អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង ព្រម​ចុះ​ចេញពី​តំណែង តែ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំក្រោយ​សិន
06, Dec 2016 , 9:39 pm        
រូបភាព
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង
ដោយ: ថ្មីៗ
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun-hye បាន​អះអាង​នៅ​ថ្ងៃទី​០៦ ខែធ្នូ​នេះ​ថា លោកស្រី ព្រម​ទទួលយក​សំណើ​របស់​បក្ស​លោកស្រី​ក្នុង​ការចុះ​ចេញពី​តំណែង​នៅ​ខែមេសា​ឆ្នាំក្រោយ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​មន្ត្រី​បក្ស​កាន់អំណាច​កូរ៉េខាងត្បូង Saenuri ដែល​បាន​ដកស្រង់​សម្តី​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។



​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី​ប្រធានាធិបតី ក៏បាន​បញ្ជាក់ដែរថា លោកស្រី ក៏​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ដកហូត​តំណែង​របស់​លោកស្រី​ដោយ​សភា ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​ផងដែរ​។  តែ លោកស្រី ក៏បាន​ជំទាស់​ទៅនឹង​ការទាមទារ​របស់​បក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​ឥលូវ​នោះ​។

​ការព្រម​ទទួលយក​សំណើ​ចុះ​ចេញពី​តំណែង របស់​បក្ស​កាន់អំណាច​របស់លោក​ស្រី​ប្រធានាធិបតី​រូបនេះ ធ្វើឡើង​ក្រោយពី​បក្ស​កាន់អំណាច Saenuri នៅ​សប្តាហ៍​មុន បានប្រកាស​ដក​ការទុកចិត្ត​លើ​លោកស្រី ដោយ បាន​ទុកពេល​៥​ខែ​សម្រាប់​ប្រធានាធិបតី​រូបនេះ​លាលែង​ពី​តំណែង​ប្រធានាធិបតី​ដែល​កំពុង​រង្គោះរង្គើ​ដោយសារ​រឿងអាស្រូវ​ពុករលួយ​នោះ​។​

​បើ​មិនមាន​ការប្រែប្រួល​នៃ​សំណើ​របស់​បក្ស​កាន់អំណាច​នោះទេ ក្រៅពី​ការចុះ​ចេញពី​តំណែង​ដោយ​ស្ម័គ្រចិត្ត​នៅ​ខែមេសា ឆ្នាំ​២០១៧ ក៏​នឹងមាន​ការរៀបចំ​ការបោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែមិថុនា​ផងដែរ ដែល​ការបោះឆ្នោត​នេះ លឿន​ជាង​កាលបរិច្ឆេទ​ដើម​រយៈពេល​៦​ខែ​ដែល​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៨​នោះ​៕


Tag:
 ​កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com