អន្តរជាតិ
ពលរដ្ឋ​វៀតណាម​អាមេរិកាំង​ដែល​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ មានការ​រំពឹងទុក​ខុសៗ​គ្នា​ចំពោះ​លោក
06, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
​សហរដ្ឋអាមេរិក៖ លោក​វីរ​សេនីយ៍​ឯក «Leslie» Le Khac ly អតីត​អគ្គសេនាធិការ II Corps នៅ​ទីក្រុង Pleiku​នៃ​កងទ័ព​វៀតណាម​ខាងត្បូង បាន​និយាយថា​៖ «​ខ្ញុំ​បាន​បោះឆ្នោត​ឲ្យ​គាត់​មិនមែន​ដោយសារ​ខ្ញុំ​កោតសរសើរ​គាត់ មិនមែន​ដោយសារ​ខ្ញុំ​ទទួលស្គាល់ថា​គាត់​ជា​បេក្ខជន​ដែលមាន​សមត្ថភាព​ខ្ពស់​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​នោះទេ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិន​ចូលចិត្ត​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​»​។​



​យោងតាម​ការស្ទង់មតិ​ជាតិ​ទៅ​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ឆ្នាំ​២០១៦ ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ជាច្រើន​បាន​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជាជាង​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​កាលពីពេល​ថ្មីៗ​នេះ​។ អ្នក​ដែល​បោះឆ្នោត​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ គឺ​ដោយសារ​មូលហេតុ​មួយចំនួន​ផ្សេងៗ​គ្នា​។​

​អ្នកស្រី Aichau Caoxuan​កំពុងតែ​ពឹងផ្អែក​លើ​អ្នក​ដែល​លោក​ត្រាំ​នឹង​តែងតាំង​ដើម្បី​ជួយ​ណែនាំ​ដល់​គាត់​។ អ្នកស្រី​បាន​និយាយថា​៖ «​បុគ្គលិក​និង​ទីប្រឹក្សា​របស់លោក ត្រាំ នឹង​នៅ​ទីនោះ​ដើម្បី​ជួយ​។ ដូច្នេះ​នៅ​នាទីចុងក្រោយ ខ្ញុំ​បោះឆ្នោត​ឲ្យ​គាត់​»​។ អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​នៅពេលដែល​អ្នកស្រី​សម្រាក​ពី​ការលេង​ម៉ា​ជាំ​ង​។​

​ជនជាតិ​វៀតណាម​ផ្សេងទៀត​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ដោយសារតែ​ពួកគេ​មាន​ជំនឿ​ទៅលើ​គណបក្ស​នេះ​។ លោក Long Pham ដែល​កាន់សាសនា​គ្រិស្ត​និកាយ​កាតូលិក​ក៏ដូចជា​ពលរដ្ឋ​អាមេរិកកាំង​ដើមកំណើត​វៀតណាម​ជាច្រើន​ទៀត​ដែរ បាន​ថ្លែងថា​៖ «​ខ្ញុំ​នៅតែ​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ព្រោះ​ខ្ញុំ​មិន​ជឿ​ទៅលើ​ការ​រំលូតកូន​នោះទេ​»​។​

​ខុសពី​អ្នកគាំទ្រ​ស្ទាក់ស្ទើរ​របស់លោក ត្រាំ មួយចំនួនទៀត លោក​Mike Nguyen​ដែល​ក៏​ជឿ​លើ​សាសនា​គ្រិស្ត​និកាយ​កាតូលិក​ផងដែរ ជឿជាក់​ទៅលើ​របៀបវារៈ​ដែល​លោក ដូ​ណា​ល់ ត្រាំ បានស្នើ​ឡើង ដោយ​រួមទាំង​ការជ្រើសរើស​តុលាការ​កំពូល​អភិរក្ស​និយម​ដែល​លោក Nguyen សង្ឃឹមថានឹង​ផ្លាស់ប្តូរ​បញ្ហា​សង្គម​មួយចំនួន​។​

​លោក Nguyen បាន​និយាយថា​៖ «​ឧទាហរណ៍​ក្រុមគ្រួសារ និង​អាពាហ៍ពិពាហ៍​។ តាំងពី​យូរយារ​ណាស់​មកហើយ និយមន័យ​អាពាហ៍ពិពាហ៍​គឺ​វាង​បុរស​និង​ស្ត្រី​។ ខ្ញុំ​មិន​រើសអើង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នោះទេ ប៉ុន្តែ​ពួកគេ​មានការ​ទទួលស្គាល់​ផ្សេងទៀត ដូចជា​សហជីព​ទទួល​ស្គាល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាដើម​»​។​

​លោក​ក៏​រំពឹងថា សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នឹង​ប្រសើរឡើង​ក្រោម​ការដឹកនាំ​របស់លោក​ត្រាំ ។ លោក​បាន​និយាយថា​៖ «​ដូចជា​អ្នកបោះឆ្នោត​ដទៃទៀត​ដែរ ខ្ញុំ​មាន​ក្តី​រំពឹង​ច្រើនណាស់​។ ខ្ញុំ​ចង់​ឲ្យ​យក​ការងារ​ត្រឡប់មក​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​វិញ​»​។​

​ចំពោះ​គោលនយោបាយ​ការបរទេស​របស់លោក ត្រាំ លោក​វរសេនីយ៍ឯក Le បាន​និយាយថា គាត់​ចូលចិត្ត​ជំហរ​រឹងមាំ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ចំពោះ​ប្រទេស​ចិន​ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​វៀតណាម​។​

​លោក​Le​បាន​និយាយថា​៖ «​ខ្ញុំ​ចូលចិត្ត​គំនិត​ដែលថា លោក ដូ​ណា​ល់ ត្រាំ មើលឃើញ​ចិន​ជាស​ត្រូវ​។ ព្យាយាម​ទាញ​វៀតណាម​ឲ្យ​ត្រឡប់​ទៅជា​សម្ព័ន្ធមិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក ហើយ​ខ្ញុំ​ចង់ឃើញ​លោក ដូ​ណា​ល់ ត្រាំ បន្ត​គោលនយោបាយ​នេះ​។ នេះ​គឺជា​មធ្យោបាយ​តែមួយគត់​ដែល​អ្នក​អាច​បញ្ឈប់​មហិច្ឆតា​រប​ស់​ចិន​បាន​»​។​

​មិន​ថា​លោក ត្រាំ បាន​សន្យា​អ្វី​នៅក្នុង​យុទ្ធនា​ការបោះឆ្នោត​នោះទេ ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម​ជាច្រើន​ដឹងថា មាន​ដែន​កំណត់​ចំពោះ​អ្វីដែល​លោក​ប្រធានាធិបតី​អាចធ្វើ​បាន ហើយ​ប្រធានាធិបតី​ប្រហែលជា​ត្រូវ​សម្របសម្រួល​ទៅតាម​នោះ​។​

​លោក Pham និយាយថា​៖ «​យើង​មាន​សភា និង​តុលាការ​កំពូល​។ មិន​ដូចជា​ប្រទេស​កំពុងអភិវឌ្ឍន៍ នៅពេល​ដែលមាន​ស្ដេច​ថ្មី ទ្រង់​អាច​ផ្លាស់ប្តូរ​អ្វីៗ​បាន​គ្រប់យ៉ាង​នោះទេ​។ ខ្ញុំ​នឹង​ផ្តល់ឱកាស​ឲ្យ​គាត់​យ៉ាងហោចណាស់​មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ​។ រយៈពេល​១០០​ថ្ងៃ​គឺ​ខ្លី​ពេក​។ សហរដ្ឋអាមេរិក​គឺ​ដូចជា​នាវាចម្បាំង​ធំ​មួយ​អញ្ចឹង​។ នៅពេលដែល​អ្នក​ចង់​បត់​ចង្កូត វា​ត្រូវការ​ពេលវេលា​»៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com