ពីនេះ ពីនោះ
យុវជន​៖ ប្រសិនបើ​មើលងាយ​«​គ្រូបង្រៀន​»​គឺ​ប្រៀប​បានជា​មនុស្ស​ស្អប់ខ្ពើម​ចំណេះដឹង
10, Nov 2016 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ គ្រូបង្រៀន​គឺជា​មុខរបរ​មួយ​ថ្លៃថ្នូរ ឧត្ដុ​ង​ឧត្ដម ហើយ​មានគុណ​ប្រយោជន៍​ចំពោះ​ជាតិ មាតុភូមិ ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ និង​ធ្វើ​ឲ្យ​សង្គម​រីករាយ​ជាមួយនឹង​ជន​ដែលមាន​ចំណេះដឹង​។ ប៉ុន្តែ​គ្រូបង្រៀន​មួយចំនួន ត្រូវបាន​យុវជន ដែលជា​សិស្ស​-​និស្សិត ស្អប់​ផងដែរ​។


​គ្រូបង្រៀន​គឺជា​វិស្វករ​នៃ​ព្រលឹង ដែល​បង្រៀន​មនុស្ស​គ្រប់​ជំនាន់​ឲ្យ​ចេះ​ប្រើប្រាស់​អត្ថិភាព ជីវិត​របស់ខ្លួន​ឲ្យ​មាន​ប្រយោជន៍​។ គ្រូបង្រៀន​គឺជា​បុព្វការី​ជន​, ជា​អ្នក​កសាង​សតិបញ្ញា​របស់​មនុស្សជាតិ​, ជា​អ្នកការពារ​និង​ដោះស្រាយ​បញ្ហា​ជាតិ តាមរយៈ​ការបង្កើត​ភ្នាក់ងារ​ការពារជាតិ​ដោយ​ចំណេះ និង​បញ្ញា​។ គ្រូបង្រៀន​គឺជា​អ្នក​ចិត្តបុណ្យ​ដ៏​ប្រសើរ ហើយ​ជា​អ្នក​ដែល​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ប្រយោជន៍​អ្នកដទៃ និង​ប្រទេសជាតិ​។ គ្រូបង្រៀន​គឺជា​អ្នកចង្អុល​បង្ហាញផ្លូវ​ដ៏​ភ្លឺស្វាង និង​រុងរឿង​, ជា​ឪពុកម្ដាយ​ទី​ពីរ របស់​សិស្សានុសិស្ស​គ្រប់រូប​, ជា​បុគ្គល​ដែល​គួរ​ឲ្យ​គោរព​, ជាឃ្លាំង​សតិបញ្ញា​សម្រាប់​ជាតិ​, ជា​អ្នក​កសាង​គ្រឹះ​បញ្ញា សន្តិភាព គុណធម៌ សីលធម៌ យុត្តិធម៌ និង​សេចក្ដី​ល្អ ជូន​មនុស្ស​ក្នុង​លោក​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្ដី គ្រូបង្រៀន​ក៏​ជា​ជនរងគ្រោះ ព្រោះតែ​ការបំពេញ​កាតព្វកិច្ចរ​បស់​ខ្លួន​។ កត្តា​នេះ​គឺ​នៅត្រង់ថា​មាន​សិស្ស​-​និស្សិត​មួយចំនួន តែងតែ​កើត​ចិត្ត​ស្អប់ និង​មើលងាយ​ទៅលើ​លោកគ្រូ អ្នកគ្រូ​របស់ខ្លួន នៅពេលដែល​ពួកគាត់​ព្យាយាម​ពន្យល់ ណែរ​នាំ ពួកគេ​ឲ្យ​ដើរ​លើ​មាគ៌ា​ដែល​សង្គម​ត្រូវការ​។ បន្ថែម​ពីនេះ សិស្ស​-​និស្សិត​មួយចំនួន ព្រោះតែ​ការបង្រៀន​របស់​គ្រូ​មិន​បានល្អ បង្រៀន​មុខវិជ្ជា​ដែល​ខ្លួន​មិន​ពេញចិត្ត ឬ​ការបង្រៀន​មិន​ដូច​អ្វីដែល​ខ្លួន​គិត បែរជា​កើត​ចិត្ត​ស្អប់ និង​មើលងាយ​ដល់​គ្រូ​របស់ខ្លួន​ផងដែរ​។ ចំណែក​សិស្ស​-​និស្សិត​មួយចំនួន ព្រោះតែ​ឃើញ​ជីវភាព​គ្រូបង្រៀន​មិនសូវ​ធូរធារ ក៏​កើត​ចិត្ត​មើលងាយ​គ្រូបង្រៀន​ខ្លួនឯង​។ ទោះបី​ជាការ​ស្អប់ ការមើល​ងាយ មិន​គោរព មិន​ស្ដាប់ គ្រូបង្រៀន គ្រូ​ពន្យល់ គឺ​ស្មើនឹង​ការ​ស្អប់​ចំណេះដឹង​ដូចគ្នា​។ 
 
​ផ្ទុយ​មកវិញ​សិស្ស​-​និស្សិត​ត្រូវ​ចាំ​ថា គ្រូបង្រៀន​ដ្បិតថា​ជា​អាជីព​មួយ​ដែល​ធ្វើការ​យកប្រាក់​ខែ​ពី​រាជការ ឬ​តាម​ស្ថាប័ន​នានា ហើយ​ចាំបាច់​ត្រូវតែ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដូចជា​អាជីព​ដទៃ ប៉ុន្តែ​តម្លៃ​របស់លោក​គឺ​នៅមាន​លក្ខណៈ​មួយបែប​ផ្សេង​ខុសពី​អាជីព​ដទៃ​។ ទោះជា​យ៉ាងណា ដើម្បី​ទទួលបាន​តម្លៃ​ដែល​បាន​រៀបរាប់​នេះ ល្គឹកណាតែ​គ្រូបង្រៀន​ខ្លួនឯង​ប្រឹងប្រែង​រៀបចំខ្លួន ឲ្យ​បាន​សាក​សមជា​មួយ​តម្លៃ​ដែល​គេ​បានកំណត់ នោះ​គឺ​កាន់តែ​មានតម្លៃ​។ ចំណែក​សិស្ស​-​និស្សិត​ដែល​តែងតែ​មើលងាយ​គ្រូ ត្រូវ​ស្វែងយល់​ឡើងវិញ ពី​ទង្វើរ និង​ការគិត​របស់ខ្លួន ព្រោះ​អំពើ​នោះ​ស្មើនឹង​ការមិន​ចង់​មាន​បញ្ញា មិន​ចង់​ចេះ មិន​ចង់ដឹង មិន​ចង់​ពង្រឹង​និង​ពង្រីក​សមត្ថភាព​របស់​ខ្លួន ដូច្នេះ​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com