អន្តរជាតិ
លោកស្រី ស៊ូ​ជី ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​យោគយល់​ពី​បញ្ហា​«​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​» ព្រោះ​...
06, Dec 2016 , 7:39 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី
លោកស្រី អ៊ុងសាន ស៊ូជី
ដោយ: ថ្មីៗ
​មេដឹកនាំ de facto  មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​មើល​ឃើញតែ​ចំណុច​អវិជ្ជមាន និង​បំប៉ោង​បញ្ហា​«​រ៉ូ​ហ៊ីង​យ៉ា​» ឲ្យ​កាន់តែ​ធំ​នោះ​។ លោកស្រី អះអាងថា រដ្ឋបាល​របស់លោក​ស្រី បាននិងកំពុង​តែ​គ្រប់គ្រង និង​ព្យាយាម​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​បញ្ហា​នេះ​រក្សា​នៅ​ភាពស្ងប់ស្ងាត់​។



«​ខ្ញុំ នឹង​ស្វាគមន៍ ប្រសិនបើ សហគមន៍​អន្តរជាតិ នឹង​ជួយ​យើង​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព និង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការកសាង​ទំនាក់ទំនង​រវាង​សហគមន៍​ទាំងពីរ​កាន់តែ​ល្អប្រសើរ​(​ក្រុម​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ក្រុម​ភាគច្រើន​ពុទ្ធសាសនិក​) ជំនួស​ដោយ​ការ​តែងតែ​ការអំពាវនាវ និង​ការសម្តែង​ការខកចិត្ត​ពី​បញ្ហា​ជាដើម​នោះ​»​។ នេះ គឺជា​ការអះអាង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍​សិង្ហ​បុរី  Channel News Asia ក្នុងពេល​លោកស្រី បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សិង្ហ​បុរី​នៅ​សបា្តហ៍​មុន​កន្លងទៅ​។

​ក្នុង​កិច្ចសម្ភាសន៍​ដដែល​នោះ លោកស្រី ស៊ូ​ជី ដែលជា​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ផងដែរ​នោះ ក៏បាន​ទទូច​ទៅកាន់​សហគមន៍​អន្តរជាតិ​ឲ្យ​មានការ​យោគយល់​ជុំវិញ​វិបត្តិ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដោយ​លោកស្រី ពន្យល់ថា វា​ជា​បញ្ហា​រសើប និង​ផុយស្រួយ​មួយ ហើយ​ទំនាក់ទំនង​រវាង​សហគមន៍​ទាំងពីរ មិន​ដែលមាន​លក្ខណៈ​ល្អប្រសើរ​ជាមួយគ្នា​ម្តងណា​ឡើយ​។

​យ៉ាងណាក៏ដោយ ទីប្រឹក្សា​រដ្ឋ​រូបនេះ ក៏បាន​បញ្ជាក់​ទៀត​យ៉ាង​ដូច្នេះ​ថា​៖«​វា មិនមាន​ប្រយោជន៍​អ្វី​ឡើយ ប្រសិនបើ​គ្រប់គ្នា ផ្តោតទៅលើ​ចំណុច​អវិជ្ជមាន​នៃ​ស្ថានភាព បើទោះបីជា​មានការ​វាយប្រហា​រ​ទៅលើ​កងកម្លាំង​រដ្ឋាភិបាល​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​០៩ ខែតុលា​នោះ​»​។ លោកស្រី លើកឡើង​បែបនេះ​ដើម្បី​ឆ្លើយតប​ទៅ​តប​នឹង​ការលើកឡើង​របស់​មន្ត្រី​អង្គការសហប្រជាជាតិ​ទ​ទទួលបាន​ជនភៀសខ្លួន បាន​ចោទ​យោធា បានធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដោយមាន​ទាំង​ការសម្លាប់ ចាប់រំលោភ ដុ​ច​ផ្ទះសម្បែង និង​បង្ខំ​ឲ្យ​ចាក​ចេញពី ប្រទេស​ផងដែរ​នោះ​ដែល​បានចាប់ផ្តើម​ពី​ខែតុលា​កន្លង​ទៅនោះ​។

​តាមច្បាប់​សញ្ជាតិ​មី​យ៉ាន់​ម៉ា មានតែ​ជនជាតិ​១៣៥ ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រជាជន​ស្របច្បាប់​មី​យ៉ាន់​ម៉ា តែ មិនមាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​នោះឡើយ​។ បើទោះបីជា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា បាន​ចូលទៅ​តាំង​លំនៅ​ភាគច្រើន​នៅក្នុង​រដ្ឋ Rakhine ភាគ​ខាងជើង​នៃ​មី​យ៉ាន់​ម៉ា​រហូតដល់​បង្កើតជា​កូន​តដល់​ចៅ​ហើយ​ក៏ដោយចុះ ពួកគេ នៅតែ​ត្រូវបាន​ចាត់ទុកជា​ជនភៀសខ្លួន​មកពី​បង់​ក្លា​ដែ​ស​ប៉ុណ្ណោះ​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទូទៅ​។ ប្រជាជន​ភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ាង​រស់នៅ​ដោយ​គ្មាន​សញ្ជាតិ ហើយ​ត្រូវបាន​គេ​រំលោភបំពាន​និង​ធ្វើទុក្ខបុកម្នេញ​ដូច​សត្វ​ធាតុ​។ គ្មាន​ឡើយ​សិទ្ធិ​ជា​មូលដ្ឋាន កុំថាឡើយ​មាន​សិទ្ធិ​សាសនា​និង​ជំនឿ​នោះ​។ នេះ​ក៏ដោយ​សារ ចាប់តាំងពី​ជម្លោះ សាសនា​កើតឡើង​ឆ្នាំ ២០១២ មក ពួកគេ​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​ប​ណ្តា​សង្ឃ​ជ្រុលនិយម​និង​ប្រជាជន​កាន់សាសនា​ព្រះពុទ្ធ​ដែល​ជ្រុលនិយម​មួយចំនួន​ផង​៕


Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com