អន្តរជាតិ
ចិន​លក់​សំបុត្រ​ទេសចរ​ណ៍ចូល​ទស្សនា​វេទិកា​ប្រជុំ​អាស៊ី​BOAO
07, Dec 2016 , 10:30 am        
រូបភាព
ដោយ:
 
​ហៃ​ណាន​, ចិន​៖ រដ្ឋាភិបាល​ចិន​បានអនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​កន្លែង​រៀបចំ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ី និង​ចិន ឬ​វេទិកា​អាស៊ី ប៊ួ​អៅ (BOAO)​ក្នុង​ទីក្រុង​ប៊ួ​អៅ ខេត្ត​ហៃ​ណាន​។ ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៨០​យ័ន ស្មើនឹង​ជាង ១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​នាក់ ដើម្បី​ចូល​ទស្សនា​វេទិកា​ប្រជុំ​របស់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ី​-​ចិន​ជាង ២០​ប្រទេស តាំងពី​ឆ្នាំ ២០១៤​មក​។​


 
​កញ្ញា សៀវ ហ័​រ ម​គ្គុ​ទេ្ទ​ស​ក៏​ទេសចរ​ប្រចាំ​តំបន់ BOAO បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ភ្ញៀវទេសចរ​ចាប់អារម្មណ៍​ពី​វេទិកា​នេះ ព្រោះ​ពួកគេ​ចង់​ស្វែងយល់​ពី​ការរៀបចំ​កិច្ចប្រជុំ​របស់​មេដឹកនាំ​ដោយផ្ទាល់​។ នារី​វ័យ​ជាង ២០​ឆ្នាំ រូបនេះ បាន​បន្ត​ប្រាប់​អំឡុងពេល​សេវាកម្ម​ទេសចរណ៍​ផ្តើម​ដំណើរ​កម្សាន្ត​លើ​កោះ​ហៃ​ណាន ​ថា ភ្ញៀវទេសចរ​ភាគច្រើន ជា​ជន​ជាតិចិន​ជា​មធ្យម​ជាង ២​ពាន់​នាក់​ក្នុង​មួយថ្ងៃៗ​ដែល​ចូល​ទស្សនា​វេទិកា​នេះ​។​
 
​លើសពីនេះ ទេសចរ​មិន​ត្រឹមតែ​ទិញ​សំបុត្រ​ដើរ​ទស្សនា​បន្ទប់​ប្រជុំ​នោះទេ ពួកគេ​អាច​ចំណាយលុយ​ឈរ​ថតរូប​លើ​វេទិកា​ថ្នាក់ដឹកនាំ​អាស៊ី​ចិន​ដែលមាន​ការរៀបចំ​ទុកជាមុន​។​
 
​ក្រៅពីនេះ ពួកគេ​អាច​ទិញ​វត្ថុ​អនុ​វស្សា​វ​រី​យ​ប្រពៃណី​ដែល​ចិន​ជួល​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​តាម​ស្តង់​ទំនិញ​នានា ដូចជា ចិញ្ចៀន ផ្លិត កងដៃ និង​សំលៀកបំពាក់​ជាដើម​រួមទាំង​ភ្លក់​រសជាតិ​ម្ហូបអាហារ​ចិន​ផងដែរ​។​
 
​បន្ទាប់ពី​ការ​ទស្សនា​បរិវេណ​វេទិកា​ប៊ូ​អៅ​ដែល​គ្របដណ្តប់​ដោយ​សួន​រុក្ខា​ដ៏​ត្រជាក់​ស្រស់បំព្រង​នា​រដូវ​ត្រជាក់​រួច ភ្ញៀវទេសចរ​អាច​ទិញ​សំបុត្រ​ទូក ៥០​យ័ន ប្រមាណ ៦​ដុល្លារ​អាមេរិក​ទៀត​ជិះ​ទស្សនា​ដង​ទន្លេ​វ័ន​ឈាន (Wangaun River) ដែល​ហូរ​ប្រសព្វ​គ្នា​នឹង​ទន្លេ​ម្រាម​ប្រាំ និង​សមុទ្រ​ចិន​ខាងត្បូង​រយៈពេល​ជាង ១០​នាទី​។ លុះដល់​ត្រើយម្ខាង​ដែល​ស្ថិត​ទល់មុខ​នឹង​វេទិកា​អាស៊ី ប៊ូ​អៅ អ្នកទេសចរ​អាច​កម្សាន្ត​លើ​ឆ្នេរ​ខ្សាច់​បណ្តោយ​មាត់សមុទ្រ​ចិន​ខាងត្បូង ទិញ​វត្ថុ​អនុស្សាវរីយ ភ្លក់​អាហារ​សមុទ្រ និង​ស្នាក់​នៅក្នុង​សណ្ឋាគារ​ក៏បាន​។​
 
​បើតាម​កញ្ញា សៀវ ហ័​រ ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​ប៊ូ​អៅ​បានទទួល​អត្ថប្រយោជន៍​ពី​ការលក់ទំនិញ វត្ថុ​អនុស្សាវរីយ និង​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ចិន​ជាច្រើន​។​«​មុនពេល​រដ្ឋាភិបាល​រៀបចំ​តំបន់​នេះ ពលរដ្ឋ​ភាគច្រើន​ប្រកប​របរ​នេសាទ​ទឹកសាប និង​នេសាទ​សមុទ្រ និង​កសិកម្ម​បន្ទាប់បន្សំ​សម្រាប់​ផ្គត់ផ្គង់​ពលរដ្ឋ​ភាគ​ខាងជើង​តែប៉ុណ្ណោះ​»​។ មគ្គ​ទេស​ក៏​ទេសចរ​ប្រចាំ​តំបន់​ខាងលើ​បញ្ជាក់​តាម​ការបកប្រែ​រួច មុន​បន្ថែមថា តំបន់​នេះ​បើកទទួល​ភ្ញៀវ​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ជា​រៀងរាល់ថ្ងៃ លើកលែង​ថ្ងៃ​មាន​ខ្យល់ព្យុះ​ខ្លាំង​។​
 
​រដ្ឋាភិបាល​ចិន​មិន​ត្រឹម​រៀបចំ​វិនិយោគ​តំបន់​ទេសចរ​ទីក្រុង Boao​តែមួយ​ឡើយ​។ តាម​នារី​មាន​សម្បុរ​ដូច​សំឡីកប្បាស រាងស្តើង​ខ្ពស់ សៀវ ហ័​រ​ទីក្រុង​ភាគ​ខាងកើត​ខេត្ត​ហៃ​ណាន ប៊ូ​អៅ​នេះ គ្រាន់តែ​ជា​គោលដៅ​ទេសចរ​ចិន​ទី​១០ ប៉ុណ្ណោះ ចំណោម​តំបន់​ទេសចរ​វប្បធម៌ ប្រពៃណី ធម្មជាតិ និង​កែច្នៃ​ទាំង​របស់​រដ្ឋ និង​ឯកជន​តូចធំ​មិន​ក្រោម ១០០​កន្លែង ក្នុង​កោះ​ហៃ​ណាន​។

ទីក្រុង​ប៊ួ​អៅ មាន​ផ្ទៃដី​ទំហំ​ជាង ៣០​គីឡូម៉ែត្រ​ក្រឡា ភាគខាងត្បូង​តំបន់​ហៃ​ខូវ (Haikou) ដែល​ជាទី​រួម​ខេត្ត​ហៃ​ណាន​ចម្ងាយ​ជាង ១០០​គី​ឡួ​ម៉ែត្រ​៕
 

























































ទស្សនាឆ្នេរសមុទ្រចិនខាងត្បូង

Tag:
 ហៃ​ណាន​
  ចិន​
  BOAO
© រក្សាសិទ្ធិដោយ thmeythmey.com