ពីនេះ ពីនោះ
បើ​ពលរដ្ឋ​នៅតែ​ជា​បុគ្គល​គ្មាន​វិន័យ ជាតិខ្មែរ​នៅតែ​ទន់ខ្សោយ​
11, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចង់​ឲ្យ​ជាតិ​មួយ​ខ្លាំង គឺត្រូវធ្វើ​រឿង​ច្រើនណាស់​ទើប​អាចជួយ​ជាតិ​ឲ្យ​ងើបឡើង​បាន​។ និយាយ​ម្យ៉ាងទៀត​គឺ គ្រប់​វិស័យ​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​សកម្ម ដើម្បីជំរុញដំណើរ​វិ​វ​ឌ្ឍ​ទៅមុខ​របស់​ជាតិ​។  ប៉ុន្តែ​ដើម្បី​ឲ្យ​កិច្ចការ​ទាំងនោះ​អាច​ដំណើរការ​ទៅបាន​គឺ ត្រូវការ​ជា​ចាំបាច់​ពលរដ្ឋ​មាន​វិន័យ មាន​សណ្ដាប់ធ្នាប់ ស្គាល់​ច្បាប់​ស្គាល់​ទម្លាប់​។​



​រហូតមក​ពេល​បច្ចុប្បន្ននេះ ប្រសិនបើ​ខ្មែរ​នៅតែ​បន្ត​មាន​អត្ត​ច​រិ​ក​មិនទាន់​ចេះ​គោរព​គ្នា ផ្ដល់​សិទ្ធិ​ឲ្យ​គ្នា អនុគ្រោះ​គ្នា យោគយល់​គ្នា អធ្យាស្រ័យ​គ្នា​នោះទេ ទោះ​ខ្មែរ​ស្រែកយំ​យ៉ាងណា​ក៏​មិន​អាចធ្វើ​ឲ្យ​ជាតិ​មួយ​នេះ​រឹងមាំ​បានឡើយ មូលហេតុ​គឺ​គិត​អត្តទត្ថ​និយម​។​

​ជាក់ស្ដែង​មិនចាំបាច់​មើល​អ្វី​ឆ្ងាយ​នោះទេ​គ្រាន់តែ​បញ្ហា​សំរាម ក៏​ខ្មែរ​មួយ​ភាគ​ធំ​មិនទាន់​ចេះ​បោះ​សំរាម​ចោល​ផង គឺ​មិន​សំខាន់​កន្លែង​អ្នកផ្សេង​ស្អាត​ ឬ​មិន​ស្អាត​ឡើយ ប៉ុន្តែ​សំខាន់​កន្លែង​ខ្លួនឯង​ស្អាត​។ បើ​និយាយ​ពី​បញ្ហា​ចរាច​រណ៍​វិញ គឺ​ពិបាក​រក​ពាក្យ​ថ្លែង​ជាទីបំផុត​។

​ដោយឡែក បើ​និយាយ​ពី​ច្បាប់​វិញ មនុស្ស​ស្ទើរ​គ្រប់គ្នា តែងតែ​ស្រែក​សុំ​ឲ្យ​រដ្ឋ​ពង្រឹង​នីតិរដ្ឋ អនុវត្តន​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​ពេល​មាន​បញ្ហា ​ម្នាក់ៗ​រៀបចំ​កញ្ចប់​ថវិកា​ស​ម្រា​ប់​សូកប៉ាន់​រួចជាស្រេច​។ តើ​នីតិរដ្ឋ​មាន​ដោយ​របៀប​ណា​?

​មន្ត្រី​រាជការ​ចង់បាន​ប្រាក់ខែ​ច្រើន គឺជា​រឿង​ល្អ ហើយក៏​មិនអាក្រក់​នោះទេ ប្រសិនបើ​មន្ត្រី​ទាំងនោះ​ព្យាយាម​បំពេញ​កិច្ចការ​បានល្អ​។ ប៉ុន្តែ​មន្ត្រីរាជការ​មួយចំនួន​ចង់បាន​ប្រាក់ខែ​ច្រើនតែ​មិន​ព្រម​ខំប្រឹង​ធ្វើការ​។ តើ​រដ្ឋ​ដាច់ចិត្ត​ចំណាយ​ថវិកា​ដែរឬទេ​?

​បើ​និយាយ​ក៏​រាប់មិនអស់​ថា​ខ្មែរ​នៅ​ខ្សោយ​អ្វី។ ប៉ុន្តែ​អត្ត​ច​រិ​ក​ទន់ខ្សោយ​នៃ​ជាតិ​សាសន៍​មួយ​នេះ​ត្រូវតែ​កែប្រែ​។ ប្រសិនបើ​ត្រូវតែ​កែប្រែ និស្សិត​បញ្ញវន្ត អ្នកនយោបាយ និង​អ្នកសារព័ត៌មាន អ្នកមានចំណេះដឹង​ច្បាស់លាស់ ត្រូវ​ជួយ​គ្នា​អប់រំ​ខ្មែរ បង្រួបបង្រួម​ទឹកចិត្ត​ខ្មែរ និង​ស្មារតី​ជាតិខ្មែរ ទើប​ជាតិ​យើង​ដើរ​ទៅមុខ​ប្រកប់ដោយ​តម្លៃពិត​។ ក្រៅពីនេះ ប្រជាជន​ខ្មែរ មួយចំនួន​ត្រូវ​ហ៊ាន​ទទួលស្គាល់ថា​ខ្លួនឯង​នៅមាន​ចំណុច​ខ្វះ​ខាត និង​ត្រូវតែ​កែប្រែ កុំ​តាំង​ខ្លួនឯង​ជា​មនុស្ស​ល្អ​គ្រប់​ដប់ ព្រោះ​វា​គ្មាន​តម្លៃ​ទេ នៅពេលដែល​ខ្លួនឯង​មិនកើត តែ​មិន​ព្រម​ទទួលស្គាល់​ការពិត​។

​បន្ថែម​ពីនេះ ក្រុម​បញ្ញវន្ត បណ្ឌិត អ្នកនយោបាយ អ្នកសារព័ត៌មាន ដែលមាន​គំនិត សូមកុំ​គិតតែ​ក្នុង​ខួរក្បាល ប៉ុន្តែ​ត្រូវធ្វើ​សកម្មភាព​ជួយ​សង្គម​ក្នុង​ផ្លូវត្រូវ​។ សូមកុំ​ធ្វើជា​អ្នកមាន​គំនិត​និយាយ​តែ​អត់​មាត់​។ ចំណែក​អ្នកមាន​មាត់​និយាយ ប្រឹង​ថ្លាថ្លែង​គ្រប់បែបយ៉ាង តែ​ជា​គំនិត​មិន​រីកចម្រើន ត្រូវ​បញ្ឈប់​ទៅ​ព្រោះ​រូបភាព​បែបនេះ​គ្មាន​លទ្ធផល​ល្អ​ជូន​ជាតិ​ឡើយ​។

​ប្រសិនបើ​ត្រូវ​និយាយ គឺ​សូមកុំ​និយាយ​តែ​ពាក្យ​បំបែកបំបាក់​ជាតិ ហែក​ជាតិ ជេរ​ជាតិ ប្រមាថ​ជាតិ កុំ​លាប​ពណ៌​គ្នា ដែល​ទង្វើ​ទាំងនេះ​មិនអាច​រក​ភាពថ្លៃថ្នូរ​ឲ្យ​សង្គម​បាន ឡើយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com