អន្តរជាតិ
ខ្មែរ​អាមេរិកាំង​ខ្លះ​តក់ស្លុត តែ​ខ្លះទៀត​មិន​តក់ស្លុត​នឹង​ការ​ឈ្នះឆ្នោត​របស់លោក ត្រាំ ទេ​
18, Nov 2016 , 7:39 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ បានឈ្នះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​មក ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយចំនួន ព្រួយបារម្ភ​ពី​សហគមន៍​របស់ខ្លួន តែ​ខ្លះទៀត​យល់ថា គោលនយោបាយ​លោក ត្រាំ នឹងមិន​ប៉ះពាល់​ដល់​សហគមន៍​ខ្លួន​ទេ​។​


​នៅ​ម៉ោង​ជិត​៣​ទាបភ្លឺ ថ្ងៃទី​៩ ខែវិច្ឆិកា​កន្លងទៅ ពលរដ្ឋ​អាមេរិកាំង​បានទទួល​ដំណឹង​នៃ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដោយ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ទទួល​ជ័យជម្នះ ហើយ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បរាជ័យ​។​

​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​បានធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ខ្លះ​ភ្ញាក់ផ្អើល និង​តក់ស្លុត ដោយសារតែ​គោលនយោបាយរ​ស៊ើប​មួយចំនួន​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​។​

​លោក លាង ស៊ីដនី គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ រស់នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត បាន​ប្រាប់ VOA ថា លោក​តក់ស្លុត​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំនេះ​។​

«​ខ្ញុំ​ក៏​ដូច​គេ​ដទៃទៀត​ដែរ គឺមាន​ភាព​ភ្ញាក់ផ្អើល​បន្តិច ព្រោះថា តាមមើល​ស្ថិតិ និង​ការស្ទង់មតិ​ផ្សេងៗ ឃើញថា​អ្នកស្រី គ្លី​ន​តុ​ន នឹង​ឈ្នះ​»​។​

​ក្នុងកំឡុងពេល​ឃោសនាបោះឆ្នោត លោក ដូ​ណា​ល់ ត្រាំ បាន​ប្តេជ្ញា​រឹតបន្តឹង​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដោយ​សន្យាថា​នឹង​ប​ញ្ចូ​ន​ជន​ដែល​រស់នៅ​ខុសច្បាប់​នៅ​សហរដ្ឋអាមេរិក​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។ ក្រៅពីនេះ លោក ត្រាំ គឺជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់​ដែលមាន​ភាពចម្រូងចម្រាស​ច្រើន ដោយសារតែ​ការប្រើប្រាស់​ភាសា​អសីលធម៌ ការរើសអើង​លើ​ជនជាតិភាគតិច ដូចជា​ពលរដ្ឋ​ដែល​កាន់សាសនា​អ៊ីស្លាម និង​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ជាដើម និង​ការមិន​គោរព​សិទ្ធិ​ស្ត្រី​ផងដែរ​។​

​លោក លាង ស៊ីដនី បាន​បន្ថែមថា ស្ថានភាព​នៅក្នុង​សហគមន៍​លោក ក្រោយ​លោក ត្រាំ ឈ្នះឆ្នោត គឺថា ពលរដ្ឋ​មួយ​ភាគ​ធំ ដែលមាន​ឪពុកម្តាយ​ជា​ជនអន្តោប្រវេសន៍​ពោរពេញ​ដោយ​ភាពភ័យខ្លាច​។​

«​ដល់ពេល​ព្រលឹម​ឡើង​ឃើញ​អីចឹង ក្មេងៗ​ម្នាក់ៗ​គ្នា​ភ័យ គ្នា​ភ័យខ្លាច​ថា ដូ​ណា​ល់ ត្រាំ ធ្វើបាប ហើយ​ខ្លាច ដូ​ណា​ល់ ត្រាំ ធ្វើ​នេះ ធ្វើ​នោះ​។ ដូច្នេះ វា​ធ្វើ​ឲ្យ​សង្គម​វា​ច្របូកច្របល់​គួរសម​។​»​។​

​លោក​បាន​បន្ថែមទៀតថា នៅក្នុង​រដ្ឋ​ដែល​លោក​រស់នៅ ប្រជាពលរដ្ឋ​ភាគច្រើន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និង​លោកស្រី គ្លី​ន​តុ​ន ដែលជា​ស្ត្រី​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​សហរដ្ឋអាមេរិក ដែល​ត្រូវបានតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​។​

​ដូច្នេះ លទ្ធផល​នៃ​ការ​ចាញ់ឆ្នោត​របស់លោក​ស្រី គ្លី​ន​តុ​ន បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន ជាពិសេស​ស្ត្រី​វ័យចាស់ៗ​ខកចិត្ត​។​

«​សូម្បីតែ​ម្តាយ​មិត្តភក្តិ​ខ្ញុំ ដែលមាន​ជំងឺ ក៏​ទៅ​តម្រង់​ជួរ​បោះឆ្នោត​ដែរ ព្រោះថា​ពួកគាត់​ចង់ឃើញ​ស្ត្រី​មួយរូប​ក្លាយជា​ប្រធានាធិបតី​។ ហើយ​ឥឡូវ​បែរជា​ខកចិត្ត ហើយ​ពួកគាត់​ក៏​មិនដឹង​មានគំនិត​យ៉ាងដូចម្តេច​ដែរ ហាក់បីដូចជា​ភាំង​មួយសន្ទុះ​ទៅ ដូច​គេ​ដូច​ឯង​ដែរ​»​។​

​រីឯ​នៅ​រដ្ឋ​អ៊ី​ល្លីណ​យ​វិញ លោក លឿង សុ​ភ័​ណ្ឌ ដែលជា​ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​អ៊ី​ល្លីណ​យ និង​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​មួយរូប បាន​ប្រាប់ VOA ថា លោក​ខក​ចិត្តនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​នេះ​។​

«​មិន​កួរ​កើតឡើង​រឿង​ហ្នឹង ព្រោះ​លោក ដូ​ណា​ល់ ត្រាំ មិនមែនជា​អ្នកនយោបាយ ហើយ​សម្តី​ដែល​គាត់​និយាយ​មាន​ភាព​អសុរ​ស​ច្រើន​។ ខកចិត្ត ខ្ញុំ​ខកចិត្ត​ដែរ ព្រោះ​ខ្ញុំ​មិនបាន​បោះឆ្នោត​ឲ្យ​គាត់​ទេ​»​។​

​យោងតាម​ការសាកសួរ​ជាមួយនឹង​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​នៅ​រដ្ឋ​នេះ លោក​ក៏បាន​បន្ថែមថា ពលរដ្ឋ​ខ្លះ​ភ័យព្រួយ​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​របស់លោក ត្រាំ ដូចគ្នា​នឹង​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត​ដែរ​។​

«​ភាគច្រើន​អ្នក​ដែល​មក​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់ គឺ​ត្រូវតែមាន​ការភ័យព្រួយ​យ៉ាងខ្លាំង ដោយសារ​សម្តី និង​អ្វីដែល​គាត់​បាន​និយាយ​ឃោសនា​ពីមុនមក វា​ធ្វើ​ឲ្យ​យើង​ភ័យព្រួយ​»​។​
​លោក សុ​ភ័​ណ្ឌ ក៏បាន​សង្កត់ធ្ងន់ថា ការ​ឈ្នះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ត្រូវបាន​ចាត់ទុកថា ជា​បុគ្គល​មិនសូវ​យកចិត្តទុកដាក់​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​របស់​បណ្តា​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​បាន​បង្ក​ជា​ក្តីបារម្ភ​មួយទៀត​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​កម្ពុជា​ជាដើម​។​

​លោក​យល់ថា​៖ «​គាត់​មិនសូវ​ជា​យកចិត្តទុកដាក់​នឹង​រឿង​សិទ្ធិមនុស្ស សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ទេ​។ ដូច្នេះ ខ្ញុំ​មានការ​ព្រួយបារម្ភ​ផងដែរ ដូច​ថា ប្រទេស​ដែល​អាចជួយ​ខ្មែរ​បាន គឺ​ប្រទេស​អាមេរិក​នេះហើយ​ដែលជា​ប្រទេស​មហាអំណាច​ដ៏​ធំ​។ ដូច្នេះ បើ​ប្រទេស​មហាអំណាច​មិន​យកចិត្តទុកដាក់​រឿង​សេរីភាព សិទ្ធិមនុស្ស​ទេ វា​អាចធ្វើ​ឲ្យ​ប្រទេស​យើង​ហ្នឹង​កាន់តែ​ធ្លាក់ចុះ ក្រោម​ការដឹកនាំ​របស់​លោក​ហ៊ុន សែន​»​។​

​ក៏ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​ខ្លះ​មិន​តក់ស្លុត​ទេ ហើយ​បានចាត់ទុក​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ ដោយសារ​លោក ដូ​ណា​ល់ ត្រាំ ដែល​មិនដែល​មានបទពិសោធន៍​ខាង​វិស័យ​នយោបាយ និង​ជា​សេដ្ឋី​អចលនទ្រព្យ​មួយរូប​ឈ្នះឆ្នោត​។​

​លោក សេក កុសល ដែលជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​សកម្ម​ក្នុងសង្គម និង​សហគមន៍​ខ្មែរ បាន​ប្រាប់ VOA ថា លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជា​ធានា​ធិបតី​ឆ្នាំនេះ​គឺជា​សារ​ថ្មី​មួយ​ដល់​ជួរ​ដឹកនាំ​រដ្ឋាភិបាល​អាមេរិក​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​កាន់អំណាច​រយៈពេល​៨​ឆ្នាំ​កន្លងទៅនេះ​។​

«​យប់មិញ​នេះ ជា​សារ​មួយ​ដែល​បងប្អូន​នៅ​សហរដ្ឋអាមេរិក​ទាំងអស់​គ្នា បាន​ផ្ញើ​ឲ្យ​តំណាងរាស្ត្រ​ទាំងអស់ គាត់​មិន​សប្បាយចិត្ត និង​រីករាយ​អំពី​ស្ថាប័ន​ដែល​បាន​បម្រើ​ប្រជាពលរដ្ឋនៅក្នុង​រយៈពេល​៨​ឆ្នាំ​មុននេះ​។ អីចឹង​គាត់​កែប្រែ គាត់​ដូ​រ‍​»​។​

​លោក កុសល បាន​កត់សម្គាល់ថា ការបោះឆ្នោត​របស់​ពល​រដ្ឋ​អាមេរិកាំង​នៅ​រដ្ឋ​មី​ណី​សូ​តា​នេះ​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ ជាង​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​មុនៗ​។​

«​គាត់​បោះឆ្នោត​ប្រឆាំងនឹង​អ្នក​ដែល​គាត់​មិន​ពេញចិត្ត​។ គាត់​មិនមែន​បោះឆ្នោត​ដើម្បី​ការគាំទ្រ​គណបក្ស​ណា​ដូច​ពីមុន​ទេ​។ នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នេះ ដូច​ចង់​លើស​១៥០​ឆ្នាំ​ហើយ មិនដែល​ដូច​យប់មិញ​»​។​

​ក្នុងអំឡុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយចំនួន​នៅ​រដ្ឋ​មី​ណី​សូ​តា​នេះ​បាន​ប្រឈម​នឹង​ការបញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយសារ​អំពើ​ប្រព្រឹត្ត​ខុសច្បាប់​របស់​ពួកគេ​។ ទោះជា​យ៉ាងណាក្តី លោក កុសល យល់ថា ការ​ឈ្នះឆ្នោត​របស់លោក ត្រាំ និង​គោលនយោបាយ​អន្តោប្រវេសន៍​របស់លោក ត្រាំ នឹងមិន​ប៉ះពាល់​ដល់​សហគមន៍រ​បស់​លោក​ណាស់ណា​ទេ​។​

«​បងប្អូន​ខ្មែរ​ខ្លះ​ដែល​ត្រូវគេ​បញ្ជូនទៅ​គេ គឺ​គាត់​មក​រស់នៅ​ទីនេះ​ដោយ​ស្របច្បាប់​។ អីចឹង ខ្ញុំ​ក៏​ជឿថា យើង​គួរតែ​យក​ច្បាប់​មក​អនុវត្ត ក្នុងការ​កាត់ក្តី​ពួកគាត់​ដែរ​។ អីចឹង ខ្ញុំ​មិនមាន​ការព្រួយបារម្ភ​អ្វី​ទេ សម្រាប់​កាលៈទេសៈ​នេះ​»​។​

​ក្រោយពេល​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​លោក ដូ​ណា​ល់ ត្រាំ បានឈ្នះ​ឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥​មក ទាំង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី គ្លី​ន​តុ​ន ដែលជា​បេក្ខជន​ចាញ់ឆ្នោត បាន​ទូរស័ព្ទ​ទៅ​អបអរសាទរ​លោក ត្រាំ​។​

​ទង្វើ​បែបនេះ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ ដូចជា​លោក លាង ស៊ីដនី យល់ថា​ជាការ​ផ្សះផ្សារ​ជាតិ និង​ការ​សាមគ្គី​គ្នា​មួយ​ដ៏​ល្អ បើទោះបីជា​អ្នក​ទាំងអស់នេះ​មិន​យល់​ស្របគ្នា​លើ​បញ្ហា​ប្រទេសជាតិ​ជាច្រើន​។​

​លោក លាង ស៊ីដនី បាន​ឲ្យ​ដឹងថា​៖ «​គេ call ទៅ ហើយ​ធ្វើការ​កោតសរសើរ លើកតម្កើង​អីចឹង​ទៅ​។ អាហ្នឹង​គឺ​គេ​បញ្ចប់ និង​ជូនពរ​ប៉ុ​ណ្នឹ​ង​ឯង​។ គេ​មិន​នៅ​ដូច​ថា ប្រកាន់​គ្នា ឬមួយ​ក៏​ប្រឆាំង​គ្នា គេ​រួមដៃគ្នា​»​។​

​លោក ដូ​ណា​ល់ ត្រាំ ដែលជា​ប្រធានាធិបតី​ជាប់ឆ្នោត នឹង​ចូល​ស្បថ​ទទួលយក​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥​ជា​ផ្លូវការ​នៅ​ខែមករា ឆ្នាំ​២០១៧​ខាងមុខនេះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com