អន្តរជាតិ
អឺរ៉ុប​ធូរទ្រូង ក្រោយ​អ្នកនយោបាយ​គាំទ្រ​សហភាព​អឺរ៉ុប​ជាប់ឆ្នោត​នៅ​អូទ្រីស​
05, Dec 2016 , 2:24 pm        
រូបភាព
​ប្រជាជន​អូទ្រីស​បានសម្រេច​ជ្រើសរើស​អ្នកគាំទ្រ​សហភាព​អឺរ៉ុប​លោក Alexander Van der Bell ជា​ប្រធានាធិបតី ដោយ​បដិសេធ​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​លោក  Norbert Hofer ក្នុងការ​បោះឆ្នោត​ចុង​សប្តាហ៍​។ ព័ត៌មាន​នេះ វា​ដូចជា​ការដក​បន្លា​ចេញពី​ដើមទ្រូង​មេដឹកនាំ​សហភាព​អឺរ៉ុប​ដូច្នេះ​ដែរ​។​



​បន្ទាប់ពី​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស រឿង​ដែល​ក្រពុលមុខ​មួយទៀត​របស់​សហភាព​អឺរ៉ុប​គឺ​ការបោះឆ្នោត​ប្រធានាធិបតី​អូទ្រីស​ព្រោះ​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​ដែលមាន​និន្នាការ​ប្រឆាំង​សហភាព​អឺរ៉ុប Norbert Hofer ឈរឈ្មោះ​ជា​ប្រធានាធិបតី​តំណាង​ឲ្យ​បក្ស​សេរីភាព​ដែរ​។ ប៉ុន្តែ​គ្រប់យ៉ាង​ត្រឡប់​មករក​ភាពល្អប្រសើរ ហើយ​សហភាព​អឺរ៉ុប​ហាក់​ធូរទ្រូង​បន្តិច​ដែរ ព្រោះ​អ្នកនយោបាយ​ខាងលើ​មិន​ជាប់ឆ្នោត​ឡើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  លទ្ធផល​បោះឆ្នោត​ថ្ងៃអាទិត្យ​ម្សិលមិញ​បង្ហាញ ប្រជាជន​អូទ្រីស​ស​ម្រ​ច​ជ្រើសរើស​អ្នកនយោបាយ​ឯករាជ្យ​និង​មាន​និន្នាការ​គាំទ្រ​សហភាព​អឺរ៉ុប​លោក  Alexander Van der Bellen ឲ្យ​ធ្វើ​ឲ្យ​ជា​ប្រធានាធិបតី​។ 

​ក្រោយ​គូប្រជែង​នយោបាយ​ប្រកាស​ទទួលស្គាល់​បរាជ័យ​ខ្លួន លោក Alexander Van der Bellen បាន​ហៅ​លទ្ធផល​បោះឆ្នោត​នេះ​ថា​ជាការ​បោះឆ្នោត​ជ្រើស​រើសយក​ការគាំទ្រ​សហភាព​អឺរ៉ុប​ដែល​ឈរលើ​សេរីភាព​,​សមភាព និង សាមគ្គីភាព​។ លោក​បន្តថា​៖ «​ពី​ដើម​មក​ខ្ញុំ​តស៊ូ​និង​ការពារ​និន្នាការ​គាំទ្រ​អូទ្រីស​នៅក្នុង​សហភាព​អឺរ៉ុប​»​។

​ក្នុងពេល​ឃោសនាបោះឆ្នោត​អ្នកនយោបាយ​រូបនេះ​មាន​និន្នាការ​គាំទ្រ​សហភាព​អឺរ៉ុប​និង​ការបើកចំហ​ក្នុងការ​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ ហើយ​លោក​អះអាងថា ការបន្ត​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​ប្រទេស​អូទ្រីស​នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​រីកចម្រើន​។

​លោក Alexander Van der Bellen  មាន​វ័យ ៧២​ឆ្នាំ ហើយ​លោក​ជា​ជនអន្តោប្រវេសន៍​ប៉ុណ្ណោះ ព្រោះ​លោក​មាន​ឪពុក​ជា​ជនជាតិ​រុស្ស៊ី និង​ម្តាយ​ជា​ជនជាតិ​អេ​ស្តូ​នី ដែល​បាន​រត់​ភៀសខ្លួន​ពី​សហភាពសូវៀត​ទៅ​រស់​នៅ​អាល្លឺម៉ង់ និង​បន្តទៅ​តាំងទី​លំនៅ​នៅ​អូទ្រីស​។

​តាមពិតទៅ ការបោះឆ្នោត​លើកទីមួយ កាលពី​ខែឧសភា​មិន​យកជាការ​ឡើយ​ដោយសារ​វា​មាន​បញ្ហា​ក្នុងពេល​រាប់​សន្លឹកឆ្នោត​។ ដូច្នេះហើយ​ទើបបានជា​គេ​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃទី ៤ ធ្នូ​នេះ​។​

​មេដឹកនាំ​អឺរ៉ុប​សាទរ​ការបោះឆ្នោត​រើស​អ្នកនយោបាយ​គាំទ្រ​សហភាព​អឺរ៉ុប​
​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ ការបោះឆ្នោត​រើស​លោក Alexander Van der Bellen  ជា​ដំណឹង​ល្អ​បំផុត​មួយ​សម្រាប់​មេដឹកនាំ​អឺ​រុ​ប ក្រោយ​ក្រពុលមុខ​អស់​រាប់​ខែ​ដោយសារ​ប្រជា​មិ​ត​នៅ​អង់គ្លេស​។ ក្រោយ​ការបោះឆ្នោត មេដឹកនាំ​សហភាព​អឺរ៉ុប​នាំគ្នា​សាទរ​និង​ស្វាគមន៍​លទ្ធផល ហើយ​ចាត់ទុក​វា​ជា​ជោគជ័យ​មួយ​សម្រាប់​សហភាព​អឺរ៉ុប​និង​ការបន្ត​បើកចំហ​និង​សេរីភាវូបនីយកម្ម​តំបន់​។

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk បាន​អបអរសាទរ​អស់ពី​បេះដូង​ចំពោះ​លទ្ធផល ហើយ​អធិប​កា​រប​តី​រង​អាល្លឺម៉ង់  Sigmar Gabriel បាន​ហៅ​លទ្ធផល​ឆ្នោត​នេះ​ថា​ជា​ជ័យជម្នះ​មួយ​ដែល​ប្រឆាំង​និន្នាការ​ស្តាំនិយម​ជ្រុល​និង​ប្រជា​នយោបាយ (Populism)​។ 

​ចំណែក​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​អូទ្រីស​ដែល​នាំគ្នា​ជ្រើសរើស​ការរួមរស់​ជាមួយ​សហភាព​អឺរ៉ុប​ផងដែរ​៕


Tag:
 Alexander Van der Bell
  Norbert Hofer
  អូទ្រីស
© រក្សាសិទ្ធិដោយ thmeythmey.com