អន្តរជាតិ
អតីត​ប្រមុខ​UN ព្រមាន​មជ្ឈដ្ឋាន​ទូទៅ​ឲ្យ​ប្រើពាក្យ​«​ប្រល័យពូជសាសន៍​»​លើ​រឿង​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​ប្រុង​ប្រ​យ័​តុ្ន​បន្តិច
07, Dec 2016 , 11:38 am        
រូបភាព
លោក កូហ្វី អាណាន់ (ខាងឆ្វេង) និងលោកស្រី អ៊ុងសាន ស៊ូជី (ខាងស្តាំ)
លោក កូហ្វី អាណាន់ (ខាងឆ្វេង) និងលោកស្រី អ៊ុងសាន ស៊ូជី (ខាងស្តាំ)
ដោយ: ថ្មីៗ
​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជា​អ្នក​ប្រឹក្សា​លើ​តំបន់​វិវាទ​ជាតិ​សាសន៍​មី​យ៉ាន់​ម៉ា លោក កូហ្វី អាណាន់ (Kofi Annan) ព្រមាន​ទៅកាន់​មជ្ឈដ្ឋាន​ទូទៅ​ឲ្យ​ប្រើប្រាស់​«​ពាក្យ​ប្រល័យពូជសាសន៍​»​ក្នុង​បរិបទ​វិបត្តិ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​បាន​ត្រឹមត្រូវ និង​សមស្រប​។ លោក អះអាងថា ការពណ៌នា​ពី​ស្ថានភាព​នៅ​ទីនោះ គួរតែ​ប្រើប្រាស់​វ​ក្យ​សព្ទ​ឲ្យ​បាន​ប្រុងប្រយ័ត្ន​បន្តិច​។



​ឆ្លើយ​នឹង​សំណួរ​នា​សន្និសីទ​សារព័ត៌មាន​ក្នុង​ក្រុង​រ៉ង​ហ្គូ​ន ថ្ងៃទី​០៦ ខែធ្នូ​ម្សិលមិញ​នេះ ដែល​សួរថា​តើ កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពិតជា​បាន​ប្រព្រឹត្ត​«​អំពើ​ប្រល័យពូជសាសន៍​»​ប្រឆាំងនឹង​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine ឬ​យ៉ាងណា លោក កូហ្វី អាណាន់ បាន​សង្កត់ធ្ងន់ថា​« ប្រល័យពូជសាសន៍ គឺជា​បទល្មើស​មួយ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​មានការ​ពិនិត្យ​ផ្នែក​ច្បាប់ និង​ការសម្រេច​ពី​ប្រព័ន្ធតុលាការ​។ លោក បន្ថែមទៀតថា ការអះអាង​បែបនេះ មិនមែន​«​ចេះតែ​និយាយបាន​តាមតែ​ចិត្ត​ឡើយ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​មី​យ៉ាន់​ម៉ា​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស The Irrawaddy​។

​សន្និសីទ​សារព័ត៌មាន​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី​លោក កូហ្វី អាណាន់ ដែល​លោកស្រី​ប្រឹក្សា​រដ្ឋ​អ៊ុង​សាន ស៊ូ​ជី តែងតាំង​ជា​អ្នក​ប្រឹក្សា​ក្នុង​តំបន់​វិវាទ​រូបនេះ បានបញ្ចប់​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​រដ្ឋ​មាន​វិវាទ​នៃ​ការប៉ះទង្គិច​គ្នា​នា​រយៈពេល​ចុងក្រោយ​នេះ ដោយ​លោក ក៏បាន​ជួប​ជជែក​ជាមួយនឹង​លោក​ប្រធានាធិបតី ធិ​ន ច លោកស្រី​ទីប្រឹក្សា​រដ្ឋ​អ៊ុង​សាន ស៊ូ​ជី និង​មេ​បញ្ជា​កងទ័ព​លោក មិន អ៊ុង​ឡាំង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ ដែល​បាន​បន្ថែមទៀតថា លោក អាណាន់ ក៏បាន​លើក​ឲ្យ​រដ្ឋាភិបាល​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្ស​ព្ច​ផ្សាយ ដើម្បី​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​អាចយ​ល់ពី​ស្ថានភាព​ពិតប្រាកដ​នោះ​។

​អ្នក​ប្រឹក្សា​រូបនោះ បាន​បញ្ជាក់ថា មាន​ជា​រឿង និង​ពាក្យ​ច​ចាម​អារាម​ជាច្រើន ដែល​មជ្ឈដ្ឋាន​ទូទៅ​មិនបាន​ដឹងថា​អ្វី​ពិតប្រាកដ ដ្បិត ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនអាច​មានលទ្ធភាព​ទៅដល់​កន្លែងកើតហេតុ ហើយ​លោក ថែមទាំង​សង្កត់ធ្ងន់ថា មានតែ​តម្លាភាព​នោះទេ ដែល​ឧបករណ៍​ដែលមាន​ឥទ្ធិពល​ដើម្បី​លុបបំបាត់​នូវ​រឿង​ច​ចាម​អារាម​ទាំងនោះ​។

​សូម​រម្លឹក​ផងដែរ​ថា ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​BBC នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា  ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការិយាល័យ​ជនភៀសខ្លួន លោក John McKissick បាន​អះអាងថា ទាហាន និង​ប៉ូលិស​តម្រួត​ព្រំដែន​មី​យ៉ាន់​ម៉ា បាន​ចូលរួម​អនុវត្ត​«​ទណ្ឌកម្ម​ជា​សមូហភាព​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​» ចាប់តាំងពី​ថ្ងៃទី​០៩ ខែតុលា​មក​។
 
​ប្រធានការិយាល័យ​ជនភៀសខ្លួន​រូបនោះ បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា បាន​បាញ់សម្លាប់​បុរស និង​សម្លាប់​ក្មេង រំលោភ​ស្ត្រី ដុត និង​លួច​ផ្ទះ​របស់​ជនជាតិ​ទាំងនោះ និង​កាន់តែ​ធ្ងន់ធ្ងរ​នោះ បង្ខំ​ប្រជាជន​ទាំងនោះ​ឲ្យ​ឆ្លងកាត់​តាម​ទន្លេ​ទៅកាន់​ប្រទេស បង់​ក្លា​ដែ​ស ដែលជា​ប្រទេសជិតខាង​របស់​មី​យ៉ាន់​ម៉ា​។ លោក បាន​បន្ថែមទៀតថា នេះ​គឺជា​ដ៏​រឿង​លំបាក​មួយ​សម្រាប់​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ដ្បិត បើ​មិន​ទទួល​ជនភៀសខ្លួន​ទាំងនោះ ពួកគេ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្លាប់ និង​រង​ការធ្វើ​ទុក​បុក​ម្នេញ​ប៉ុណ្ណោះ តែ​ចំហ​ព្រំដែន នោះ វា ក្លាយជា​ការលើកទឹកចិត្ត​ដល់​ក្រុម​យោធា​ទាំងនោះ ប្រព្រឹត្ត​សកម្មភាព​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍​សិង្ហ​បុរី​នាពេល​ថ្មីៗ​នេះ លោកស្រី​ទីប្រឹក្សា​រដ្ឋ​អ៊ុង​សាន ស៊ូ​ជី ក៏បាន​ផ្ញើ​សារ​ខ្លាំង​ទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ​ផងដែរ​។ លោកស្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ នឹង​ស្វាគមន៍ ប្រសិនបើ សហគមន៍​អន្តរជាតិ នឹង​ជួយ​យើង​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព និង​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការកសាង​ទំនាក់ទំនង​រវាង​សហគមន៍​ទាំងពីរ​កាន់តែ​ល្អប្រសើរ​(​ក្រុម​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ក្រុម​ភាគច្រើន​ពុទ្ធសាសនិក​) ជំនួស​ដោយ​ការ​តែងតែ​ការអំពាវនាវ និង​ការសម្តែង​ការខកចិត្ត​ពី​បញ្ហា​ជាដើម​នោះ​»៕


Tag:
 មី​យ៉ាន់​ម៉ា​
  Kofi Annan
  រ៉ូ​ហ៊ីង​យ៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com