ជាតិ
ចិន​៖ សាកលវិទ្យាល័យ​Nanjing ជំរុញ​ឲ្យ​និស្សិត​ខ្មែរ​ដាក់​អាហារូបករណ៍​សិក្សា នៅ​ឆ្នាំ​២០១៧
08, Nov 2016 , 8:39 pm        
រូបភាព
​ចិន​៖ សាកលវិទ្យាល័យ​ណាន​ជីន (Nanjing) ជំរុញ​ឲ្យ​និស្សិត​ខ្មែរ​ដាក់​អាហារូបករណ៍​សិក្សា​នៅក្នុង​គ្រឹះស្ថាន​អប់រំ​របស់ខ្លួន​នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ​កាន់តែច្រើន​បន្ថែម ។​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​តែ ០៤ រូប​ប៉ុណ្ណោះ​កំពុង​សិក្សា​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ណាន ជី​ង​។



​ប្រធានការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ណាន​ជី​ង លោក Ji Dafu បាន​ឲ្យ​ដឹងថា និស្សិត​កម្ពុជា​ដែល​បាន​ជាប់​អាហារូបករណ៍​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ណាន ជី​ង នេះ​មាន​កម្រិត​នៅ​ទ្បើ​យ បើ​ធៀប​នឹង​និស្សិត​បរទេស​ជាង​៣​ពាន់​នាក់​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ លោក Dafu អំពាវនាវ​ឲ្យ​និស្សិត​ខ្មែរ ដាក់ពាក្យ​អាហារូបករណ៍ មក​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​ណាន​ជី​ង នេះ​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​ដោយ​មិន​កំណត់​ចំនួន​ឡើយ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​និស្សិត​កម្ពុជា​ទទួលបាន​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ ។​



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃទី​០៧ វិច្ចិកា ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ណាន ជី​ង ប្រចាំ​ប្រទេស​ចិន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មានការ​សោកស្តាយ​ដែលមាន​និស្សិត​កម្ពុជា​តិចតួច​នៅ​ទ្បើ​យ​ដែល​ទទួលបាន​អាហារ​រូបករណ៍​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ណាន​ជី​ង​។ ខ្ញុំ​ចង់​ហៅ​និស្សិត​កម្ពុជា​មក​សិក្សា​នៅទីនេះ​ឲ្យ​បាន​ច្រើន​។​តែ​ដោយសារតែ​មិនសូវមាន​អ្នក​ចុះឈ្មោះ ទើបបានជា​យើង​​ពិបាក​ផ្ដល់​អទិភាព​សម្រាប់​ពួកគេ​។ ខ្ញុំ​ឃើញថា​មូលហេតុ​ដែលមាន​និស្សិត​កម្ពុជា​មក​សិក្សា​នៅមានកម្រិត​នេះ​ទំនង​មកពី​ការផ្សព្វផ្សាយ​ព័ត៌មាន​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​នៅ​ណាន ជី​ង ក្នុងប្រទេស​កម្ពុជា​នៅមានកម្រិត​។ ព្រោះ​និស្សិត​បរទេស​មកពី​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​កូរ៉េ មក​សិក្សា​នៅទីនេះ​ច្រើន ដោយសារ​ព័ត៌មាន​គេ​បានទទួល​ព័ត៌មាន​ច្បាស់​ពី​យើង​»​។

​ជាមួយគ្នានេះ​អ្នកស្រី Wen Nainan មន្ត្រី​ជំនួយការ​ទំនាក់ទំនង​និង​ជំនាញ​អ្នកសារព័ត៌មាន​នៃ​សាកលវិទ្យាល័យ​ណាន ជី​ង នេះ​បាន​ឲ្យ​ដឹងថា សាកលវិទ្យាល័យ​នឹងមាន​គម្រោង​កម្មវិធី​«​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​តំបន់​អាស៊ី​» បន្ថែមទៀត​នៅ​ដើម​ឆ្នាំ​២០១៧​ខាងមុខនេះ ដើម្បី​ទទួល​និស្សិត​បរទេស​២០​នាក់​ដំបូង ពី​បណ្ដា​ប្រទេស​ពី​តំបន់​អាស៊ី សម្រាប់​ការសិក្សា​ពីរ​ឆ្នាំ ។ ដូច្នេះ​និស្សិត​កម្ពុជា​ដែលមាន​បំណង​សិក្សា​ជំនាញ​អ្នកសារព័ត៌មាន​នេះ អាចដាក់​ពាក្យ​មក​សិក្សា​នៅទីនេះ​បាន​។​«​គម្រោង​យើង​នឹង​ចាប់ផ្ដើម​ដំណើរការ​ចុះឈ្មោះ​នៅ​ថ្ងៃទី​១ ខែធ្នូ​ឆ្នាំ​២០១៦​។ ហើយ​យើង​សង្ឃឹមថា​នឹងមាន​និស្សិត​កម្ពុជា​ចុះឈ្មោះ​ចូលរៀន​ជំនាញ​អ្នកសារព័ត៌មាន​នេះ​។ ហើយ​មិន​ចាំ​បាច់​តែ​និស្សិត​កម្ពុជាទេ ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើការ​ពាក់ព័ន្ធ​ជំនាញ​នេះ​ក៏​អាច​ចុះឈ្មោះ​បានដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Wen Nainan ដែល​បាន​បន្ថែមថា និស្សិត​បរទេស​ដែល​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​ណាន ជី​ង នឹង​ទទួលបាន​ការផ្គត់ផ្គង់​ជា​ទឹកប្រាក់​សិក្សា​ក្នុង​កម្រិត​ទី​១ ចំនួន​២​ម៉ឺន​យ័ន ក្នុង​មួយឆ្នាំ​(​ជិត​៣​ពាន់​ដុល្លារ​) និង​កម្រិត​ទី​២ ចំនួន​១​ម៉ឺន​យ័ន​(​ជាង​១​ពាន់​ដុល្លារ​)​។



​បើតាម​លោកស្រី Wen Nainan សាកលវិទ្យាល័យ​នឹង​ជួយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ម្ដង​ក្នុង​មួយឆ្នាំ សម្រាប់​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​សិក្សា ហើយ​ចង់​ត្រឡប់​មកលេង​ស្រុកកំណើត​ខ្លួនផង​ដែរ​។​

​សូម​បញ្ជាក់ថា សាកលវិទ្យាល័យ​ណាន ជី​ង គឺជា​សាកល​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​ចិន ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩០២​។ សាកលវិទ្យាល័យ​ណាន ជីន ជាប់​ចំណាត់​ទី​៥ ដែលជា​សាកលវិទ្យាល័យ​មាន​ស្តង់ដារ​ល្អ ក្នុងចំណោម​សាកល​វិទ្យា​រាប់រយ​ក្នុងប្រទេស​ចិន​។ បច្ចុប្បន្ននេះ​មាន​និស្សិត​បរទេស​​ជាង ៣​ពាន់​នាក់​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ណាន ជី​ង ហើយ​ក្នុងចំណោម​និស្សិត​ជាង ៣​ពាន់​នាក់​នេះ​ពាក់កណ្តាល​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុងនោះមាន​និ​ស្សិតកម្ពុជា​ចំនួន ០៤​នាក់ ដែល​កំពុង​សិក្សា​សិក្សា​ទៅលើ​ជំនាញ​គ្រប់គ្រង ជំនាញ​ច្បាប់ និង​ជំនាញ​ពាណិជ្ជកម្ម​។ គិត​ចាប់តាំងពី​សាកលវិទ្យាល័យ​ណាន ជី​ង បើក​រហូតមក​ដល់ពេលនេះ គឺ​តែមាន​និស្សិត​ខ្មែរ​តែ​ចំនួន​៧​នាក់ប៉ុណ្ណោះ ដែល​បានដាក់​អាហារូបករណ៍​សិក្សានៅសាកលវិទ្យាល័យណាន ជីង​។ នេះ​បើតាម​លោក Ji Dafu ប្រធានការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ណាន​ជី​ង​៕

​សម្រាប់​និស្សិត​កម្ពុជា ដែល​ចាប់អារម្មណ៍​ព័ត៌មាន និង​ស្វែងរក​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​ណាន ជី​ង អាចមើលព័ត៌មាននិង​ចុះឈ្មោះ​តាមរយៈ​គេហទំព័រ​http://istudy.nju.edu.cn/


Tag:
 ចិន​
 ​ ខ្មែរ​
 ​ ណាន​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com