អន្តរជាតិ
UN ដង្ហោយ​រក​ជំនួយ​មនុស្សធម៌ ២២,២​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ប្រជាជន​ពិភពលោក​
05, Dec 2016 , 10:19 pm        
រូបភាព
​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​រក​ជំនួយ​២២,២​ពាន់​លាន​ដុល្លារ ពី​បណ្តា​ប្រទេស​ទាំងអស់​ទូទាំង​ពិភពលោក​ដើម្បី​ជួយ​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​និង​គ្រោះមហន្តរាយ​នៅ​ឆ្នាំ​ក្រោយនេះ​។



​ឆ្នាំ ២០១៧ អង្គការសហប្រជាជាតិ​ត្រូវការ​លុយ​ជំនួយ ២២,២ ពាន់​លាន​ដុល្លារ​ឯណោះ​ដើ​ម្ប​ជួយ​ដល់​បណ្តា​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​និង​គ្រោះមហន្តរាយ​នៅ​ទូទាំង​ពិភពលោក​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ Stephen O'Brien ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​លោក Stephen O'Brien បាន​បញ្ជាក់ថា​៖​​« ជំនួយ​មនុស្សធម៌​កាន់តែ​សំខាន់​ខ្លាំង​។ មនុស្ស​កាន់តែច្រើន​ត្រូវការ​ជំនួយ​មនុស្សធម៌​នេះ​។ វា​មិនតិចជាង​មុន​ទេ​ព្រោះតែ​គ្រោះមហន្តរាយ​កាន់​អូសបន្លាយ​ពេលវេលា​កាន់តែ​យូរ​»​។​

​លោក Stephen O'Brien  បាន​រម្លឹក​ផងដែរ​ថា កាលពី​ចុងឆ្នាំ​២០១៥ អង្គការ មនុស្សធម៌​អន្តរជាតិ​ត្រូវការ​ជំនួយ​ដែលមាន​ទំហំ​សរុប​២០,​​១​ពាន់​លាន​ដុល្លារ ហើយ​ជំនួយ​នោះបាន​ជួយសង្គ្រោះ​និង​ការពារ និង​គាំទ្រ​ប្រជាជន​ច្រើនជាង​ពេលណា​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​ចាប់ពី​ពេល​អង្គការសហប្រជាជាតិ​ត្រូវបាន​បង្កើត​ឡើងមក​។ សម្រាប់​ឆ្នាំ ២០១៧ នេះ ទំហំ​ជំនួយ​ដែល​គេ​ត្រូវការ​កើនឡើង​ដល់ ២២, ២​ពាន់​លាន​ដុល្លារ ប៉ុន្តែ​គេ​ទើប​ទទួលបាន​កញ្ចប់​ជំនួយ​ត្រឹម ១១,៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំក្រោយ​។​

​ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​រូបនេះ បាន​បន្តថា ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​បណ្តា​អង្គការ​មនុស្សធម៌​អន្តរជាតិ​មាន​គោលដៅ​រក​ជំនួយ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ខ្លាំង​ក្នុងចំណោម​ប្រជាជន​ទាំងអស់​ជិត ១២៩ លាន​នាក់​ដែល​ត្រូវការ​ជំនួយ​នៅ​ប្រទេស​ទាំងអស់ ៣៣ នៅ​ឆ្នាំក្រោយ​។

​នៅលើ​ពិភពលោក​បច្ចុប្បន្ន ចំនួន​ជម្លោះ​ប្រដាប់អាវុធ​កើនឡើង​កាន់តែច្រើន ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ ជម្លោះ​ធ្ងន់ធ្ងរ​ជាងគេ​នៅលើ​ពិភពលោក​មានដូចជា​ស៊ី​រី​,​យេ​ម៉ែ និង​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​វា​តម្រូវ​ឲ្យ​មានការ​ផ្តល់ជំនួយ​ច្រើនជាងគេ​បំផុត​។ ក្រៅពី​ជម្លោះ​ប្រដាប់អាវុធ បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងទៀត ក្លាយជា​គ្រោះថ្នាក់​ធំ​សម្រាប់​ប្រជាជន​លើ​ពិភពលោក​ផងដែរ​៕


Tag:
 Stephen O\'Brien
  UN
  ជំនួយ​មនុស្សធម៌
© រក្សាសិទ្ធិដោយ thmeythmey.com