អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីតាលី​អស់តំណែង ដោយ​ចាញ់​ការបោះឆ្នោត​ប្រជាមតិ​កែ​រដ្ឋធម្មនុញ្ញ​
05, Dec 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ចុះ​ចេញពី​តំណែង​ក្រោយ​លោក​ទទួល​បរាជ័យ​ក្នុងការ​បើ​ឆ្នោត​ប្រជាមតិ ដែល​ជំរុញ​ឲ្យ​មានការ កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បន្ថយអំណាច​ព្រឹទ្ធសភា​។ ការចាកចេញ​របស់​នា​យក​រដ្ឋមន្ត្រី​រូបនេះ​នឹងធ្វើ​ឲ្យ​អ៊ីតាលី​ហាក់​ធ្លាក់ខ្លួន​ចូលក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​។



សូមស្ដាប់ព័ត៌មានលម្អិត៖




​លោក Matteo Renzi បានប្រកាសថា លោក​នឹង​ចុះ​ចេញពី​តំណែង​ក្នុងពេល​ឆាប់ៗ​នេះ ក្រោយ​ពេលដែល​ចលនា​គាំទ្រ​ការកែប្រែ​រដ្ឋធម្មនុញ្ញរ​បស់​លោក​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​ចុង​សប្តាហ៍​នេះ​។ 
​ថ្លែង​សុន្ទរកថា​នៅ​ពីមុខ​ទង់ជាតិ​អ៊ីតាលី និង​ទង់ជាតិ​សហភាព​អឺរ៉ុប នាយករដ្ឋមន្ត្រី Matteo Renzi បាន​បញ្ជាក់ថា​៖« បទពិសោធន៍​ខ្ញុំ​ក្នុង​រដ្ឋាភិបាល​បញ្ចប់​ត្រឹម​ថ្ងៃនេះ​។ ខ្ញុំ​ទទួលយក​រាល់​ការទទួលខុសត្រូវ​ទាំងអស់​ចំពោះ​ការបរាជ័យ​នេះ​»​។ លោក​ទទួលស្គាល់ថា ចលនា​មិន​គាំទ្រ​ការកែ​រដ្ឋធម្មនុញ្ញ ទទួល​ជ័យជម្នះ​ហើយ​។​

​លោក Matteo Renzi ក៏បាន​ប្រាប់​ផងដែរ​ថា លោក​នឹង​ទៅ​ជួប​ប្រធានាធិបតី​អ៊ីតាលី Sergio Mattarella ​ដើម្បី​ប្រគល់​លិខិត​លាលែង​ពី​តំណែង​ផងដែរ​។



​យ៉ាងណាក៏ដោយ ការដកខ្លួន​របស់លោក Matteo Renzi នឹង​ជះឥទ្ធិពល​អាក្រក់​លើ​នយោបាយ​និង​សេដ្ឋកិច្ច​អ៊ីតាលី​ដែរ​។ ហើយ​ក្រោយ​លោក​ចាកចេញ រដ្ឋាភិបាលចាំផ្ទះ​មួយ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​គ្រប់គ្រង​ប្រទេស​ជំនួស ទម្រាំ​ដល់​ការបោះឆ្នោត​មកដល់​ឆ្នាំ ២០១៨ នោះ​។ គេ​មើលឃើញថា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Pier Carlo Padoan ជា​អ្នកនយោបាយ​មួយរូប​ដែល​អាច​នឹង​ជំនួស​តំណែង​លោក Matteo Renzi ដើម្បី​ធ្វើជា​ប្រធាន​គណៈរដ្ឋមន្ត្រី​។​

-​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផ្តោតលើ​អ្វី​ឲ្យ​ប្រាកដ​?
​ប្រជាមតិ​ផ្តោតលើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​គឺមាន​គោលដៅ​សំខាន់​បន្ថយអំណាច​ព្រឹទ្ធសភា ដោយ​រាល់​ច្បាប់​ដែល​ស្នើឡើង​មិនចាំបាច់​ការអនុញ្ញាត​ពី​ព្រឹទ្ធសភា​ឡើយ​។  វា​ប្រឆាំងនឹង​បទបញ្ញត្តិ​បច្ចុប្បន្ន​ដែល​តម្រូវ​ឲ្យ​សភា​ទាំងពីរ​យល់ព្រម​ជាមុនសិន​នោះ​។ ហើយ​វា​ក៏មាន​គោលបំណង​បន្ថយ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ដែល​ឡើង​តាម​ការបោះឆ្នោត​ដោយផ្ទាល់ ៣១៥ នាក់​និង សមាជិក​ព្រឹទ្ធសភា​មួយជីវិត​៥​នាក់​ផ្សេងទៀត មក​ត្រឹម ១០០​នាក់​ប៉ុណ្ណោះ​។​

 នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Matteo Renzi រៀបចំ​យុទ្ធនា​ការដឹកនាំ​ចលនា​គាំទ្រ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ ខណៈដែល អ្នកកំប្លែង Beppe Grillo ដឹកនាំ​ចលនា​«​ផ្កាយ​ប្រាំ​»​ដែលមាន​និ​ន្នា​ប្រឆាំង​ចេតនា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​។ លោក Renzi ហ៊ាន​យក​តំណែង​លោក​មក​ភ្នាល់​ថែមទៀត​ផង បើសិនជា​យុទ្ធនាការ​របស់លោក​ចាញ់​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​នោះ​។​

​បើ​យោងតាម​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ចលនា​ផ្កាយ​ប្រាំ បានទទួល​សំឡេងគាំទ្រ​៥៩,៥​ភាគរយ​ឯណោះ ដែល​វា​ច្រើនជាង​ចលនា​គាំទ្រ​ការកែប្រែ​។ ដូច្នេះហើយ​បានជា​លោក Matteo Renzi ត្រូវ​ចាក​ចេញពី​តំណែង​ដូច្នេះ​៕


Tag:
 Matteo Renzi
  Sergio Mattarella
  Beppe Grillo
© រក្សាសិទ្ធិដោយ thmeythmey.com