អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​ហ្កំ​ប៊ី​បោះឆ្នោត​ទម្លាក់​មេដឹកនាំ​ផ្តាច់​ការដែល​សន្យា​ក្តាប់​អំណាច «១​ពាន់​លាន​ឆ្នាំ »
03, Dec 2016 , 10:34 am        
រូបភាព
 
​ប្រជាជន​ហ្កំ​ប៊ី​បានសម្រេច​បោះឆ្នោត​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ Yahya Jammeh នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​សុក្រ​ទី ២ ខែធ្នូ​នេះ​។ មេដឹកនាំ​រូបនេះ​សុខចិត្ត​ប្រកាស​ទទួលស្គាល់​លទ្ធផល​នៅតាម​វិទ្យុ ដោយ​អះអាងថា​លោក​គោរព​ឆន្ទៈ​របស់​ប្រជាជន​ហ្កំ​ប៊ី​ទូទៅ​ដែល​ចង់​ឲ្យ​លោក​ចេញ​។​


​មេដឹកនាំ​ផ្តាច់ការ​រដ្ឋ​អាហ្វ្រិក​មួយទៀត​គឺ​លោក Yahya Jammeh​ប្រធានាធិបតី​ហ្កំ​ប៊ី  ជ្រុះ​បាត់​តំណែង​ហើយ ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ អ្នកជំនួញ និង​ជា​អតីត​សន្តិសុខ Adama Barrow ដែលមាន​បទពិសោធន៍​នយោបាយ​បន្តិចបន្តួច​នោះ​នឹង​ជំនួស​តំណែង​មេដឹកនាំ​ផ្តាច់ការ​នេះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  មេដឹកនាំ​ដែល​កាន់តំណែង​អស់​ជាង ២​ទសវត្សរ៍​នេះ ក៏បាន​ចេញមុខ​ទទួលស្គាល់​បរាជ័យ​រប​ស់​ខ្លួន​នៅតាម​វិទ្យុ​រដ្ឋ ដោយ​លោក​អះអាងថា លោក​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​ហ្កំ​ប៊ី​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញពី​តំណែង​។ លោក​បញ្ជាក់ថា លោក​មិន​តវ៉ា​រឿង​លទ្ធផល​ទេ ហើយ​លោក​នឹង​ចាក​ចេញទៅ​រស់នៅ​ចម្ការ​សាង​ជីវភាព​ថ្មី​វិញ ក្រោយ​ផ្ទេរអំណាច​ខែមករា​ខាងមុខនេះ​។​
 
​គេ​មិនដឹង​ច្បាស់​ថា​មេដឹកនាំ​រូបនេះ​នឹងរង​ការចោទប្រកាន់​ជុំវិញ​ការ​បំពារបំពាន​សិទ្ធិមនុស្ស​មនុស្ស​ធ្ងន់ធ្ងរ​កន្លងមក​ឬ​អត់ ក្រោយ​លោក​ចេញពី​តំណែង​។ កាលពី​ខែ​មុន​លោក លោក​បានសម្រេច​ដក​ស​មា​ជិ​ក​ភាព​ហ្កំ​ប៊ី​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផងដែរ ដោយ​លោក​ចោទប្រកាន់ថា តុលាការ​នេះ​ជា​តុលាការ​ចក្រពត្តិ​។ 
 
 តាមពិត​ទៅមុន​លោក​ចេញមុខ​ទទួលស្គាល់​បរាជ័យ ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​ហ្កំ​ប៊ី​បានប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ភ្លាមៗ​ក្រោយ​បោះឆ្នោត​ចប់​ថា ប្រធានាធិបតី Yahya Jammeh ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​និង​ព្រម​ប្រកាស​ផ្ទេរអំណាច​ដែរ​។​
 
​បើតាម​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត លោក Jammeh ទទួលបាន​បាន​សំឡេងគាំទ្រ​ត្រឹម ៣៦,៦៦​ភាគរយ​ប៉ុណ្ណោះ ខណៈ​លោក Adama Barrow ទទួលបាន​សំឡេងគាំទ្រ​រហូតដល់ ៤៥,៥៤​ភាគរយ​។ ចំណែក​បេក្ខជន​លេខ​រៀង​ទី ៣  គឺ​លោក   Mama Kandeh ដែល​លោក​បានទទួល​សំឡេងគាំទ្រ​១៧,៨០ ភាគរយ​ប៉ុណ្ណោះ​។ 
 
​តាមពិតទៅ​លោក Yahya Jammeh ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​ម្នាក់​ដែល​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ផ្តាច់​ការដែល​កាន់តំណែង​យូរ​បំផុត​នៅ​អាហ្វ្រិក​។ លោក​បាន​កាន់អំណាច​អស់​រយៈពេល ២២ ឆ្នាំ ហើយ​លោក​បាន​ក្តោប​ក្តាប់​តំណែង​តាមរយៈ​រដ្ឋប្រហារ​យោធា​កន្លងមក​។  
 
​ក្រោម​ការដឹកនាំ​របស់​លោក Jammeh ប្រជាជន​ហ្កំ​ប៊ី​ស្ថិតក្រោម​ការ​រឹតត្បិត​សិទ្ធិសេរីភាព ហើយ​រដ្ឋាភិបាល​បន្តស​ង្ក​ត់​សង្កិន​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុមប្រឆាំង និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាដើម​។ ក្រៅពី​ល្បីល្បាញ​ខាង​រំលោភ​សិទ្ធិមនុស្ស មេដឹកនាំ​រូបនេះ​តាំងខ្លួន​ជា​អ្នក​ព្យាបាល​ជំងឺអេដស៍​ដោយ​ប្រើប្រាស់​ឱសថ​បុរាណ​ផ្សំ​ជាមួយ​ផ្លែ​ចេក​ជាដើម​។ ហើយ​លោក Jammeh ធ្លាប់​ប្រកាសថា លោក​នឹង​ដឹកនាំ​ប្រទេស ១ ពាន់​លាន​ឆ្នាំ​ផងដែរ​។ 
 
​ដូច្នេះហើយ បរាជ័យ​របស់លោក ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ប្រទេស​ហ្កំ​ប៊ី និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះដែរ​។​
 
​សូមបញ្ជាក់ថា ហ្កំ​ប៊ី​ជា​រដ្ឋ​តូច​មួយ​នៅ​អាហ្វ្រិក​ខាងលិច ដោយមាន​ប្រជាជន​សរុប ១,៨​លាន​នាក់​។ ហ្កំ​ប៊ី​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​ត្រដាបត្រដួស ដោយសារ​រដ្ឋាភិបាល​គ្មាន​ចំណាត់ការ​និង​គោលនយោបាយ​សេដ្ឋកិច្ច​ត្រឹមត្រូវ​៕
 
 

Tag:
 Yahya Jammeh
  Adama Barrow
© រក្សាសិទ្ធិដោយ thmeythmey.com