ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​តាម​ខេត្ត​ត្រៀម​មកលេង​បុណ្យអុំទូក ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​
12, Nov 2016 , 12:24 pm        
រូបភាព
​ភ្នំពេញ​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣-១៤-១៥ ខែ វិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខនេះ​។ ខណៈ​ចំណុះ​ទូក​គ្រប់​បណ្ដា​រាជធានី​-​ខេត្ត បានរៀបចំ​ទូក​សម្រាប់​ចួ​ល​រួមការ​ប្រណាំងទូក​នៅ​ភ្នំពេញ ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ក៏បាន​រៀបចំខ្លួន​មក​ទស្សនាការ​ប្រណាំងទូក ការតាំង​ពិ​ព័រ​ណ៌ និង​ការប្រគំ​តន្ត្រី​ផងដែរ​។ ថា​តើ​ប្រជាពលរដ្ឋ​ទាំងនោះ​ត្រៀម​អ្វីខ្លះ​សម្រាប់​ពិធីបុណ្យ​អុំទូក​?


 
​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​ប្រទេស​កម្ពុជា​ខកខាន​ការប្រណាំង​ទូក រយៈពេល ៤​ឆ្នាំ​មកហើយ ដោយសារ​តែមាន​បញ្ហា​ផ្សេងៗ​កើតឡើង​នៅ​រយៈពេល​ចុងក្រោយ​នេះ​។ សម្រាប់​ឆ្នាំនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​អំពី​ការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក​ឡើងវិញ​។ ចំណែក​ចំណុះ​ទូក ក៏បាន​ត្រៀម​ទូក តាម​ការប្រកាស និង​ត្រៀម​ចំណុះ​ទូក​សម្រាប់​ការប្រណាំង​ផងដែរ​។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ក៏បាន​ត្រៀមខ្លួន ដើម្បី​ចូលរួម​ទស្សនាការ​ប្រណាំងទូក​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​
 
​អ្នកស្រី ភឹម សំណាង ជា​អ្នករស់នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ  បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកស្រី​នឹង​នាំ​គ្រួសារ​មកលេង​បុណ្យអុំទូក​នេះ​។ អាជីវករ លក់​តុ ទូ រូបនេះ ថែមទាំង​បាន​ត្រៀម​ថវិកា​រួចហើយ សម្រាប់​មក​កម្សាន្ត រយៈពេល​៣​ថ្ងៃនេះ​។  អ្នកស្រី សំណាង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​គេ​ផ្សាយ​ថា ឆ្នាំ​ហ្នឹង​អុំទូក​។ រាល់ដង​មាន​គេ​ប្រគំ​តន្ត្រី​ច្រើន​កន្លែង​ណា៎ ហើយ​គេ​តាំង​ពិ​ព័រ​ណ៌​អ៊ីចឹង ចង់ទៅ​លេង ខាន​ដើរលេង ៣ ៤​ឆ្នាំ​ហើយ​»​។ អ្នកស្រី សំណាង អះអាងថា លោកស្រី នឹង​ទៅ​មើល​ការប្រណាំង​ទូកង នៅមុខ​ព្រះបរមរាជវាំង​ដោយផ្ទាល់​ផងដែរ​។​
 
​ដូចគ្នា​ដែរ អ្នកស្រី អៀម បាន រស់នៅ​ខេត្តបាត់ដំបង ក៏​មកលេង​បុណ្យអុំទូក​នៅ​ឆ្នាំ​នេះដែរ​។ ទោះជា​នៅ​បាត់ដំបង ក៏មាន​ការប្រណាំង​ទូក​ដែរ​ក៏ដោយ ប៉ុន្តែ​អ្នកស្រី អៀម បាន បញ្ជាក់ថា គាត់​ចង់ទៅ​មើល​ការប្រណាំង​ទូក​នៅ​ភ្នំពេញ​ជាង ព្រោះ​មាន​ទូក​និង​មនុស្សម្នា​ច្រើន​។ អ្នក​ខេត្តបាត់ដំបង​រូបនេះ ដែល​អះអាងថា ខ្លួន​មិនដែល​ខកខាន មកលេង​បុណ្យអុំទូក​នោះឡើយ លើកលែងតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​រដ្ឋាភិបាល​ផ្អាក​បុណ្យអុំទូក​។ «​មក​ភ្នំពេញ​ពេល​បុណ្យអុំទូក​ម្ដងៗ អ៊ំ​បាន​ដើរលេង​ច្រើន​។ ពេល​រសៀល​ទៅ​មើល​អុំទូក ពេល​ល្ងាច​មើល​តាំងពិព័រណ៍ និង​ពេលយប់​កាំជ្រួច និង​ការប្រគំ​តន្ត្រី​»​។ នេះ​ជាការ​រៀបរាប់​ពី​គម្រោង​របស់​អ្នកស្រី អៀម បាន នៅ​ក្នុងឱកាស​បុណ្យអុំទូក​នេះ​។ 
 
«​បុណ្យអុំទូក​នេះ ប្រហែលជា​សប្បាយ ព្រោះ​ខាន​ប៉ុន្មាន​ឆ្នាំ​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់ អ្នកស្រី ណា​រី ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយរូប​។ ជា​អ្នក​ខេត្តតាកែវ អ្នកស្រី ណា​រី បាន​ប្រាប់​ពី​គម្រោង​របស់ខ្លួន​នៅក្នុង​ថ្ងៃបុណ្យ​អុំទូក​ថា នឹង​ឆ្លៀត​ដើរ​ផ្សារ​ទំនើប​អ៊ី​អន​ផងដែរ ក្រៅពី​មើល​ការប្រណាំង​ទូក ការប្រគំ​តន្ត្រី និង​ការតាំង        ពិព័រណ៍​ផ្សេងៗ​នោះ​។ បើតាម អ្នកស្រី ណា​រី អ្នកភូមិ​របស់គាត់​ជាច្រើន​ទៀត ក៏​អះអាងថា នឹង​មកលេង​បុណ្យអុំទូក នៅ​ឆ្នាំ​នេះដែរ​។ 
 
​នៅក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក មាន​ទូក​ដែល​ចូលរួម​ប្រណាំង​ចំនួន ២៥៦  និង​មាន​ចំណុះ​ទូក​ចំនួន​ជាង ១​ម៉ឺន​៦​ពាន់​នាក់​។ សម្រាប់​ការប្រគំ​តន្ត្រី​មាននៅ​ទីតាំង​ដូចជា កោះ​ពេជ្រ សួនច្បារ​វត្ត​បុ​ទុម​វ​ត្តី រមណីយដ្ឋាន​វត្តភ្នំ ទីលាន​ប្រជាធិបតេយ្យ និង​លាន​នៃ​មណ្ឌល​ជា​កន្លែង​ស្នាក់នៅ​របស់​ចំណុះ​ទូក​ជាដើម​៕
 

Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com