កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះ​កម្ពុជា​រំពឹង​ឈ្នះ​មេដាយ​ច្រើន​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​
06, Dec 2016 , 9:43 am        
រូបភាព
ដោយ:
​កីឡាការិនី​ចំបាប់ និ សំណាង និង​លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា រំពឹងថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦ (Southeast Asian Wrestling Championship 2016)​។ ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​៦ និង​អត្ត​ព​លិ​ក​ចំនួន​៥៩​នាក់​ចូលរួម ដោយ​កម្ពុជា​ចាត់ទុក​វៀតណាម ជា​ឧបសគ្គ​ដ៏​ធំ​របស់ខ្លួន​ក្នុងការ​ប្រជែង​យក​មេដាយ​។​



​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៣ និ សំណាង រំពឹងថា កម្ពុជា​នឹង​ទទួលបាន​មេដាយ​ច្រើន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦ ប៉ុន្តែ​វៀតណាម​នឹង​ក្លាយជា​ឧបសគ្គ​យ៉ាង​ធំ​។ ក្នុងចំណោម​ប្រទេស​ទាំង​៥​ដែល​ចូលរួម កីឡាការិនី​កម្ពុជា និ សំណាង ហាក់ដូច​ជាមាន​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ប្រទេស​វៀតណាម ព្រោះ​ប្រទេស​នេះ​សម្បូរ​កីឡាករ​ល្អៗ និង​មាន​មាឌធំ​។



​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុង​ថ្ងៃ​បើក​ការប្រកួត​នៅ​ថ្ងៃទី​៥ ខែធ្នូ កីឡាការិនី និ សំណាង បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ប្រទេស​ដែលជា​ឧបសគ្គ​សម្រាប់​ខ្ញុំ​គឺ​ប្រទេស​វៀតណាម ព្រោះ​កីឡាករ​នៃ​ប្រទេស​នេះ​ខុស​គីឡូ​គ្នា​ពី​ខ្ញុំ​ឆ្ងាយ ហើយ​មាឌ​គេ​ក៏​ធំ​ដែរ ដូច​ខ្ញុំ​បានបញ្ជាក់​អម្បាញ់មិញ​អ៊ីចឹង​ថា ខ្ញុំ​ទម្ងន់​៥០​គីឡូក្រាម ហើយ​ខ្ញុំ​ប្រកួត​៥៥​គីឡូក្រាម​។ ប្រសិនបើ​ខ្ញុំ​គីឡូ​៥០​សម្រក​២​គីឡូ​មក​ប្រកួត​៤៨​គីឡូក្រាម​ក៏បាន​ដែរ ប៉ុន្តែ​ខ្ញុំ​ទុក​ឲ្យ​ក្មេងៗ​ប្រកួត ព្រោះ​កម្ពុជា​អាចដាក់​កីឡាករ​បាន​ពីរ​នាក់​ក្នុង​១​វិញ្ញាសា​»​។

​ទោះបីជា​យ៉ាងនេះ​ក្តី ដោយ​ផ្អែកលើ​បទពិសោធន៍​ការប្រកួត និង​ការខិតខំ​ហ្វឹកហាត់​ត្រៀម​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក ម្ចាស់​មេដាយ​សំរឹទ្ធ​កម្រិត​អាស៊ី​រូបនេះ បានដាក់​ក្តី​រំពឹង​រហូត​៨០​ភាគរយ​សម្រាប់​ការស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ជូន​ជាតិ​កម្ពុជា​។​«​ខ្ញុំ​សង្ឃឹម​៨០​ភាគរយ ព្រោះ​ខ្ញុំ​រំពឹង​លើ​បទពិសោធន៍​នៃ​ការប្រកួត និង​ការហ្វឹកហាត់​ដែល​គ្រូ​កូរ៉េ​បានផ្តល់​ឲ្យ​ពួកយើង​តាំងពី​យូរ​មកហើយ​»​។ នេះ​ជាស​ម្តី​របស់​កីឡាការិនី និ សំណាង​។



​ជាមួយគ្នានេះ លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​មានការ​ព្រួយបារម្ភ​មិន​ខុសគ្នា​ពី​កីឡាការិនី និ សំណាង នោះឡើយ​ដោយ​លោក​បានចាត់ទុក​ប្រទេស​វៀតណាម និង​ថៃ ជា​ប្រទេស​ឧបសគ្គ​សម្រាប់​កម្ពុជា​ក្នុងការ​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​។ ការព្រួយបារម្ភ​នេះ ដោយសារ​លោក​យល់ឃើញ​ថា ប្រទេស​វៀតណាម និង​ថៃ ជា​ប្រទេស​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍ និង​សម្បូរ​ធនធាន​កីឡាករ​ដែលមាន​សមត្ថ​ភាព​។

​លោក Casey Barnett បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ឧបសគ្គ​គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រោះ​ប្រទេស​ទាំងពីរ​នោះ​មាន​ចំនួន​កីឡាករ​ច្រើន និង​បទពិសោធន៍​ច្រើន វៀតណាម​មាន​កីឡាករ​ពីរ​នាក់​ដែល​បាន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ អ៊ីចឹង​មានន័យថា គេ​មាន​សមត្ថភាព​ខ្ពស់ ដូច្នេះ​ឧបសគ្គ​សម្រាប់​កម្ពុ​ជាមាន​វៀតណាម បន្ទាប់មក​ប្រទេស​ថៃ​»​។



​ដោយ​ផ្អែកលើ​បទពិសោធន៍​នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ និង​ការហ្វឹកហាត់​នាពេល​កន្លងមក​បានធ្វើ​ឲ្យ​អនុប្រធាន​សហព័ន្ធ​រូបនេះ​មាន​ក្តី​រំពឹង​ខ្ពស់​ក្នុង​ស្វែងរក​មេដាយ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។ ម្យ៉ាងទៀត លោក​គិតថា កីឡា​ចំបាប់​ជា​ក្បាច់គុន​ប្រពៃណី​ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​ដ៏​យូរលង់​ណាស់​មកហើយ​។ លើសពីនេះ​កីឡាករ​ដែល​ដាក់​ឲ្យ​ចូលរួម​សុទ្ធសឹង​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព និង​បាន​ឆ្លងកាត់​ការប្រកួត​តេ​ស្តិ៍​ចម្រាញ់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើងឯក​អាស៊ាន​ឆ្នាំ​២០១៦ កម្ពុជា​បានដាក់​កីឡាករ​ឲ្យ​ចូលរួម​ចំនួន​២៥​នាក់​(​ស្រី​១០​នាក់​), វៀតណាម​ចំនួន​១៦​នាក់​(​ស្រី​៦​នាក់​), ថៃ​ចំនួន​៨​នាក់​(​ស្រី​២​នាក់​), ឡាវ​ចំនួន​៤​នាក់​(​ស្រី​១​នាក់​), ម៉ាឡេស៊ី​៤​នាក់ និង​សិង្ហ​បុរី​ចំនួន​២​នាក់​។ ការប្រកួត​ចាប់ផ្តើម​នា​ថ្ងៃទី​៦ ខែធ្នូ​នេះ នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​៕
















Tag:
 ចំបាប់​
  និ សំណាង​
  Casey Banett
© រក្សាសិទ្ធិដោយ thmeythmey.com