​ដឹងថា មាន​តម្រុយ​មួយចំនួន​បង្ហាញថា​កូរ៉េខាងជើង ត្រៀម​បាញ់​«​មី​ស៊ី​ល​អន្តរទ្វីប​»​នាពេលខាងមុខ​ថ្មីៗ​។

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​បច្ចេកទេស​យោធា ឧបទ្វីប​កូរ៉េ គឺ​ស្ថិតនៅក្នុង​ស្ថានភាព​សង្គ្រាម​នៅឡើយ​នោះទេ​។ កូរ៉េខាងជើង តែងតែ​បង្អួត​សមត្ថភាព​ការពារ​របស់ខ្លួន​តាម​រយៈ​ការបាញ់​សាកល្បង​គ្រាប់បែក និង​មី​ស៊ី​ល​។ កន្លងមក រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក ហាន មិន​គូ ក៏​ធា្ល​ប់​បាន​សារភាពថា​សមត្ថភាព​ស្វ័យការពារ​របស់​កូរ៉េខាងត្បូង​មិនអាច​តទល់​ជាមួយនឹង​អាវុធ​របស់​កូរ៉េខាងជើង​ឡើយ​។ ហើយ លោក បញ្ជាក់ថា មានតែ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក THAAD នោះទេ​ដែល​អាច​ទប់ទល់​បាន​។​

​សូម​រម្លឹក​ផងដែរ​ថា នៅ​ដើមឆ្នាំ​២០១៦​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ដើមឆ្នាំ​ឆ្នាំ​២០១៦​នេះ​។ ទោះបីជា​ទណ្ឌកម្ម​នោះ មើលឃើញថា ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​កូរ៉េខាងជើង ហាក់ដូចជា​មិនមាន​ថមថយ​សកម្មភាព​អ្វី​ឡើយ​៕


Tag:
 ​ចិន​
  អាមេរិក​
  កូរ៉េខាងត្បូង​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com