អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ ត្រាំ ឈ្នះឆ្នោត លោក Duterte ប្រកាស​ឈប់​ឈ្លោះ​ជាមួយ​អាមេរិក​
10, Nov 2016 , 2:24 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​អបអរសាទរ​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី​៨ ខែវិច្ឆិកា ដោយបាន​ផ្ដួល​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ។ ប្រធានាធិបតី​ហ្វីលីពីន Duterte ក៏បាន​ប្រកាស​បំណង​ឈប់​រិះគន់​អាមេរិក ក៏ដូចជា​ប្រើពាក្យ​មិន​សមរម្យ​ដាក់​មេដឹកនាំ ដូចដែល​ធ្លាប់ធ្វើ​ដាក់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នាពេល​កន្លងមក​។



​ភ្លាមៗ​ក្រោយ​លទ្ធផល​បោះឆ្នោត​ប​ង្ហា​ញ​ថា បេក្ខជន​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ទទួល​ជ័យជម្នះ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នោះ បណ្ដា​មេដឹកនាំ​ពិភពលោក​ជាច្រើន នាំគ្នា​ផ្ញើ​សារ​អបអរ​ជា​បន្តបន្ទាប់​។ សូម្បីតែ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​ធ្លាប់តែ​រិះគន់​អាមេរិក​ឥត​សំចៃមាត់ ក៏​អបអរ​លោក ដូ​ណា​ល់ ត្រាំ ដែល​ទទួល​ជ័យជម្នះ​យ៉ាង​ភ្ញាក់ផ្អើល​នោះ​។

​ថ្លែង​ទៅកាន់​សហគមន៍​ហ្វីលីពីន​នៅ​ម៉ាឡេស៊ី ប្រធានាធិបតី Duterte និយាយថា លោក​សូម​អបអរ​លោក ដូ​ណា​ល់ ត្រាំ ដែល​ឈ្នះឆ្នោត​។ ហើយ​លោក​ក៏បាន​លើកឡើង​ពី​ចំណុច​ដូចគ្នា​រវាង​លោក និង​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ គឺមាន​ទំនោរ​ចូលចិត្ត​ប្រើពាក្យ​គ្រោតគ្រាត​ដូចគ្នា​សូម្បីតែ​រឿង​តូចតាច​ក៏ដោយ​។ ប៉ុន្តែ​ចាប់ពីពេលនេះ លោក Duterte និយាយថា លោក​ឈប់​ប្រើ​អាកប្បកិរិយា​បែប​នោះ​ទៀតហើយ ព្រោះ​លោក ត្រាំ ឈ្នះឆ្នោត​ហើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ប្រធានាធិបតី​ហ្វីលីពីន Duterte ត្រូវបាន​គេ​ចាត់ទុកជា​លោក ត្រាំ របស់​អាស៊ី ដ្បិត​ប្រធានាធិបតី​ទាំងពីរ​មាន​អាកប្បកិរិយា​ដូចគ្នា​ខ្លាំង​។ មិនតែប៉ុណ្ណោះ ទាំង​លោក Duterte និង​លោក ត្រាំ ត្រូវ​មើលឃើញថា ជា​បុគ្គល​ក្រៅ​ឆាកនយោបាយ​តាំងពីដើម​មក តែ​បែរជា​អាច​ទាក់ទាញ​ប្រជាប្រិយភាព​យ៉ាងច្រើន​ក្នុងការ​បោះឆ្នោត​ទៅវិញ​។​

​ចាប់តាំងពី​ឡើងកាន់​អំណាច​ក្នុង​ខែឧសភា លោក Duterte បាន​ផ្លាស់ប្ដូរ​គោលនយោបាយ​ការបរទេស​របស់​ហ្វីលីពីន ដោយ​ងាក​ចេញពី​ការពឹងផ្អែក​ខ្លាំង​លើ​អាមេរិក និង​ងាក​ទៅរក​ចិន និង​រុស្សី​។ ការរិះគន់​របស់​អាមេរិក​មកលើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​ហ្វីលីពីន រឹតតែ​ធ្វើ​ឲ្យ​លោក Duterte មិន​សប្បាយចិត្ត ហើយ​ថែមទាំង​ប្រើពាក្យ​មិន​សមរម្យ​ជា​ញឹកញយ​ដាក់​មេដឹកនាំ​អាមេរិក​ទៀតផង​។

​ជាមួយគ្នា ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន នា​រយៈពេល​ចុងក្រោយ​នេះ ក៏​មិនល្អ​ដូច​មុន​ដែរ​។ លោក Duterte ថែមទាំង​ចង់​រំលាយចោល​សន្ធិសញ្ញា​ការពារជាតិ​រួមគ្នា​ជាមួយ​អាមេរិក ដែល​អនុញ្ញាត​ឲ្យ​អាមេរិក​ពង្រាយ​កងទ័ព​នៅ​ហ្វីលីពីន​នោះ ដ្បិត​អាមេរិក​គំរាម​ផ្ដាច់ជំនួយ​ដល់​ហ្វីលីពីន បើ​ស្ថានភាព​សិទ្ធិមនុស្ស នៅតែ​បន្ត​ធ្លាក់ចុះ​ដោយសារ​ការសម្លាប់​មនុ​ស្ស​ក្រៅ​ប្រព័ន្ធតុលាការ នៅតែ​កើតឡើង​ដដែល​៕


Tag:
 អាមេរិក​
 ​ ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com