កីឡាជាតិ
ម្ចាស់​ជើងឯក​ពីរ​ជំនាន់ ហេង ស៊ីវ​ឡាង នៅតែ​បន្ត​បង្ហាញ​ភាពខ្លាំង​ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​អង្គរ​
04, Dec 2016 , 9:44 am        
រូបភាព
ដោយ:
 
​កីឡាការិនី ហេង ស៊ីវ​ឡាង ម្ចាស់​ជើងឯក​ពីរ​ឆ្នាំ​ជាប់​គ្នា​(២០១៤-២០១៥)​មកពី​ក​ក្លិប​កង់​ហោះ នៅតែ​បន្ត​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ការប្រណាំង​កង់​ដើម្បី​កុមារ​អង្គរ​។ កីឡាការិនី​រូបនេះ បាន​បន្ត​គ្រង​តំណែង​ជើងឯក​ប្រចាំឆ្នាំ​២០១៦ លើ​វិញ្ញាសា​វិញ្ញាសា​ជិះ​កង់​ចម្ងាយ​១១៧​គីឡូម៉ែត្រ​ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​៣ ខែធ្នូ នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ដែលមាន​អត្ត​ព​លិ​ក​៦០៨​នាក់​មកពី​១៦​ប្រទេស​ចូលរួម​។​

 
​កីឡាការិនី ហេង ស៊ីវ​ឡាង បានបង្ហាញ​ភាព​អស្ចារ្យ​នៅក្នុង​ព្រឹត្តិការណ៍​ការប្រណាំង​កង់​ដើម្បី​កុមារ​អង្គរ តាមរយៈ​ការ​គ្រង​តំណែង​ជើងឯក​៣​ឆ្នាំ​ជាប់​គ្នា​លើ​ប្រភេទ​វិញ្ញាសា​ជិះ​កង់​ចម្ងាយ​១១៧​គីឡូម៉ែត្រ​ផ្នែក​នារី ពោលគឺ​កីឡាការិនី​រូបនេះ​បាន​គ្រង​តំណែង​តាំងពី​ឆ្នាំ​២០១៤​រហូតដល់​ឆ្នាំ​២០១៦ ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​នៅ​ថ្ងៃទី​៣ ខែ​ឆ្នូ ឆ្នាំ​២០១៦ នេះ​។  
 
​ជាមួយគ្នានេះ កីឡាការិនី ហេង ស៊ីវ​ឡាង បានចាត់ទុក​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​កុមារ​អង្គរ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​ក្នុង​ជួយ​រួមចំណែក​ផ្នែក​មនុស្សធម៌ ព្រោះ​អ្នក​ដែល​បាន​ចូលរួម​សុទ្ធសឹង​បាន​ចូលរួម​ជួយ​ដល់​កុមារ ដែលមាន​ម្តាយ​កំពុង​ជាប់ពន្ធ​ធនាគារ​។ ម្យ៉ាងទៀត វា​ជួយ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ធនធាន​កីឡាករ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀតផង​។ 
 
 
​លើសពីនេះ កីឡាការិនី​រូបនេះ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​លេង​កីឡា​ឲ្យ​ច្រើន​ជាពិសេស​នារីៗ ព្រោះ​កីឡា​នាំមក​នូវ​សុខភាព មិត្តភាព និង​សាមគ្គីភាព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​បាន​អំពាវនាវ​ដល់​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយានយន្ត​ធ្វើការ​ផ្សព្វផ្សាយ​កីឡា​នេះ​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​ប្រមូលផ្តុំ​កីឡាករ​កីឡាការិនី​អាយុ​ក្រោយ​២០​ឆ្នាំ​ធ្វើការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ 
 
​គួរ​បញ្ជាក់ថា ការប្រកួតប្រណាំង​កង់​ដើម្បី​កុមារ​អង្គរ​លើក​ទី​១១​ដែល​ធ្វើឡើង​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​មាន​អត្ត​ព​លិ​ក​៦០៨​នាក់​មកពី​១៦​ប្រទេស​ចូលរួម អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួត​លើ​៣​ប្រភេទ​វិញ្ញាសា​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​រយៈពេល​ជិត​មួយថ្ងៃ​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ចម្ងាយ​១១៧​គីឡូម៉ែត្រ​បាន​ទៅលើ​កីឡាករ កែវ រដ្ឋា មកពី​ក្លិប​កង់​តាខ្មៅ រីឯ​លេខ​២​បាន​ទៅ​កីឡាករ សុ​ភី ភួង ខណៈ​លេខ​៣​បាន​ទៅ ព្យុ​ធ យឿន​។  
 
​វិញ្ញាសា​១១៧​គីឡូម៉ែត្រ​ផ្នែក​នារី​លេខ​១​បាន​ទៅ​កីឡាករ ហេង ស៊ីវ​ឡាង រីឯ​លេខ​២​បាន​ទៅ ធន់ ស្រីអូន និង​លេខ​៣​បាន​ទៅ​កីឡាការិនី Domi Nique​។ ចំណែក​វិញ្ញាសា​៣៧​គីឡូម៉ែត្រ​បុរស លេខ​១​បាន​ទៅ​កីឡាករ ស៊ីណា សេង លេខ​២​បាន​ទៅ គឹម យូរ៉ាន់ និង​លេខ​៣​បាន​ទៅ សីហា យឿន​។ ដោយឡែក វិញ្ញាសា​៣៧​គីឡូម៉ែត្រ​នារី​លេខ​១​បាន​ទៅ​កីឡាការិនី ហេង ស៊ីវ​ហ្គិ​ច ខណៈ​លេខ​២ និង​លេខ​៣​មិនមាន​នោះឡើយ​៕   



Tag:
 ​ប្រណាំង​កង់​អង្គរ​
  ហេង ស៊ីវ​ឡាង
© រក្សាសិទ្ធិដោយ thmeythmey.com