អន្តរជាតិ
នាយករដ្ឋមន្ត្រី Manuel Valls លាលែង​ពី​តំណែង​ដើម្បី​ឈរឈ្មោះ​ជា​ប្រធានាធិបតី
06, Dec 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​បារាំង​លោក Manuel Valls សម្រេច​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​ក្រោយនេះ​។ លោក​នឹង​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​សាកល្បង​ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​សង្គមនិយម​ដែល​នឹង​ចាប់​ផ្តើមឡើង​នៅ​ខែមករា​ខាងមុខ​។



«​ខ្ញុំ​ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់​»​។​នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​បារាំង​លោក Manuel Valls នៅ​ថ្ងៃ​អង្គារ​ទី ៦​ខែធ្នូ ក្នុងពេល​ផ្តល់​សុន្ទរកថា​ក្នុង​យុទ្ធនាការ​នយោបាយ​មួយ​នៅ​តំបន់​ជាយក្រុង Evry ។ លោក​បានបញ្ជាក់​ផងដែរ​ថា​លោក​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​សាកល្បង​ក្នុង​បក្ស​សង្គមនិយម​នៅ​ខែមករា បន្ទាប់ពី​លោក​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នោះ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​បារាំង​រូបនេះ​ប្រកាស​ចូល​ប្រកួត​យក​តំណែង​ប្រធានាធិបតី ក្រោយ​ពេលដែល​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ សម្រេចចិត្ត​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​នយោបាយ​នេះ​។​

​សូមបញ្ជាក់​បន្តិច​ថា លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានប្រកាស​ហើយ​កាលពី​សប្តាហ៍​មុន​ថា លោក​មិន​ឈរឈ្មោះ​ជាថ្មី​ឡើយ​។ លោក​ដឹង​ច្បាស់​ថា ប្រជាប្រិយភាព​លោក​ធ្លាក់ចុះ​ខ្លាំង ហើយ​បើទោះជា​លោក​ឈរឈ្មោះ​ក៏​លោក​មិនមាន​សមត្ថភាព​ជាប់​ជាថ្មី​ដែរ​។​

​ត្រឡប់មកវិញ លោក Manuel Valls បាន​សង្កត់ធ្ងន់ថា ការ​ឈរឈ្មោះ​នេះ​ជាការ​ទទួលខុសត្រូវ​និង​កាតព្វកិច្ច​របស់លោក​ក្នុងការ​បង្រួបបង្រួម​ប្រជាជន​បារាំង​។ លោក​បាន​ឆ្លៀតឱកាស​ផ្ញើ​សារ​ព្រមាន​ទៅកាន់​អ្នកគាំទ្រ​និង​បណ្តា​ប្រជាជន​បារាំង​ផងដែរ​ជុំវិញ​ការបោះឆ្នោត​នៅពេល​ខាងមុខ​ដែល​បេក្ខជន​បក្ស​ស្តាំនិយម​ជ្រុល Marine Le Pen អាច​នឹង​ឈ្នះឆ្នោត​នោះ​។ លោក​លើកយក​ការបោះឆ្នោត​ឆ្នាំ ២០០២ ដែល​ឪពុក​លោកស្រី Marine Le Pen  លោក Jean-Marie Le Pen អាច​ចូលរួម​ប្រកួត​ការបោះឆ្នោត​ជុំ​ទី ២ ដើម្បី​ឈានទៅ​កាន់តំណែង​ប្រធានាធិបតី​នោះ​។​

​ដោយឡែក គណបក្ស​សង្គមនិយម​នឹង​រៀបចំ​ការបោះឆ្នោត​សាកល្បង​ក្នុង​បក្ស​នៅ​ខែមករា​ខាងមុខនេះ​ដើម្បី​ជ្រើសរើស​បេក្ខជន​តំណាង​ឲ្យ​បក្ស​ដើម្បី​ចូលរួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ដែល​នឹង​រៀបចំឡើង​នៅ​ចុ​ខែមករា​និង​ដើមខែ​ឧសភា​ឆ្នាំក្រោយ​។ គេ​រំពឹងថា លោក Manuel Valls នឹងត្រូវ​ប្រឈម​មុខជា​មួយ​បេក្ខជន​ក្នុង​បក្ស​សង្គមនិយម​យ៉ាងហោច​ណាស់ ៧​នាក់​ទៀត​ដែរ​នៅក្នុង​ការបោះឆ្នោត​ពីរ​ជុំ​ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃ ២២ និង​ថ្ងៃ ២៩ មករា​នោះ​។

​សូមបញ្ជាក់ថា ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ២៣ ខែមេសា​ឆ្នាំក្រោយ ។ ហើយ​បើ​គ្មាន​បេក្ខជន​ណាមួយ​ឈ្នះ​បាន​សំឡេងគាំទ្រ​ភាគច្រើន​ដាច់ខាត​ទេ ការបោះឆ្នោត​ជុំ​ទី​ពីរ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ៧​ឧសភា​ម្តងទៀត​ដើម្បី​ប្រជែង​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​ដែល​ឈ្នះ​បាន​សំឡេង​ច្រើនជាងគេ​ពីររូប​នោះ​។ ក្នុងការ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​នេះដែរ  គណបក្ស​សាធារណរដ្ឋ ជ្រើសរើស​បាន​អតីត​នាយករដ្ឋមន្ត្រី Francois Fillon ជា​បេក្ខជន​តំណាង​បក្ខ ក្រោយ​ការបោះឆ្នោត​ក្នុង​បក្ស​ពីរ​ជុំ​កន្លងមកនេះ​៕


Tag:
 Manuel Valls
  Marine Le Pen
  Francois Fillon
© រក្សាសិទ្ធិដោយ thmeythmey.com