ជាតិ
សេដ្ឋកិច្ច
សភា​អនុម័ត​ច្បាប់​ថវិកាជាតិ​សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០១៧
22, Nov 2016 , 6:57 pm        
រូបភាព
ភ្នំពេញ​៖ រដ្ឋសភា បានសម្រេច​អនុម័ត​ថវិកាជាតិ​ចំនួន​២០,១៨៤,៤៥៧​លាន​រៀល ស្មើ​ជាង ៥​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​វិស័យ​នានា ក្នុង​ឆ្នាំ​២០១៧។ ការអនុម័ត​ច្បាប់​នេះ ធ្វើឡើង ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ពេញ​មួយ​ថ្ងៃទី ២២ ខែវិច្ឆិកា​នេះ​។



ថវិកាជាតិ​សរុប​ជាង​៥​ពាន់​លាន​ដុល្លារ ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល ត្រូវបាន​រដ្ឋសភា អនុម័ត សម្រាប់​ការចាយវាយ​ក្នុង​ឆ្នាំ​២០១៧ ។ រដ្ឋាភិបាល ក៏​គ្រោង​នឹង​ប្រមូល​ចំណូល​ឲ្យ​ស្មើនឹង​ចំណាយ​ផងដែរ ពោលគឺ​ប្រមូល​ឲ្យ​បាន​ទឹកប្រាក់​ប្រមាណ ៥ ពាន់​លានដុ​លា្ល​រ​។

ការអនុម័ត​នេះ ធ្វើឡើង​ដោយ​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប​ប៉ុណ្ណោះ ខណៈ តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៣៩​រូប ដែល​ចូលរួម​ប្រជុំ​ផង​នោះ មិនបាន​លើកដៃ​អនុម័ត​ឡើយ។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ រដ្ឋសភា បាន​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៧ នីតិកាល​ទី​៥ ដោយមាន​ការចូលរួម​ពិភាក្សា​ពី​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​។ របៀបវារៈ​មួយចំនួន មានដូចជា សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ ជាដើម ត្រូវ​បា​លើក​ទៅ​ពិភាក្សាគ្នា ក្នុង​រដ្ឋសភា​។

យោងតាម​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ ទឹកប្រាក់​ខាងលើ នឹងត្រូវ​បែងចែក​ទៅលើ​ចំណាយ​ចរន្ត និង​ចំណាយ​មូលធន​។ រីឯ​ប្រភព​ចំណូល គឺ​ពឹង​ផ្អែកលើ ចំណូល​ចរន្ត និង​ចំណូល​មូលធន​។

ចំណាយ​ចរន្ត គឺជា​មូលនិធិ​ទាំងឡាយណា ដែល​ប្រើ​ដើម្បី​រក្សា​​សេវាកម្ម​សាធារណៈ​ ឲ្យដំណើរការ​ជា​រៀងរាល់ថ្ងៃ​។ ចំណាយ​នេះ រួមមាន​ប្រាក់​បៀវត្ស​រ៍របស់​មន្ត្រីរាជការ ទំនិញ​ដែល​ចាំបាច់​សម្រាប់​ផ្ត​ត់​ផ្គង់​សេវាកម្មសាធារណៈ ដូចជា​ថ្នាំពេទ្យ និង​សៀវភៅ​សិក្សា​ជាដើម​។ លើសពីនេះ ការចំណាយ លើ​ផ្នែក​ដទៃទៀត ដូចជា​សង្គមកិច្ច ​សេដ្ឋកិច្ច ការទូទាត់​បង់​ការប្រាក់ និងការ​ចំណាយ​ដោយមិនមាន​ការគ្រោងទុក​ជាដើម ក៏ត្រូវបានចាត់ទុកថា ជាចំណាយចរន្តផងដែរ​។ នេះ​បើ​ផ្អែកលើ សៀវភៅ​ណែនាំ​អំពី​ថវិកាជាតិ ដែល​ផលិត​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា ក្នុង​ឆ្នាំ​២០០៧ ។

បើតាម​ខ្លឹមសារ​ក្នុង​សៀវភៅ​ខាងលើ​ដដែល ចំណាយ​មូលធន រួមមាន វិនិយោគ​សម្រាប់​អត្ថប្រយោជន៍​អនាគត ការធ្វើ​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ មូលនិធិ​ភាពជា​ដៃគូ និង​ការសង​រំលស់​បំណុល​។ ការចំណាយ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដូចជា​ផ្លូវថ្នល់ ស្ពាន បណ្តាញ​ខ្សែ​អគ្គិសនី និង​ទូ​រគ​មនាគ​មន៍ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជា​ចំណាយ​មូលធន​។ 

សៀវភៅនេះ ពន្យល់ទៀតថា ចំណូល​ចរន្ត គឺ​សំដៅលើ​ចំណូល​ពន្ធ និង​ចំណូល​មិនមែន​ពន្ធ​។ ចំណូល​ពន្ធ​នានា ដែល​ទទួលបាន​ពី​ការយកពន្ធ​លើ​ទំនិញ សេវាកម្ម និង​ពាណិជ្ជកម្ម មានដូចជា​ពន្ធ​លើ​ប្រាប់​ចំណូល​ផ្ទាល់​ខ្លួន ពន្ធលើប្រាក់ចំណេញ ពន្ធអាករ​លើ​កាស៊ីណូ ពន្ធ​លើ​អចលន​ទ្រព្យ និង​ពន្ធគយ​ជាដើម​។ ចំណូល​មិនមែន​ពន្ធ មានដូចជា ចំណូល​ពី​ការជួល និង​ការលក់​អចលនទ្រព្យ​សាធារណៈ សហគ្រាស​សាធារណៈ សម្បទាន​រ៉ែ ថ្លៃ​លិខិតឆ្លងដែន ថ្លៃ​ទិដ្ឋាការ និង​សេវា​រដ្ឋបាល​ជាដើម​។ ចំពោះ​ចំណូល​មូលធន រួមមាន ចំណូល​មូលធន​ក្នុងប្រទេស ដែល​ភាគច្រើន​បានមកពី វិនិយោគ​ហិរញ្ញវត្ថុ និង​ចំណូល​មូលធន​ក្រៅប្រទេស ដែល​រួមមាន​មូលនិធិ​ទ្រទ្រង់​ថវិកា ប្រាក់កម្ចី និង​ជំនួយឥតសំណង​។

សូម​រម្លឹកថា រដ្ឋសភា បានអនុម័ត​ទំហំ​ទឹកប្រាក់ ជាង​៤​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០១៦ ៕


Tag:
 ​រដ្ឋសភា​
  ​ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com