អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ចេញពី​តំណែង ទុក​ឲ្យ​អ្នកមាន​សមត្ថភាព​ដឹកនាំ​បន្ត​
05, Dec 2016 , 11:27 am        
រូបភាព
 
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោក John Key បានប្រកាស​ចុះចេញ​ពី​តំណែង​នៅ​ថ្ងៃ​ចន្ទ​ទី ៥ ធ្នូ​នេះ ។ មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​បាន​បញ្ជាក់ថា​លោក​ចង់ឃើញ​បក្ស​លោក​ដឹកនាំ បួន អាណត្តិ​ជាប់​គ្នា តែ​លោក​មិនអាច​ដឹកនាំ​បួន​អាណត្តិ​ម្នាក់ឯ​ទេ​។ ហើយ​លោក​ចង់​ផ្តល់ឱកាស​ឲ្យ​អ្នកមាន​សមត្ថភាព​ផ្សេងទៀត​ដឹកនាំ​ប្រទេស​ម្តង និង​មាន​ពេល​ច្រើន​ជួបជុំ​គ្រួសារ​ដែរ​។​


​ប្រមុខ​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ដ៏​មាន​ប្រជាប្រិយភាព​លោក John Key បានប្រកាសថា​លោក​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មួយ​សម្រាប់​ប្រជាជន​នូ​វែ​ល​សេ​ឡង់​។ ប៉ុន្តែ​ហេតុផល​សំខាន់​ដែល​ជំរុញ​ឲ្យ​អ្នកនយោបាយ​នេះ ចាកចេញ​គឺ​គ្រួសារ ហើយ​លោក​ឆ្អែតឆ្អន់​នឹង​នយោបាយ និង​ចង់ទុក​ឱកាស​ឲ្យ​អ្នក​ផ្សេងទៀត​ដឹកនាំ​ជំនួស​។​
 
​យោងតាម​សារព័ត៌មាន ABC លោក John Key បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ចន្ទ​ទី ៥​ធ្នូ​ថា វា​ជា​ពេលវេលា​សមស្រប​បំផុត​ដែល​លោក​ត្រូវ​ចាក​ចេញពី​តំណែង ហើយ​វា​ជាការ​ផ្លាស់ប្តូរ​មួយ​ដ៏​ល្អ​។​លោក​សង្កត់ធ្ងន់ថា លោក​ពិត​ជាមាន​មោទនភាព​បំផុត​ដែល​បាន​កាន់តំណែង​កន្លងមក​ជា​នាយករដ្ឋមន្ត្រី​ចាប់ពី​ឆ្នាំ ២០០៨​មក​នោះ​។ យ៉ាងណាក៏ដោយ ក្រោយពេល​លោក​ចាក​ចេញពី​តំណែង លោក​នឹង​បន្តការងារ​ជា​សមាជិកសភា​សិន​ដើម្បី​កុំ​ឲ្យ​មានការ​បោះឆ្នោត​បំពេញ​កន្លែង​ទំនេរ​។ 
 
​អ្នកនយោបាយ​រូបនេះ​បន្ថែមថា លោក​មិន​ចង់​កាន់អំណាច​ឲ្យ​បាន​រយៈពេល បួន​អាណត្តិ​ជាប់​គ្នា​ទេ ហើយ​លោក​ក៏មាន​ហេតុផល​សំខាន់​ផ្ទាល់ខ្លួន​ផងដែរ​។ មិនមែន​ដូច​មេដឹកនាំ​មួយចំនួន​ដែល​បង្ខំចិត្ត​ចាកចេញ​ពី​តំណែង​ដោយ​រឿងអាស្រូវ​ឬ​ធ្លាក់ចុះ​ប្រជាប្រិយភាព​ឡើយ  John Key ចាក​ចេញពី​តំណែង​ដោយ​ជម្រើស​ផ្ទាល់ខ្លួន ស្រប​ពេលដែល​ប្រទេស​លោក​មាន​សេដ្ឋកិច្ច​ល្អប្រសើរ មាន​ស្ថិរភាព និង​សន្តិសុខ​ផង​នោះ​។ 
 
​គណបក្ស​ជាតិ (National Party) នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ ១២ ធ្នូ​ដើម្បី​ពិភាក្សា​និង​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់ខ្លួន​ផង​។ លោក John Key រំពឹងថា គណបក្ស​លោក​នឹង​បន្ត​ដឹកនាំ​បួន​អាណត្តិ​ជាប់​គ្នា ហើយ​លោក​សង្ឃឹមថា ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Bill English នឹង​ឈរឈ្មោះ​បន្ត​តំណែង​ពី​លោក​។ លោក​សន្យាថា​ថា​នឹង​បោះឆ្នោត​ឲ្យ​លោក Bill English បើសិនជា​លោក​ឈរឈ្មោះ​ដើម្បី​ធ្វើជា​មេដឹកនាំ​នូ​វែ​ល​សេ​ឡង់​នោះ​។​
 
​ត្រឡប់មកវិញ ហេតុផល​ទីមួយ​របស់លោក គឺ​គ្រួសារ​។ លោក​មិនបាន​បញ្ជាក់​លម្អិត​ពី​ហេតុផល​គ្រួសារ​ឡើយ ប៉ុន្តែ​គេ​គិតថា​លោក​ចង់​មាន​ពេលវេលា​ឯកជន​ច្រើន​នៅ​ជាមួយ​គ្រួសារ ដោយ​ដកខ្លួន​ឆ្ងាយ​ពី​នយោបាយ​។ 
 
​ចំណែក​ហេតុផល​មួយទៀត​លោក​អះអាងថា ការ​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក​។  លោក​ថា គ្រប់គ្រាន់​គឺ​គ្រប់គ្រាន់​ហើយ​។ លោក John Key ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ចាប់ពី​ឆ្នាំ ២០០៨ ដោយ​លោក​ផ្តួល​នាយករដ្ឋមន្ត្រី Helen Clark នៃ​គណបក្ស​ការងារ​ដែល​កាន់អំណាច ៩​ឆ្នាំ​មក​នោះ​។ 
 
​មួយទៀត​ការចាកចេញ​ពី​តំណែង​នេះ ក៏​ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នកដឹកនាំ​ថ្មី​ដែលមាន​សមត្ថភាព​និង​ទេពកោសល្យ​ដឹកនាំ​វិញ​ម្តង​ដែរ​។ លោក​បញ្ជាក់ថា​៖«​រឿង​មួយ​ដែល​ខ្ញុំ​តែងតែ​ជឿជាក់​គឺ​ទុក​កន្លែង​ទំនេរ​ឲ្យ​មេដឹកនាំ​ថ្មី​ដែលមាន​ទេពកោសល្យ​។ ខ្ញុំ​ចង់​អនុញ្ញាត​ឲ្យ​អ្នកដទៃ​មានឱកាស ហើយ​វា​ជា​រឿង​ដែល​ល្អ​បំផុត​មួយ​»​។​
 
​សូមបញ្ជាក់ថា លោក John Key ត្រូវបាន​ប្រជាជន​នូ​វែ​ល​សេ​ឡង់​កោតសរសើរ​ដោយសារ​លោក​មាន​សមត្ថ​ភាព​ដឹកនាំ​ប្រទេស​ខ្ពស់​។ លោក​នៅតែ​អាចដឹកនាំ​ឲ្យ​សេដ្ឋកិច្ច​នូ​វែ​ល​សេ​ឡង់​រីកលូតលាស់​ទៅមុខ​ស្រប​ពេលដែល​ពិភពលោក​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ប្រឈម​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធំៗ​ពីរលើក​នោះ​៕ 
 

Tag:
 John Key
  នូ​វែ​ល​សេ​ឡង់​
  National Party
© រក្សាសិទ្ធិដោយ thmeythmey.com