ពីនេះ ពីនោះ
គ្រូបង្រៀន​៖ តើ​ត្រូវប្រកានយក​អត្តចរិត​បែបណាខ្លះ​ចំពោះ​សិស្ស និង​តួនាទី​របស់ខ្លួន​?
12, Nov 2016 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ពេលដែល​បង្រៀន​នៅតាម​សាលា គ្រូបង្រៀន​ត្រូវ​សម្រេចចិត្ត​ភ្លាម ហើយ​ការសម្រេចចិត្ត​នេះ​មាន​ឥទ្ធិពល​ភ្លាមៗ និង​យូរអង្វែង​ទៅដល់​សកម្មភាព​សិស្ស ជីវិត​សិស្ស​ទៅ​ថ្ងៃ​អនាគត​។ ហើយ​គ្រូបង្រៀន​ត្រូវ​ដឹងថា​បញ្ហា​នេះ ជាការ​ទទួលខុសត្រូវ​ដ៏​សំខាន់​និង​ចាំបាច់​បំផុត​។ ថ្នាក់រៀន​ដែល​ល្អ វា​អាស្រ័យទៅលើ​សិល្បៈ​នៃ​ការបង្រៀន ដោយ​ផ្អែកលើ ការជ្រើសរើស​ខ្លឹមសារ វត្ថុបំណង​សម្ភារ​បង្រៀន និង​យុទ្ធវិធី​បង្រៀន​។ បន្ថែម​ពីនេះ​អត្តចរិត​គ្រូបង្រៀន​ក៏​ជា​ផ្នែក​មួយ​សំខាន់ ក្នុងការ​ជះឥទ្ធិពល​ទៅលើ​សិស្ស​។  ក្នុងនាម​ជា​គ្រូបង្រៀន​ត្រូវមាន​អត្តចរិត​មួយចំនួន​ដូចខាងក្រោម​៖


 
១/. ជា​អ្នក​ប្រាប់​សិស្ស​ថា​ធ្វើ​ខុស ប្រសើរ​ជាង​នៅ​ស្ងៀម​មិន​ព្រមធ្វើ​កិច្ចការ ឬ​លំ​ហាត់​
២/. ធ្វើជា​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​របស់​សាលា ជាជាង​ធ្វើជា​អ្នក​បន្ទោស និង​ជា​អ្នក​ចាប់កំហុស​
៣/. ជា​អ្នកធ្វើ​ឲ្យ​រាល់​ការទំនាក់ទំនង បានសម្រេច​លទ្ធផល​។ ជា​អ្នកចេះ​ជួយ​លើកទឹកចិត្ត​មនុស្ស​គ្រប់គ្នា និង​ច្រើន​ប្រើពាក្យ​សុំទោស ជាជាង​បង្ក​ឲ្យ​មាន​កំហុស 
៤/. ជា​អ្នកធ្វើ​ឲ្យ​ប្រាកដថា គោលនយោបាយ​របស់​សាលារៀន​ត្រូវបាន​សហ​ការណ៍​បង្កើត​ឡើង និង​ត្រូវ​ផ្សព្វផ្សាយ​យ៉ាងច្បាស់​លាស់​
៥/. ជា​អ្នកធ្វើ​ឲ្យ​ប្រាកដថា អ្នកដទៃ​បានទទួល​ស្គាល់​តាមរយៈ​សមិទ្ធិផល​របស់គេ​
៦/. ជា​អ្នកតាមដាន និង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​រាល់​អ​នុ​សាសន៍ ការណែនាំ​របស់​ថ្នាក់លើ ហើយ​ជានិច្ចកាល​ខ្លួន​មាន​កង្វល់ ឬ​មាន​ការមិន​ពេញចិត្ត​
៧/. ជា​អ្នកជំរុញ​លើកទឹកចិត្ត​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​វិជ្ជាជីវៈ​គ្រូបង្រៀន ជាមួយនឹង​ការផ្ដល់​ឱកាស​ឲ្យ​មាន​ទស្សនកិច្ច​សិក្សា ថ្នាក់​និទស្សន៍ សិក្ខាសាលា ឬ​ការលើក​គម្រោង​ស្រាវជ្រាវ ឬ​សាងសង់​
៨/. ជា​អ្នកមាន​ចក្ខុវិស័យ ទៅលើ​សាលា​ល្អ និង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ចក្ខុវិស័យ​នោះ ក្លាយជា​ការពិត ធ្វើ​ឲ្យ​សាលា​មានការ​ប្រែប្រួល រីកចម្រើន​
៩/. ជា​អ្នកធ្វើ​ឲ្យ​មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្ស សិស្ស​នុ​សិស្ស ក្នុងការ​សម្រេចចិត្ត​បង្កើត​គោលដៅ​អប់រំ​របស់​សាលា និង​ជា​អ្នក​ចំណាយពេល​រៀងរាល់ថ្ងៃ​ជាមួយ​សិស្ស​
១០/. ជា​អ្នកចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមាន​ក្នុង​សាលា និង​ប្រកាន់​គំនិត​យោគយល់​គ្នា គំនិត​ស្ថាបនា ចៀសវាង​ការ​រុក​គួ​ន ឬ​ញុះញង់ បំបែកបំបាក់ ប្រកាន់​បក្សពួក គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​ជ្រុល បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង ហើយ​ជា​ចុងក្រោយ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភារកិច្ច​ស្នូល​របស់​សាលារៀន ដែល​អាច​នាំ​ឲ្យ​គម្រោង​អភិវឌ្ឍន​សាលា​នានា​មិនអាច​សម្រេច​បានដែរ​។ 
​ជារួម​មក គ្រូបង្រៀន​ដែល​ទើប​ចេញ​ថ្មី ក៏ដូចជា​គ្រូបង្រៀន​ចាស់​ដែរនោះ ត្រូវ​ចាំ​ថា កត្តា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជា​កត្ដា​មិនអាច​ខ្វះ​បាន​។ ចំណុច​សំខាន់​មួយទៀត​គឺ​ត្រូវ​ចៀសវាង​រាល់​ការប្រឈមមុខ ដាក់គ្នា​ទោះជា​មាន​បញ្ហា​អ្វី​ក៏ដោយ គឺ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ រួច​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​សន្តិវិធី ដែល​អាច​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​៕
​ដកស្រង់​ពី​មេរៀន​សីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​, វិទ្យាស្ថាន​ជាតិ​អប់រំ​

© រក្សាសិទ្ធិដោយ thmeythmey.com