អន្តរជាតិ
លោក Abe នឹង​ទៅ Pearl Harbor ៧៥​ឆ្នាំ បន្ទាប់ពី​ជប៉ុន​វាយប្រហារ​ទៅលើ​ទីបញ្ជាការ​អាមេរិក
07, Dec 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់ Pearl Harbor នៅ​ចុងខែ​នេះ​។​



​នេះ​ជា​លើកទីមួយ​ហើយ​ដែល​មេដឹកនាំ​ជប៉ុន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក​ដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ទម្លាក់​គ្រាប់បែក​នៅក្នុង​វាយប្រហារ​ដោយ​សម្ងាត់​កាលពី​ឆ្នាំ​១៩៤១ ដែល​បាន​រុញច្រាន​អាមេរិក​ឲ្យ​ចូលទៅក្នុង​សង្គ្រាមលោកលើកទីពីរ​។​

​ថ្លែង​ឡើង​ពីរ​ថ្ងៃ​មុនពេល​គម្រប់​ខួប​ទី​៧៥ នៃ​ការវាយប្រហារ​នោះ លោក Abe បាន​មានប្រសាសន៍ថា លោក​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​វិមាន​រំឭក​វិញ្ញាណក្ខន្ធ Pearl Harbor ជាមួយនឹង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​សង្គ្រាម ខណៈដែល​លោក​ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ចុងក្រោយបង្អស់​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក អូ​បា​ម៉ា មុនពេល​ដែល​លោក​ចប់​អាណត្តិ​នៅ​ខែក្រោយ​នេះ​។​

​ទស្សនកិច្ច​របស់លោក Abe ទៅកាន់​កោះ​ហា​វ៉ៃ នៅ​ថ្ងៃទី​២៦ និង​ទី​២៧​ខែធ្នូ នឹងត្រូវ​ធ្វើឡើង​រយៈពេល​៦​ខែ បន្ទាប់ពី​លោក អូ​បា​ម៉ា បាន​ក្លាយជា​ប្រធានាធិបតី​កំពុងកាន់​តំណែង​មុនគេ​បង្អស់​របស់​អាមេរិក​ដែល​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​វិមាន​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីក្រុង Hiroshima​។​

​ទីក្រុង Hiroshima គឺជា​ទីក្រុង​មួយ​នៅក្នុង​ប្រទេស​ជប៉ុន ដែល​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​ដំបូងបង្អស់​ដើម្បី​បញ្ចប់សង្គ្រាម​កាលពី​ឆ្នាំ​១៩៤៥៕


© រក្សាសិទ្ធិដោយ thmeythmey.com