កីឡាជាតិ
ជាតិ
ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ក្លាយជា​ផលិតផល​ទេសចរណ៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​កម្ពុជា​
05, Dec 2016 , 2:58 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ឆ្នាំ​២០១៦ ដែល​រៀបចំ​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ទទួលបាន​អត្ត​ព​លិ​ក​ជិត​១​ម៉ឹ​ន​នាក់​មកពី​ជាង​៨០​ប្រទេស​ចូលរួម​។ ព្រឹត្តិ​ទេសចរណ៍​នេះ​បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃទី​៤ ខែធ្នូ ក្រោម​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ ក៏ដូចជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ជាពិសេស​ទទួល​បានកា​រ​កោតសរសើរ​ពី​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​។



​ថ្នាក់ដឹកនាំ​ក្រសួង​ទេ​ចរណ៍ និង​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​លើក​ទី​២១​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ដែល​ទើបបាន​បញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃទី​៤ ខែធ្នូ ម្សិលមិញ បាន​វាយតម្លៃថា ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​នៅ​ឆ្នាំនេះ​ទទួលបាន​ការជោគជ័យ​ខ្ពស់ ពោលគឺ​មិន​ត្រឹមតែ​អាច​ទាក់ទាញ​អត្ត​ព​លិ​ក​ជិត​១​ម៉ឹ​ន​នាក់​ឲ្យ​ចូលរួម​ប៉ុណ្ណោះ​ទេ​។ លើសពីនេះ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជិត​៦​ពាន់​នាក់​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍វប្បធម៌​អង្គរ​ទៀតផង​។



​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មានប្រសាសន៍ថា​៖« ខ្ញុំ​គិតថា ប្រជាពលរដ្ឋ​យើង ក៏ដូចជា​កីឡាករ​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ទាំងអស់​មានការ​ពេញចិត្ត​ណាស់​នៅ​ឆ្នាំនេះ ទី​១​យើង​ឃើញថា ទេស​ភាពល្អ​មែនទែន ទី​២​ការចូលរួម​ច្រើនជាង​ឆ្នាំមុន​រហូតដល់​ជាង​៩​ពាន់​នាក់ ក្នុងនោះ​មកពី​បរទេស​ជាង​៥​ពាន់​នាក់​ក្នុង​កំនើន​៧​ភាគរយ​មកពី​៨៥​ប្រទេស​។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​និង​យកចិត្តទុកដាក់​បំផុត​ឆ្នាំនេះ​ខ្មែរ​យើង​មាន​រហូតដល់​ជាង​៤​ពាន់​នាក់​»​។​



​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​បាន​បន្តទៀតថា ក្នុងចំណោម​អត្ត​ព​លិ​កជាង​៤​នាក់​នេះ​ក្នុងនោះ​ចូលរួម​រត់ប្រណាំង​ចម្ងាយ​២១​គីឡូម៉ែត្រ​មាន​ចំនួន​ជាង​៣០០​នាក់ ជា​ចំនួន​មួយ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា ចំនួន​នេះ​អាច​សរ​បញ្ជាក់​ឲ្យ​ឃើញថា ប្រជាជន​កម្ពុជា​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​វិស័យ​កីឡា ជាពិសេស​មានការ​យល់​ដឹង​ច្រើន​ពី​អត្ថប្រយោជន៍​នៃ​កីឡា​។

​ចំនួន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​អត្ត​ព​លិ​ក​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ប្រកួត​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​នៅ​ឆ្នាំនេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ប៉ុណ្ណោះ​ទេ លើសពីនេះ​វា​ជួយ​ដល់​អាជីវករ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ និង​សេវាកម្ម​ដឹកជញ្ជូន​ផ្សេងៗ​អាច​ទាញ​ប្រាក់ចំណូល​ពី​ការចូលរួម​នេះ​ផងដែរ​។ ប្រមុខ​ដឹកនាំ​ក្រសួងទេសចរណ៍​បានចាត់ទុក​វិស័យ​កីឡា​ទេសចរណ៍ គឺជា​ផលិត​ទេសចរណ៍​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ទាក់ទាញ​ភ្លៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍វប្បធម៌​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​បាន​វាយតម្លៃថា ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​នៅ​ឆ្នាំ​២០១៦​នេះ ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​បើ​ប្រៀម​ធៀប​ទៅនឹង​ឆ្នាំ​២០១៥ ទាំង​បញ្ហា​បច្ចេកទេស និង​ចំនួន​អ្នកចូលរួម​។ ម្យ៉ាងវិញទៀត ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​ក៏មាន​លក្ខណ​ល្អប្រសើរ​ផងដែរ ពោលគឺ​ឆ្នាំនេះ​មិនមាន​បញ្ហា​ដែល​ប៉ះពាល់​ដល់​អត្ត​ព​លិ​កកើតឡើង​នោះឡើយ​។



​មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ពាក់​ម៉ារ៉ាតុន​អង្គរ​លើក​ទី​២១​នៅ​ឆ្នាំនេះ បញ្ចប់​ក្រោម​ភាពសប្បាយ​រីករាយ​ដោយ​ការ​អំណោយផល​ពី​អាកាសធាតុ ជាពិសេស​ទទួល​បានកា​រ​កោតសរសើរ​ពី​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​នៅ​ទីនោះ​ថែម​ទៀតផង​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ ភាគច្រើន​ជា​អ្នករត់​បែប​លក្ខណ​កម្សាន្ត ចំណែក​កីឡាករ​អាជីព​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

​លោក សែម ផល្លា បាន​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ឆ្នាំនេះ​ជា​ឆ្នាំ​លើក​ទី​២១ គឺ​យើង​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​មិនដែល​មាន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥​យើង​ឃើញថា​ចំនួន​នេះ​កើនឡើង​ជាង​១​ពាន់​នាក់ ហើយ​ការរៀបចំ​យើង​ឃើញថា កីឡាករ​កីឡាការិនី​យើង ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​មាន​ទឹកចិត្ត​គាំទ្រ និង​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ យើង​សង្កេតឃើញថា អ្នករត់​ភាគច្រើន​ជា​អ្នករត់​ដើម្បី​កម្សាន្ត​សប្បាយ និង​សុខភាព ចំណែក​អ្នករត់​អាជីព​មាន​ចំនួន​តិចតួច​»​។

​បើ​យោងតាម​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ ប្រសិនបើ​មិនមាន​ការបិទបញ្ជី​ឈ្មោះ​មុន​ថ្ងៃ​កំណត់​ទេនោះ ចំនួន​អត្ត​ព​លិ​ក​និង​មាន​អាច​កើនឡើង​ជាង​១​ម៉ឹ​ន​នាក់​នៅ​ឆ្នាំ​២០១៦​នេះ​។ លោក សែម ផល្លា បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការបិទបញ្ជី​នេះ​ថា ដោយសារ​ឃើញ​ពី​សន្ទុះ​នៃ​ការចុះឈ្មោះ​មានការ​កើនឡើង​ខ្ពស់​លើសពី​ការរំពឹងទុក​។ ម្យ៉ាងទៀត ដោយសារ​មិនបាន​ត្រៀម​សម្ភារ​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ដល់​អត្ត​ព​លិ​ក ហើយ​លោក​រំពឹងថា ឆ្នាំក្រោយ​នឹង​ទទួលបាន​អត្ត​ព​លិ​ក​ចូលរួម​ជាង​១​ម៉ឹ​ន​នាក់​។

​ការកើនឡើង​របស់​អត្ត​ព​លិ​ក​និង​ភ្ញៀវ​ទេសចរណ៍ វា​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា វិស័យ​កីឡា​បែប​ទេសចរណ៍​ជា​ផលិតផល​មួយ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ចូលរួម​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​។ ជាពិសេស​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​អង្គរ ចូលរួមចំណែក​ក្នុងការ​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​សិ​សេស​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​។

«​ការកើនឡើង​នេះ​ក៏​ជា​លទ្ធផល​ល្អ​មួយ​សម្រាប់​ប្រជាជន​ខេត្តសៀមរាប ពីព្រោះ​ការកើនឡើង​ភ្ញៀវ​នៅ​តំបន់​សៀមរាប​របស់​យើង វា​បាន​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ហើយក៏​ជាការ​លើកកម្ពស់​នូវ​កិត្យានុភាព នូវ​កេ​រិ៍​ឈ្មោះ​របស់​កម្ពុជា​ប្រកបដោយ​សន្តិភាព និង​ស្ថេរភាព​ផងដែរ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក សែម ផល្លារ ប្រធាន​គណៈកម្មាការ​រៀប​ចំការ​ប្រកួត​ពាក់កណ្តាល់​ម៉ារ៉ាតុន​អង្គរ​៕  




















Tag:
 ​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​២០១៦
  លោក សែម ផល្លា​
© រក្សាសិទ្ធិដោយ thmeythmey.com