ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី មិនទាន់​សម្រេចចិត្ត​មក​កម្ពុជា ខណៈ​សព​ម្តាយក្មេក​នឹង​បូជា​នៅ​ថ្ងៃស្អែក​ ​
26, Nov 2016 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សព​ឧបាសិកា ញឹក ជូ​ឡុង មាស​កេ​ត  សម​ភ័​ត្រ ដែលជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មូរ៉ា និង​ជា​ម្តាយក្មេក​របស់​ឯកឧត្តម សម រង្ស៊ី នឹងត្រូវ​បូជា​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​។  តែ​ឯកឧត្តម សម រង្ស៊ី នៅ​មិនទាន់​សម្រេចចិត្តថា វិល​មក​កម្ពុជា ដើម្បី​ចូលរួម​ពិ​ធិ​បុណ្យសព​ម្តាយក្មេក​នោះទេ​។​


​បើតាម​ការអះអាង​រប​ស់លោក យឹម សុវណ្ណ អ្នកនាំពាក្យ​​គណ​បក្ស​សង្គ្រោះ​ជាតិ សព​ឧបាសិកា ញឹក ជូ​ឡុង មាស​កេ​ត សម​ភ័ត្រ នឹងត្រូវ​បូជា​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះឯង​។ ខណៈ​សព​ម្តាយក្មេក​នឹងត្រូវ​បូជា​នៅ​ថ្ងៃស្អែក ឯកឧត្តម សម រង្ស៊ី កំពុងតែ​ស្ថិត​នៅឯ​ប្រទេស​បារាំង​ឯណោះ ហើយ​ប្រធាន​បក្សប្រឆាំង​រូបនេះ ក៏​មិនទាន់​ប្រកាស​គម្រោង​ក្នុង​ការវិល​មក​កម្ពុជា ដើម្បី​ចូលរួម​ពិធីបុណ្យ ដែរ​។ 

ឯកឧត្តម សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​ប្រទេស​បារាំង តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៥ វិច្ឆិកា​ថា ឯកឧត្តម ពិតជា​ចង់​វិល​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​ម្តាយក្មេក​។ តែ​ឯកឧត្តម សម រង្ស៊ី សូម​មិន​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ទាក់ទង​នឹង​ការសុំ​អន្តរាគមន៍​ពីស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

បើទោះបីជា​គ្មាន​ចម្លើយ​ពី​ឯកឧត្តម សម រង្ស៊ី ក៏ពិតមែន តែ​លោក យឹម សុវណ្ណ ដែលជា​អ្នក​នៃពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​កាលពី​ថ្ងៃ​សុក្រ​ថា ឯកឧត្តម សម រង្ស៊ី បាន​ផ្ញើលិខិត​ទៅកាន់​សម្តេច ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍ ឲ្យ​បានមក​ចូលរួម​ពិធី​បុណ្យសព​របស់​ឧបាសិកា ញឹក ជូ​ឡុង មាស​កេ​ត សម​ភ័​ត្រ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ឯកឧត្តម​ប្រធាន សម រង្ស៊ី បាន​សរសេរ​លិខិត​ទៅ​សម្តេច ហ៊ុន សែន ឲ្យ​សម្តេច ជួយ​អន្តរាគមន៍​ឲ្យ​ចូល​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​បុណ្យសព​ម្តាយក្មេក​។ តែ​យ៉ាងណា យើង​នៅ​មិនទាន់បាន​ចម្លើយ​ពី​ខាង​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី​នៅឡើយ​ទេ​»​។​

ចំណែកឯ លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណ​ប្រជាជន​កម្ពុជា យល់ឃើញថា សំណើសុំ​អន្តរាគមន៍​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី និង​វិធានការ​ផ្លូវច្បាប់ គឺ​ជារឿង​ពីរ​ផ្សេង​ពីគ្នា​។ បើតាម​ទស្សនៈ​របស់លោក សុខ ឥសាន ឯកឧត្តម សម រង្ស៊ី មិនអាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​រួច​ផុតពី​ទោសកំហុស​របស់ខ្លួន ដោយសារតែ​ការយោគយល់​នោះទេ​។ 

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ខាងលើ បានបញ្ជាក់​ដូច្នេះ​ថា​៖«​នេះ​គ្រាន់តែជា​ការស្នើសុំ​របស់គាត់​ទេ​។ ខ្ញុំ​យល់ថា យើង​មិនអាច​យល់​ញាតិ​ឃ្លាត​ច្បាប់​បានទេ ព្រោះ​ឯកឧត្តម សម រង្ស៊ី រត់​ទៅ​ក្រៅប្រទេស​ដោយ​ខ្លួនឯង ដោយ​គាត់​ជាប់​បណ្ដឹង រង​ការប្ដឹង​ដែល​ត្រូវអនុវត្ត​ទោស​តាមច្បាប់​របស់​តុលាការ​។ ហើយ​យើង​កំពុង​អនុវត្ត​ច្បាប់ ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ ពង្រឹង​និតិរដ្ឋ ដូច្នេះ​ខ្ញុំ​យល់ថា គ្មាន​ការយល់​ញាតិ ឃ្លាត​ច្បាប់​សម្រាប់​គាត់​ឡើយ​»​។​

ជុំវិញ​បញ្ហា​នេះ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ លោក សូ ចន្ថា បាន​លើកឡើងថា ឯកឧត្តម សម រង្ស៊ី គួរតែ​ទាក់ទង​ទៅកាន់​សម្តេច ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍ ប្រសិនបើ​ខ្លួន​ពិតជា​ចង់​មក​ចូលរួម​ពិធី​បុណ្យសព​ម្តាយក្មេក​មែន​។ លោក សូ ចន្ថា មាន​សុទិដ្ឋិនិយម​ថា ប្រសិនបើ​សរសេរ​លិខិត​សុំ​អន្តរាគមន៍​មែន​នោះ ឯកឧត្តម សម រង្ស៊ី អាចនឹងទទួល​បាន​ចម្លើយ​វិជ្ជមាន​ពីស​ម្តេច ហ៊ុន សែន​។ 

ការវាយតម្លៃ​បែបនេះ គឺ​ដោយសារតែ​លោក សូ ចន្ថា មើលឃើញ​កាយវិការ​ដ៏​ល្អ របស់​សម្តេច ហ៊ុន សែន ដែល​បាន​ផ្ញើលិខិត​ចូលរួម​រំលែក​ទុក្ខ ទៅកាន់​លោកស្រី ជូ​ឡុង សូ​មូរ៉ា​។ អ្នកវិភាគ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា សម្តេច ហ៊ុន សែន គួរតែ​យោគយល់ ក្នុងនាម​ជា​អ្នកនយោបាយ​ដូចគ្នា​»​។

ប្រសិនបើ ប្រមុខ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​តាម​វិធានការ​ណាមួយ ដើម្បី​សម្របសម្រួល​ឲ្យ​ឯកឧត្តម សម រង្ស៊ី បាន​វិល​មក​ចូលរួម​ពិធី​បុណ្យសព​ម្តាយក្មេក វា គឺជា​សញ្ញាណ​ល្អ​មួយ ដែល​បង្ហាញ​ដល់​អន្តរជាតិ​ថា អ្នកនយោបាយ​ខ្មែរ ចេះ​សាមគ្គី​គ្នា ពេល​មាន​បញ្ហា​។ នេះ​ជាការ​បន្ថែម​របស់លោក សូ​ច ចន្ថា ដដែល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com