អន្តរជាតិ
ឆ្កែ​មួយ​ក្បាល​នៅ​អាល្លឺម៉ង់​ក្លាយជា​មេ​ចិញ្ចឹម​របស់​កូន​ខ្លា​
07, Dec 2016 , 9:19 am        
រូបភាព
ដោយ: ធីតា
 
​សត្វ​ឆ្កែ​មួយ​ក្បាល និង​ម្ចាស់​របស់​វា បាន​រ៉ាប់រង​លើ​ការចិញ្ចឹម​បីកូន​ខ្លា​ភ្លោះ​មួយគូ បន្ទាប់ពី​មេ​របស់​ពួកវា បាន​បោះបង់ចោល​។ នេះ​ជា​ករណី​ដ៏​កម្រ​មួយ​ដែល​កើតឡើង​នៅ​សួនសត្វ​មួយ​ក្នុងប្រទេស​អាល្លឺម៉ង់​។​

 
​អ្នកស្រី Jeannette Waurns មន្ត្រី​សួនសត្វ Stukenbrock Safari Park ក្នុងប្រទេស​អាល្លឺម៉ង់ និង​ជា​ម្ចាស់​របស់​ឆ្កែ​ឈ្មោះ Leon បាន​បញ្ជាក់ថា កូន​ខ្លា​ឈ្មោះ Peach និង Pearl ត្រូវបាន​មេ​បង្កើត​របស់​ពួកវា បាន​បដិសេធ​មិន​ឲ្យ​នៅ​ជាមួយ​។ គាត់​បាន​អះអាងថា​៖ «Leon បង្ហាញ​ពី​ប្រតិកម្ម​ល្អ​ភ្លាម​ក្នុងការ​ចិញ្ចឹម​បីបាច់​កូន​ខ្លា​ភ្លោះ​មួយគូ​នេះ ដែល​ទើប​តែមាន​អាយុ​១​ខែ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ AOL Travel News អ្នកស្រី Jeannette បាន​គូសបញ្ជាក់ថា Leon គឺជា​ឆ្កែ​ឈ្មោល ប៉ុន្តែ​វា​ចាត់ទុក​ខ្លួន​ដូចជា​ឆ្កែ​ញី​។ វា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការនាំ​កូន​ខ្លា Peach និង Pearl ប្រឡែង​លេង និង​រត់​លេង​ជាដើម​។ Leon ក៏​ធ្លាប់មាន​បទពិសោធន៍​ជួយ​ដល់​ការ​ធំធាត់​របស់​តោ​ស​មួយ​ក្បាល​កាលពី​ឆ្នាំ​២០១២ កន្លងមក​ផងដែរ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​សួនសត្វ​រូបនេះ មិនមាន​គម្រោង​ទុក​ឲ្យ​ខ្លា​ភ្លោះ​នៅ​ជាមួយ Leon រហូតដល់​ធំ​នោះឡើយ​។ គាត់​បាន​លើកឡើងថា ខ្លា​មិនមែនជា​សត្វ​ចិញ្ចឹម​នោះឡើយ វា​ស្ថិតនៅក្នុង​ក្រុម​សត្វ​សាហាវ ដូច្នេះ វា​អាច​បង្ក​អំពើហិង្សា​នៅ​ថ្ងៃ​ណាមួយ​៕
 
 
 

Tag:
 ឆ្កែ​
  កូន​ខ្លា
© រក្សាសិទ្ធិដោយ thmeythmey.com