អន្តរជាតិ
អា​បេ គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅ Pearl Harbor ដើម្បី​ជំរុញ​ឲ្យ​ពិភពលោក​ទប់ស្កាត់​សង្គ្រាម​
06, Dec 2016 , 10:30 pm        
រូបភាព
​នាយ​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ នឹង​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋ​ហា​វ៉ៃ ហើយ​លោក​នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​អ្នក​ដែល​ស្លាប់​នៅ​កំពង់ផែ Pearl Harbor ផងដែរ​។ លោក អា​បេ ក្លាយជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដំបូង​បំផុត​ដែល​ទៅ​ទស្សនកិច្ច​នៅ Pearl Harbor ក្នុង​រយៈពេល ៧៥ ឆ្នាំ ក្រោយ​កងទ័ព​ជប៉ុន​លួច​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​នេះ​។ វា​ជាការ ឆ្លើយតប​សកម្មភាព​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅ​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា​កាលពី​ខែឧសភា​កន្លងទៅនេះ​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​នៅ​ចុងខែ​ធ្នូ​ខាងមុខនេះ​។ អ្វីដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​រួមជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជា​ជនជាតិ​អាមេរិក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​កងទ័ព​ជប៉ុន​នា​ថ្ងៃ ៧ ខែធ្នូ ឆ្នាំ ១៩៤១ មុន​សង្គ្រាមលោកលើកទី​២​ចាប់ផ្តើម​។ 

​ទស្សនកិច្ច​របស់លោក​កើតឡើង​ក្នុង​រយៈពេល ៧៥ ឆ្នាំ ក្រោយ​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នេះ ហើយ​លោក​ក៏​នឹង​ក្លាយជា​មេដឹកនាំ​ជប៉ុន​ទី ១ ដែល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ទាំងនោះ​ដែរ​។ យោងតាម​ការប្រកាសរ​បស់​សេត​វិមាន​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ជួប​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃ ២៧ ខែធ្នូ ហើយ​អ្នក​ទាំងពីរ​នឹង​បន្តដំណើរ​ទៅ​កន្លែង​រម្លឹក​វិញ្ញ​ណ​ក្ខ​ន្ធ​អ្នកស្លាប់ USS Arizona​។​

១. លោក អា​បេ នឹងមិន​សុំ​អភ័យទោស​ចំពោះ​ការវាយប្រហារ​នេះឡើយ​
​គេ​ដឹង​ច្បាស់​ថា ការអញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ Pearl Harbor របស់លោក ស៊ី​ហ្សូ អា​បេ ជាការ​ឆ្លើយតប​នឹង​សកម្មភាព​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ប្រជាជន​ជប៉ុន​ដែល​ស្លាប់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដោយសារ​ការទម្លាក់​គ្រាប់បែកបរមាណូ​របស់ អាមេរិក​ដែរ​។​

​កាលពី​ខែឧសភា លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​ជប៉ុន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក​មិនបាន​សុំ​អភ័យទោស​ចំពោះ​ការទម្លាក់​គ្រាប់បែក​នេះឡើយ​។ លោក អូ​បា​ម៉ា បាន​ឆ្លៀត​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​ឯទៀត​ជាពិសេស​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​សាយភាយ ឬ​ឈានដល់​ការប្រើប្រាស់​អាវុធ​ប្រល័យ​លោក​នេះ​ជាថ្មីទៀត​។ ប្រជាជន​ជប៉ុន​សង្ឃឹមថា បណ្តា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​នឹងធ្វើ​តាម​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​ជប៉ុន​ក៏​ប្តេជ្ញា​បន្ត​តួនាទី​ជាត​ស៊ូ​មតិ​ជំរុញ​ឲ្យ​មានការ​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយជា​ពិភព​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀតផង​។​

​ដោយសារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​សុំ​អភ័យទោស​ចំពោះ​ការទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ទីក្រុង​ជប៉ុន   លោក ស៊ីន​ហ្សូ អា​បេ ក៏​នឹងមិន​សុំ​អភ័យទោស​ចំពោះ​ការវាយប្រហារ​របស់​ក​ង​ទ័ព​ជប៉ុន​នៅ​មូលដ្ឋានទ័ព​អាមេរិក​នេះឡើយ ថ្វីបើ​លោក​បើ​លោក​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​អ្នកស្លាប់​ក្តី​។ 

២.​អា​បេ ជំរុញ​ឲ្យ​ពិភពលោក​ថែរក្សា​សន្តិភាព​និង​ទប់ស្កាត់​កុំ​ឲ្យ​សង្គ្រាម​កើតជា​ថ្មី​
​តាមពិតទៅ លោក ស៊ីន​ហ្សូ អា​បេ ក៏​ឆ្លៀត​យក​ឱកាស​នៃ​ការគោរព​វិញ្ញាណក្ខន្ធ​ដើម្បី​ជំរុញ​ឲ្យ​ពិភពលោក​ថែរក្សា​សន្តិភាព និង​ទប់ស្កាត់​ឲ្យ​បាន​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នេះដែរ​។ លោក​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ទី ៥ ធ្នូ​ថា​៖ «​ខ្ញុំ​ទៅ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​អ្នកស្លាប់ ហើយ​ចង់បង្ហាញ​ទៅកាន់​ពិភពលោក​ថា  សង្គ្រាម​ដែល​គួរ​ឲ្យ​ភ័យខ្លាច​នេះ​មិនត្រូវ​កើតឡើង​ម្តង​ទៀតឡើយ​»​។​

​ជប៉ុន​ដឹង​ច្បាស់​ពី​សោកនាដកម្ម​ក្នុងសម័យ​សង្គ្រាមលោកលើកទី​ពីរ ព្រោះ​ប្រជាជន​ជប៉ុន​រាប់ម៉ឺន​នាក់​ត្រូវស្លាប់​ដោយសារ​ការទម្លាក់​គ្រាប់បែកបរមាណូ​របស់​អាមេរិក​លើ​ទីក្រុង​ធំៗ​ពីរ​របស់ខ្លួន​នោះ​។ វា​ជា​រឿង​ដែល​ជប៉ុន​ចាំ​មិន​ភ្លេច ហើយ​វា​ក៏​ជា​រឿង​ខ្លោចផ្សា​បំផុត​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​។

​ម្យ៉ាងទៀត លោក អា​បេ ក៏​ចង់​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដើម្បី​ផ្សះផ្សា​ជាមួយ​អាមេរិក និង​ពង្រឹង​សម្ព័ន្ធភាព​ដែលមាន​ស្រាប់​នោះ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ផង​។ អ្វីដែល​គេ​មិនអាច​ប្រកែក​បាន​នោះ​គឺ ការគោរព​វិញ្ញាណក្ខន្ធ​ទៅវិញទៅមក​នេះ​ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​ពី​ការផ្សះផ្សា​ទំនាក់ទំនង​ដោយ​ប្តូរ​ពីស​ត្រូវ​ទៅជា​សម្ព័ន្ធមិត្ត រួម​សាមគ្គី​គ្នា​ដើម្បី​ប្រយោជន៍​រួម និង​តម្លៃ​រួមគ្នា​ផងដែរ​។  យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​ប្រហែលជា​ត្រៀមលក្ខណៈ​ស្របពេល​ដែល​ទំនាក់ទំនង​នេះ​អាច​នឹង​ប្រែប្រួល​ក្រោយ​ប្រធានាធិបតី​អាមេរិក​ថ្មី​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​ក្រោយ​។​

​គេ​ដឹង​ច្បាស់​ថា ជប៉ុន​នៅ​ភ័យ​និង​បារម្ភ​ដែរ​ក្រោយ លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​។ នេះ​ក៏ដោយ​សារ​គ្រប់យ៉ាង​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​សូម្បីតែ​សម្ព័ន្ធភាព​ដែលមាន​រាប់​ទសវត្សរ៍​មកហើយ​ក្តី​។ កាលពីដើម​ឆ្នាំនេះ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស ទារ​ថ្លៃ ការពារ​ពី​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ជប៉ុន​និង​កូរ៉េខាងត្បូង ហើយ​លោក​ថែមទាំង​គំរាម​ដកទ័ព​ចេញពី​ប្រទេស​ទាំងពីរ​នេះ​ទៀត​ផងដែរ​។  ប៉ុន្តែ​ក្រោយ​ដឹងថា​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ភ្លាម លោក ស៊ីន​ហ្សូ អា​បេ ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅ​អាមេរិក​ទៅ​ស្កាត់​ជួប​លោក ត្រាំ ដើម្បី​បង្ហាញ​ពី​គោលជំហរ​របស់​ជប៉ុន​និង​ការត្រៀម​លក្ខណៈ​ធ្វើការ​ជាមួយគ្នា​នៅពេល​អនាគត​ថែមទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com