ជាតិ
កម្ពុជា​រៀបចំ​ពិព័រណ៍​សៀវភៅ​លើក​ទី​៥ នៅ​បណ្ណាល័យ​ជាតិ ខែក្រោយ​
25, Nov 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​សៀវភៅ​ក្រោម​ប្រធានបទ បង្កើន​ការអាន បង្កើត​ការសរសេរ (Instill Reading, Inspire Writing) លើក​ទី​៥ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៧​ល្ងាច រយៈពេល បី​ថ្ងៃ​។ ពិព័រណ៍​នេះ​នឹង​ប្រព្រឹត្តឡើង ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​បណ្ណាល័យ​ជាតិ​កម្ពុជា​ដែល​ស្ថិត​នៅមុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​



​ពិរ​ព័រ​ណ៍​សៀវភៅ​លើក​ទី​៥​នេះ រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ព័ត៌មាន និង​បណ្ណាល័យ​ជាតិ​កម្ពុជា ជាដើម​។​

​លោកស្រី ខ្លូត វិ​បុ​ល្លា នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា និង​គណៈកម្មការ​រៀប​ចំការ​ពិព័រណ៍​សៀវភៅ បានឱ្យដឹងថា វាគ្មិន​ជា​អ្នក​តែង​និពន្ធ​ជាង ៣០​រូប នឹងចូលរួម​ចែករំលែក​បទពិសោធន៍​តែង​និពន្ធ ក្នុង​វិស័យ​អំ​ណាន និង​ការសរសេរ​ដល់​អ្នកចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ ខាងមុខនេះ​។​

​ជាងនេះទៀត លោកស្រី​បន្តថា អ្នកនិពន្ធ និង​ម្ចាស់​ស្តង់​អប់រំ​នឹង​លក់​បញ្ចុះតម្លៃ​សៀវភៅ​ល្អៗ​ជាច្រើន​ចាប់ពី ២០​ភាគរយ​ឡើងទៅ ទាំង​ជា​ភាសា​ខ្មែរ និង​ភាសាបរទេស ដល់​អ្នកចូលរួម​អាន​សៀវភៅ ក្នុង​គោលបំណង​ជំរុញ​ការអាន​នៅ​កម្ពុជា​ផងដែរ​។​

​ក្នុងឱកាស​ពិព័រណ៍​សៀវភៅ​រាប់ម៉ឺន​ក្បាល​ខាងមុខ លោកស្រី​ប្រាប់ទៀតថា អ្នកចូលរួម​ក៏​អាច​ទស្សនា​កម្មវិធី​កម្សាន្ត​ផ្សេងទៀត ដូចជា ការសម្ដែង​រឿង​ខ្លី ល្ខោន និង​ចម្រៀង រួមទាំង កម្ម​វី​ធី​កុមា​រដែរ ដូចជា ការនិទាន​រឿង​អម​ជាមួយ​ការសម្ដែង ល្ខោន​ដកស្រង់​ចេញពី​រឿង​ក្នុង​សៀវភៅ​ល្បងប្រាជ្ញា ជាច្រើន​ទៀត​។​

​នាយិកា​បណ្ណាល័យ​ជាតិ​កម្ពុជា ជឿជាក់ថា ព្រឹត្តិការណ៍​ដែលមាន​គោល​គៅ​ជំរុញ​ការអាន​សៀវភៅ​ឆ្នាំនេះ នឹង​ទាក់ទាញ​អ្នកចូលរួម​កាន់តែច្រើន​ជាង​ឆ្នាំមុន​។​

​តាម​លោកស្រី ខ្លូត វិ​បុ​ល្លា គិត​មកទល់ពេលនេះ គ្រឹះស្ថាន​បោះ​ពុ​ម្ភ​ផ្សាយ និង​ស្ថាប័ន​អប់រំ​ជាង ៥០​ស្ថាប័ន​ហើយ បាន​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍​សៀវភៅ​៕




Tag:
 ​ពិព័រណ៍​សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com