អន្តរជាតិ
​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ធ្វើ​ការតវ៉ា​ទាមទារ​ឲ្យ​មាន​សេចក្ដី​មេត្តា​និង​សាមគ្គីភាព​
06, Dec 2016 , 8:59 am        
រូបភាព
ដោយ: VOA
​សេចក្ដី​សន្ដោស​ប្រណី និង​សាមគ្គីភាព គឺជា​ប្រធានបទ​នៃ​ការតវ៉ា​មួយ​ដែលមាន​មនុស្ស​ជាច្រើន​ពាន់​នាក់​ចូលរួម​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃអាទិត្យ​នេះ​។​



​ការតវ៉ា​នេះ​ធ្វើឡើង​បន្ទាប់ពី​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ពីរ​ត្រូវបាន​ពលរដ្ឋ​ឥណ្ឌូណេស៊ី​កាន់សាសនា​ឥស្លាម​បែប​អភិរក្សនិយម ធ្វើឡើង​នាពេល​ថ្មីៗ​នេះ នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ដើម្បី​ទាមទារ​ឲ្យ​មាន​ការដក​លោក​អភិបាលក្រុង​ដំបូងបង្អស់​ដែល​កាន់សាសនា​គ្រិស្ត​នៅក្នុង​រយៈពេល ៥០ ឆ្នាំ​ចុង​ក្រោយនេះ ចេញពី​តំណែង​។​

​ការតវ៉ា​ដើម្បី​សន្តិភាព​នេះ ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​មនុស្ស​ច្រើនជាង ២ សែន​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា ដើម្បី​អំពាវនាវ​ឲ្យ​មានការ​ចាប់ខ្លួន​អភិបាលក្រុង​លោក Busuki Tjahaja Purmam ដែល​លោក​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ Ahok​។​

​លោក​ប្រធានាធិបតី Joko Widodo បានធ្វើ​ទស្សនកិច្ច​ដោយ​មិនបាន​ជូនដំណឹង​ជាមុន​ទៅកាន់​កន្លែង​តវ៉ា​នោះ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ និង​បាន​ជំរុញ​ឲ្យ​អ្នក​តវ៉ា​ចាក​ចេញពី​កន្លែង​តវ៉ា​ដោយ​សន្តិវិធី​។​

​លោក Ahok កំពុង​ត្រូវគេ​កាត់ទោស​ពីបទ​និយាយស្ដី​មើលងាយ​សាសនា​ឥស្លាម ដោយសារតែ​ការលើកឡើង​របស់លោក​អំពី​គម្ពីរ​កូ​រ៉ា​ន់​។ ចាប់តាំងពី​ពេលនោះ​មក លោក​បានធ្វើការ​សុំទោស និង​បាន​និយាយថា លោក​គ្មាន​បំណង​ប្រព្រឹត្ត​ខុស​នោះទេ​។​

​ប៉ុន្តែ ការ​សុំទោស​របស់លោក មិនបាន​ធ្វើ​ឲ្យ​ជនជាតិ​ឥស្លាម​ជាច្រើន​នាក់ ដែលមាន​ការខឹង​សម្បា​ចំពោះ​បញ្ហា​ដែល​ទីក្រុង Jakarta ដែល​ជាទី​ក្រុងមាន​ជនជាតិ​ឥស្លាម​ភាគច្រើន​រស់នៅ​នោះ ត្រូវបាន​គ្រប់គ្រង​ដោយ​អភិបាល​ដែល​កាន់សាសនា​គ្រិស្ត​នោះ មានការ​ស្ងប់ចិត្ត​នោះទេ​។​

​លោក George Agus ដែលជា​ពលរដ្ឋ​មួយរូប​រស់នៅក្នុង​ទីក្រុង​ហ្សា​ការ​តា បាន​និយាយថា​៖ «​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែលមាន​ជនជាតិភាគតិច​ច្រើន​រស់នៅ​។ យើង​ចង់បង្ហាញ​ប្រាប់​ពិភពលោក​ថា យើង​ធ្វើ​ការតវ៉ា​លើក​នេះ​គឺ​ដើម្បី​ភាពរួបរួម​គ្នា​ជា​ធ្លុង​មួយ​តែ​ប៉ុ​ណ្ណ‍ោះ​»៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com