កីឡាជាតិ
ជាតិ
ក្រោយ​វៀតណាម​ឈ្នះ​មេដាយមាស​ទាំងអស់​ក្នុង​ថ្ងៃ​ដំបូង​កម្ពុជា​រំពឹង​ទទួល​មេដាយមាស​នៅថ្ងៃនេះ​
07, Dec 2016 , 11:25 am        
រូបភាព
ដោយ:
​ក្រោយ​អត្ត​ព​លិ​ក​ចំបាប់​វៀតណាម​ដែលជា​ជើង​ខ្លាំង​ផ្នែក​ចំបាប់​នៅ​អាស៊ាន​បានឈ្នះ​មេដាយមាស​គ្រប់​ប្រភេទ​វិញ្ញាសា​ទាំងអស់​នា​ការប្រកួត​កាលពី​ថ្ងៃទី​៦ ខែធ្នូ ម្សិលមិញ​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​រំពឹងថា ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​នឹង​ដណ្តើមបាន​មេដាយមាស​ជូន​ជាតិ​ពី​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​នា​ការប្រកួត​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ចុងក្រោយ​នេះ​។



​ទោះបី​កម្ពុជា​មិនអាច​ដណ្តើមបាន​មេដាយ​ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​ទាំង​៨​ប្រភេទ​វិញ្ញាសា​ក៏ដោយ ប៉ុន្តែ​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុ​ជាមាន​ក្តី​រំពឹង​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​អាច​ដណ្តើមបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍ Southeast Asian Wrestling Championship 2016 ជូន​ជាតិ​កម្ពុជា​ក្នុង​ថ្ងៃ​ប្រកួត​ចុងក្រោយ​នេះ​។



«​បើទោះបីជា​កម្ពុជា​យើង​មិនទាន់​រកបាន​មេដាយមាស ក្នុងការ​ប្រកួត​នៅ​ថ្ងៃ​ដំបូង​ក៏ដោយ ប៉ុន្តែ​ការប្រកួត​នៅ​នេះ​ខ្ញុំ​រំពឹងថា អត្ត​ព​លិ​ករ​បស់​យើង​អាច​នឹង​ឈ្នះ​បាន​មេដាយមាស​១ ឬ​២ ជាមិនខាន​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។

​សម្រាប់​ការប្រកួត​ដែល​ធើ្វ​ឡើង​នៅ​មជ្ឈមណ្ឌល​កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យុង​ខ្មែរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៦ ខែធ្នូ ម្សិលមិញ​អត្ត​ពលិកម​ក​ពី​វៀតណាម​បានឈ្នះ​មេដាយមាស​ទាំងអស់​លើ​៨​ប្រភេទ​វិញ្ញាសា​ក្នុង​ក្រិច​កូ​រ៉ូ​ម៉ាំង​ផ្នែក​បុរស​៥​ប្រភេទ​ទម្ងន់​(៧៥​គ​.​ក្រ​, ៧១, ៦៦, ៥៩ និង​៨០​គ​.​ក្រ​) និង​ចំបាប់​សេរី​ផ្នែក​នារី​៣​ប្រភេទ​ទម្ងន់​(៥៥​គ​.​ក្រ​, ៤៤ និង​៤៨​គ​.​ក្រ​)​។



​ក្នុង​ថ្ងៃ​ប្រកួត​បើកឆាក​នេះដែរ​ម្ចាស់ផ្ទះ​កម្ពុជា​ទទួលបាន​មេដាយប្រាក់​ចំនួន​៦ និង​មេដាយ​សំរឹទ្ធ​ចំនួន​៨​។ រីឯ​ប្រទេស​ថៃ ទទួលបាន​ប្រាក់​១ និង​សំរឹទ្ធ​២ ខណៈ​ម៉ាឡេស៊ី ប្រាក់​១ និង​សំរឹទ្ធ​១ និង​ប្រទេស​ឡាវ​ទទួល​មេដាយ​សំរឹទ្ធ​១​។ ចំណែក​សិង្ហ​បុរី មិនទាន់​ទទួលបាន​មេដាយ​នោះឡើយ ព្រោះ​អត្ត​ព​លិ​ក​មិនបាន​ចូលរួម​កាលពី​ម្សិលមិញ​។​

​ចំពោះ​ប្រភេទ​វិញ្ញាសា​ទាំង​១០​ផ្នែក​ចំបាប់​សេរី ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​នៅ​ថ្ងៃទី​៧ ខែធ្នូ នេះ​រួមមាន​ផ្នែក​បុរស​មាន​៨​ប្រភេទ​ទម្ងន់​(៦៥​គ​.​ក្រ​, ៧៤, ៧០, ៦១, ៩៧, ៨៦, ៥៧ និង ៥៣​គ​.​ក្រ​) និង​ផ្នែក​នារី​២​ប្រភេទ​ទម្ងន់​(៦៣​គីឡូក្រាម និង​៥៨​គីឡូក្រាម​)​។ ក្នុងចំណោម​១០​ប្រភេទ​ម្ង​ន់​នេះ​កម្ពុជា​ហាក់ដូចជា​រំពឹង​ឈ្នះ​មេដាយមាស​លើ​ប្រភេទ​ម្ង​ន់​៩៧​គីឡូក្រាម និង​ទម្ងន់​៥៧​គីឡូក្រាម​ផ្នែក​បុរស​៕




















Tag:
 ចំបាប់​
  ធិ​ន វិចិត្រ​
  ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com