អន្តរជាតិ
មី​យ៉ាន់​ម៉ា អន់ចិត្ត និង​ចោទ​បាតុកម្ម​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រឿង​រ៉ូ​ហ៊ីង​យ៉ា​ថា​«​ដើម្បី​បម្រើ​ប្រយោជន៍​ក្នុងស្រុក​ខ្លួន​»​ប៉ុណ្ណោះ
05, Dec 2016 , 5:26 pm        
រូបភាព
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី
ដោយ:
​រដ្ឋាភិបាល​ណៃ​ពិដោរ បាន​សម្តែង​ការមិនសប្បាយចិត្ត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​កូរ​ឡា​ឡាំ​ពួរ​ដែល​បាន​ដឹកនាំ​ការប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​កូរ​ឡា​ឡាំ​ពួរ​ប្រឆាំង​មី​យ៉ាន់​ម៉ា​រឿង​រ៉ូ​ហ៊ីង​យ៉ា​។ ក្រុង​ណៃ​ពិដោរ ចោទ​សកម្មភាព​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថា​ជា​សកម្មភាព​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា និង​ធ្វើ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ក្នុងស្រុក​របស់ខ្លួន​ប៉ុណ្ណោះ​។



​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Zaw Htay នៅ​ថ្ងៃទី​០៥ ខែធ្នូ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្មី​បន្ថែមទៀត ដោយបាន​អះអាង លោក ពិតជា​ខកចិត្ត​ជាខ្លាំង​ទៅលើ​ឥរិយាបថ​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ ក្នុងការ​ដឹកនាំ​ការប្រមូលផ្តុំ​ប្រឆាំងនឹង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ការរិះគន់​មកលើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ខ្លាំងៗ​ទៀត​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ។

​អ្នកនាំពាក្យ​រូបនោះ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« យើង​ពិតជា​ខកចិត្ត​ជាខ្លាំង​ចំពោះ​សកម្មភាព​របស់លោក​។ វា ហាក់ដូចជា លោក កំពុងតែ​ប្រើប្រាស់​សាសនា​ដើម្បី​ធ្វើជា​ឈ្នាន់​ក្នុងការ​គេង​ចំណេញ​ការគាំទ្រ​នយោបាយ​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​របស់លោក​នោះទេ​។​» នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ ដែល​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​រូបនោះ​ដែល​បន្ថែមទៀត​យ៉ាង​ដូច្នេះ​ថា​៖« ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា តែ ជំនួស​ដោយ​ការមិន​សួរនាំ​បញ្ហា​តាមរយៈ​ភាសា​ការទូត លោកនាយក​រដ្ឋមន្ត្រី បែរជា​ទៅ​ដឹកនាំ​បាតុកម្ម​ទៅវិញ​។ នេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​ខកចិត្ត​ណាស់​។​»

​ជាងនេះទៅទៀត​នោះ លោកអ្នក​នាំពាក្យ​ថែមទាំង អះអាង​ទៀតថា ឥរិយាបថ​របស់លោក​នាយករដ្ឋមន្ត្រី ប៉ះពាល់​មិន​ត្រឹមតែ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​នោះទេ តែ ប៉ះពាល់​ដល់​តំបន់​អាស៊ាន​ទាំងស្រុង​តែម្តង​។ កា​របះ​ពាល់​ដល់​អាស៊ាន​នោះ​គឺ អាស៊ាន បានកំណត់​រួចទៅហើយ​នៅក្នុង​ធម្មនុញ្ញ​របស់ខ្លួន ដោយ មិន​អនុញ្ញាត​ឲ្យ​រដ្ឋ​សមាជិក​ណាមួយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​ផ្សេងទៀត​បានឡើយ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០៤ ខែធ្នូ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ដឹកនាំ​បាតុកម្ម និង​ប្រមូល​ដែលមាន​ការចូលរួម​ពី​ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ ៥០០០​នាក់ នៅក្នុង​កូ​ឡា​ឡាំ​ពួរ។ នៅក្នុង​ចំណោម​ការប្រមូល​ផ្តុំ​ដ៏​ធំ​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា មី​យ៉ាន់​ម៉ា ត្រូវតែ​បញ្ឈប់​ការបង្ក្រាប​បង្ហូរឈាម​នោះ​។

​លោក ថែមទាំង​ប្រើពាក្យ​វាយប្រហារ​ខ្លាំង​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដោយ​លោក ចោទ​យ៉ាង​ដូច្នេះ​ថា​៖«​តើ​អ៊ុង​សាន ស៊ូ​ជី ប្រើ​ងារ​ពានរង្វាន់​ណូ​ប៊ែ​ល​ដើម្បី​ធ្វើ​អ្វីខ្លះ​? យើង​ត្រូវតែ និង​ការពារ​ប្រជាជន​ម៉ូ​ស្លី​ម និង​សាសនា​ឥស្លាម​»​។ លោក ក៏​ទទូច​ឲ្យ​អង្គការសហប្រជាជាតិ​ចេញ​វិធានការ​ដោយ​មិន​ត្រឹមតែ​អង្គុយ​មើល «​អំពើ​ប្រល័យពូជសាសន៍​»​កើតឡើង​ឡើយ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  ម៉ាឡេស៊ី​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com