ជាតិ
ឧទ្ធរណ៍ កំពុងបើក​សវនាការ​លើ​សំណុំរឿង​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប នៅ​រសៀល​នេះ​
28, Nov 2016 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ខណៈ​នេះ សាលាឧទ្ធរណ៍ កំពុងតែ​បើកសវនាកា​រ លើ​សំណុំរឿង​របស់​មន្ត្រី​អាដហុក​ទាំង​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប ១​រូប ដែល​កំពុងតែ​ជាប់ពន្ធនាគារ ដោយសារតែ​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​ជំទាស់​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ​បន្ថែមទៀត​។

 
​ក្រោយ​ទទួល​ពាក្យបណ្តឹង​សុំ​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ​បន្ថែមទៀត 
​សាលាឧទ្ធរណ៍ ក៏បាន​បើ​សវនាការ នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ ខណៈ​នេះ មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប កំពុងតែ​ស្ថិតក្នុង​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍​។ 
 
​ការដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​នេះ គឺ​ដោយសារតែ​ក្រុម​មេធាវី មិន​សុខចិត្ត​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ​បន្ថែមទៀត​។ នេះ​បើតាម​ការលើកឡើង​កន្ល​ង​មក របស់លោក សំ សុ​គង់ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប​។   
 
​លោក សំ សុ​គង់ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តុលាការ អាច​ឃុំខ្លួន​បុគ្គល​ណាមួយ​បានតែ​៦​ខែ​ប៉ុណ្ណោះ ក្នុងដំណាក់កាល​នៃ​ការស៊ើបអង្កេត​និង​ការ​ស៊ើបសួរ​។ លោក​បន្ថែមថា បុគ្គល​នោះ អាច​នឹង​ត្រូវបាន​ឃុំខ្លួន​ចំនួន​៦​ខែ​ទៀត ប្រសិនបើ​តុលាការ យល់ថា​ការស៊ើបអង្កេត​ឬ​ការ​ស៊ើបសួរ មិនទាន់​គ្រប់គ្រាន់​។​
 
​ប៉ុន្តែ លោក សំ សុ​គង់ សង្កត់ធ្ងន់ថា តុលាការ គប្បី​មាន​ហេតុផល​ឲ្យ​បានច្បាស់លាស់​និង​ត្រឹមត្រូវ មុននឹង​បន្ត​នីតិវិធី​របស់ខ្លួន​បែបនេះ​។ យ៉ាងណាក៏ដោយ លោក សំ សុ​គង់ រួមទាំង​មេធាវី​ផ្សេងទៀត ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​បួនរូប មិនអាច​ទទួលយកបាន​ទេ​ចំពោះ​ហេតុផល​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការបន្ត​ឃុំខ្លួន​កូនក្តី​របស់​ពួកគេ​។ 
 
​លោក សំ សុ​គង់ បញ្ជាក់ថា វា ជាការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ប្រសិនបើ​តុលាការ​បន្ត​ឃុំខ្លួន​ពួកគេ​មែន​នោះ​។ លោក​មេធាវី​នេះ លើក​ហេតុផល​ថា សំណុំរឿង​របស់​អ្នក​ទាំង​៥​ខាងលើ មិនមែនជា​បទឧក្រិដ្ឋ​នោះទេ ហើយក៏​មិនមាន​ភាពស្មុគស្មាញ​អ្វី​ច្រើន ដែល​ត្រូវ​បន្ត​ឃុំខ្លួន​ពួកគេ​ដែរ​។ 
 
​លោក សំ សុ​គង់ ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​អ្នក​ទាំង​ប្រាំ​។ លោក​មេធាវី យល់ថា ចៅក្រម​ស៊ើបសួរ គួរតែ​បញ្ជូន​សំណុំរឿង​របស់​អ្នក​ទាំង​ប្រាំ​ទៅ​ជំនុំជម្រះ ប្រសិនបើ​មិន​ព្រម​ដោះលែង​។ 
 
​សូម​រម្លឹកថា មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​អាដហុក​បួនរូប គឺ​លោក នី សុខា​, លោក ណៃ វង់​ដា​, លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី រួមទាំង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប  ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​។ រហូតមកដល់​ពេលនេះ ពួកគេ​ទាំង​៥​រូប ជាប់ឃុំ​ជិត​៦​ខែ​ហើយ​។ 
 
​បើតាម​ការចោទប្រកាន់​ពី​សំណាក់​តុលាការ អ្នក​ទាំងនោះ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ក្រោយមក តុលាការ បាន​ចោទ​មន្ត្រី​អាដហុក​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប រង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូក​បាន់​សាក្សី​»៕

Tag:
 តុលាការ​
  អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com