អន្តរជាតិ
ចិន​រៀបចំ​ផ្លូវ​ថ្មើរជើង ចំណត​ម៉ូតូ និង​រថយន្ត​តាម​ចិញ្ចើមផ្លូវ​រួមគ្នា​
06, Dec 2016 , 7:39 am        
រូបភាព
ដោយ:
 
​ហៃ​ណាន​, ចិន​៖ អាជ្ញាធរខេត្ត​ហៃ​ណាន​បានរៀបចំ​ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ ចំណត​ម៉ូតូ និង​រថយន្ត​លើ​ចិញ្ចើមផ្លូវ​រួមគ្នា ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង សុខភាព​ពលរដ្ឋ និង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​។​


 
​អាជ្ញាធរ និង​ពលរដ្ឋ​ចិន​លើ​កោះ​ហៃ​ណាន ហាក់​មានការ​សហការ​គ្នា​យ៉ាង​ល្អ ក្នុងការ​ប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​។ ពលរដ្ឋ​មិន​ធ្វើ​អាជីវកម្ម មិន​ចត​ម៉ូតូ និង​យានយន្ត​បំពាន​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​នោះទេ ពោលគឺ​ពួកគេ​បានធ្វើ​អាជីវកម្ម ប្រើប្រាស់​ចំណត​ម៉ូតូ យានយន្ត តាម​គំនូស​សញ្ញា​បែងចែក​ចន្លោះ​ផ្លូវ​ថ្មើរជើង និង​ចំណត​សាធារណៈ​ដែល​អាជ្ញាធរ​បាន​គូសវាស​រៀបចំ​ឲ្យ​គេ​លើ​ចិញ្ចើមផ្លូវ​រួមគ្នា​យ៉ាង​ត្រឹមត្រូវ​។​
 
​គ្មាន​ការកកស្ទះ​ចរាចរ គ្មាន​លម្អង​ដី គ្មាន​សំរាម​លើដី​កោះ​ដែលជា​ប៉ូល​ទេសចរ​ធម្មជាតិ​ដ៏​សំខាន់​ទី​៣ នៃ​ចិន​ឡើយ ទោះបីជា​ខេត្ត​ដែន​កោះ​ភាគខាងត្បូង​ប្រទេស​ចិន​នេះ មាន​ទំហំ​ផ្ទៃដី​តូច​ហើយ​ពលរដ្ឋ​រស់នៅក្នុង​អគារ​ទាប​ខ្ពស់​ស្កឹមស្កៃ​ច្រើនក្តី​។ កោះ​ហៃ​ណាន​មាន​ទំហំ​ផ្ទៃដី​ត្រឹមតែ​ជាង ៣​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​ប៉ុណ្ណោះ ហើយ​ពលរដ្ឋ​ចិន​កំពុង​រស់នៅ​រហូតដល់​ជាង ៩​លាន​នាក់​។​
 
​ការរៀប​ចំនេះ មិន​ត្រឹមតែ​លើកកម្ពស់​សម្រស់​ទីក្រុង​ប៉ុណ្ណោះ​ទេ វា​បានក្លាយ​ផ្លូវ​ស្រឡះ​សម្រាប់​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ដើរ​ទិញ​ទំនិញ និង​ហាត់ប្រាណ​លំហែកាយ ទាំងយប់​ទាំង​ថ្ងៃ តាមផ្លូវ​ថ្មើរជើង និង​ចំណត​យានយន្ត​ចន្លោះ​ពី ១០ ទៅ​២០​ម៉ែត្រ​ដ៏​មាន​សណ្តាប់ធ្នាប​អមដោយ​ម្លប់​រុក្ខា​ត្រឈឹងត្រឈៃ​រៀង​គ្នា​ដូច​បន្ទាត់​អម​សងខាង​ផ្លូវ​ខ្វាត់ខ្វែង​ផងដែរ​។​
 
​យ៉ាងណា ខេត្ត​ដែលមាន​អាកាសធាតុ​តំបន់​ត្រូពិច​ត្រជាក់​ល្មម​ស្ថិត​នៅជាប់​សមុទ្រ​ចិន​ខាងត្បូង ទើប​មានការ​អភិវឌ្ឍ​ខ្លាំង​នៅ​អំឡុង​សតវត្ស​ទី​២០ ដោយសារ​រដ្ឋាភិបាល​ចិន​ទើប​អភិវឌ្ឍ​ខេត្ត​នេះ​ជា​តំបន់​ទេសចរ​គ្មាន​ផ្សែង​ចម្បង​សម្រាប់​ពលរដ្ឋ​ចិន​លម្ហែ​កម្សាន្ត​៕ 





































Tag:
 ចិន​
  ហៃ​ណាន
© រក្សាសិទ្ធិដោយ thmeythmey.com