អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដឹកនាំ​ដោយ​ចិន កំពុង​ត្រូវបាន​ជជែក ខណៈ​កិច្ចព្រមព្រៀង​ដឹក​ដោយ​អាមេរិក ហៀបនឹង​រលត់
06, Dec 2016 , 4:37 pm        
រូបភាព
ដោយ:
​មន្ត្រី​ពាណិជ្ជកម្ម​ជាន់ខ្ពស់​មក​ពី​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន​១៦ នៅ​ថ្ងៃទី​០៦ ខែធ្នូ​នេះ បានចាប់ផ្តើម​កិច្ចពិភាក្សា​តុមូល​លើក​ទី​១៦​ដើម្បី​ជជែក​ពី​សំណើ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម «​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP)» នៅក្នុង​ក្រុង​ហ្សា​តា​រការ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។ កិច្ចពិភាក្សា​នេះ ធ្វើឡើង​ស្របពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​ប៉ា​ហ្វិ​កមួយ​ផ្សេងទៀត​ដែល​ដឹកនាំ​ដោយ​អាមេរិក​កំពុងតែ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា​។



​ប្រធាន​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ លោក Iman Pambagyo បាន​អះអាងថា កិច្ចការ​ធំ​បំផុត​ដែល​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​ចរចា​រវាង​បណ្តា​មន្ត្រី​សមាជិក RCEP ដែល​ត្រូវ​ផ្តើម​ពីថ្ងៃ​ទី​០៦​ដល់​ថ្ងៃទី​០៩ ខែធ្នូ​ក្នុង​ក្រុង​ហ្សា​ការ​តា​នេះ គឺ​ដើម្បី​ស្វែងរក​«​តុល្យភាព​មួយ​ពិតប្រាកដ​»​រវាង​ផលប្រយោជន៍​ដៃគូ​ពាណិជ្ជកម្ម​អាស៊ាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូនេស៊ី The Jakarta Post​។

​ប្រធាន​គណៈកម្មាធិការ​ចរចា​រូបនោះ ក៏បាន​បន្ថែមទៀតថា ក្រុមការងារ​ចរចា កំពុងតែធ្វើការ​រួមគ្នា ដែល កិច្ចការ​នេះ​ទាមទារ​ឲ្យ​មានការ​បត់បែន​ខ្លាំង​ពី​គ្រប់ភាគី​ដើម្បី​ធានា​ឲ្យ​បានការ​ស្រុះស្រួល​គ្នា​ទាំង​ផលប្រយោជន៍ និង​ចំណុច​ចម្រូងចម្រាស​នោះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា RCEP (Regional Comprehensive Economic Partnership) គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន និង​លើក​ចរចា​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១២​ក្នុងឱកាស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក បង្កើតឡើង​ដើម្បី​ប្រែក្លាយ​តំបន់​រដ្ឋ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី​។​

​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ រាប់បញ្ចូល​សមាជិក​អាស៊ាន​ទាំង​ដប់ និង ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូ​វែ​ល​សេ​ឡង់​។ RCEP គ្រោង​នឹង​បញ្ចប់​ការ​ព្រមព្រៀងគ្នា​ក្នុង​ឆ្នាំ​២០១៥ និង​២០១៦​នេះ​ទៅហើយ តែ ដោយសារ​សមាជិក​រប​ស់ RCEP មួយចំនួន មានការ​ស្ទាក់ស្ទើរ​ពី​ស្តង់ដារ​ពីរ​ជាន់ ដ្បិត ពួកគេ ក៏​ជា​ភាគី​ហត្ថលេខី​របស់ TPP ដែល​ដឹកនាំ​ដោយ​អាមេរិក​ផងដែរ​នោះ​។​

​យ៉ាងណាក៏ដោយ ពេលនេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​ហៅថា TPP ដែល​ដឹកនាំ​ដោយ​អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ជិត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា ស្ទើរតែ​រលំរលាយ​ទៅហើយ ដ្បិត រដ្ឋបាល​ថ្មី​អាមេរិក​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក លោក ដូ​ណា​ល់ ត្រាំ គ្មាន​ឆន្ទៈ​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង TPP​ឡើយ​។ នេះ ក៏​អាច​មានន័យ​ដែរ​ថា លទ្ធភាព​នៃ​ការ​អាច​សម្រេចបាន​ជោគជ័យ​របស់ RCEP ក៏មាន​ច្រើន​ផងដែរ​៕


Tag:
 ​អាមេរិក​
  ចិន​
  RCEP
  TPP
© រក្សាសិទ្ធិដោយ thmeythmey.com