អន្តរជាតិ
ប្រេង​ក្លាយជា​គន្លឹះ​នៃ​ជម្លោះ​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​
08, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
​តៃប៉ិ​ក៖ ​ការរុករក​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ត្រូវបាន​គេ​មើលឃើញថា ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ជម្លោះ​អះអាង​ដណ្តើមយក​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​ពឹងផ្អែក​ច្រើន​ទៅលើ​ការ​នាំចូល​ប្រេងឥន្ធនៈ​នាពេល​បច្ចុប្បន្ន​។ ប៉ុន្ដែ​គ្មាន​ប្រទេស​ណាមួយ​បាន​ទាញយក​ប្រេងរ​ឬ​ឧស្ម័ន​នៅក្នុង​តំបន់​សមុទ្រ​ដែលមាន​ទំហំ​៣.៥​លាន​គីឡូ​ម៉ែត្រក្រឡា​ដែល​លាតសន្ធឹង​ពី​ប្រទេស​តៃវ៉ាន់​ទៅ​ប្រទេស​សិង្ហ​បុរី បើទោះបីជា មានការ​រំពឹងទុក​តាំងពី​ឆ្នាំ​១៩៧០​នោះ​ក៏ដោយ ។​



​ក្រុមអ្នកវិភាគ​ដែល​តាមដាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បានលើកឡើង​ថា​បញ្ហា​អធិបតេយ្យភាព​ជាតិ​គឺជា​ហេតុផល​ចម្បង​ដែល​ប្រទេស​នានា​រុករក​ប្រេង​និង​ឧស្ម័ន​។ ប្រទេស​ព្រុយ​ណេ ចិន ម៉ាឡេស៊ី និង ប្រទេស​វៀតណាម ធ្វើការ​រុករក​រ៉ែ​ដោយ​ខ្លួនឯង​។ រដ្ឋាភិបាល​ហ្វីលីពីន បាន​ទទួលយក​ការដេញថ្លៃ​រុករក​ប្រេង​នៅក្នុង​ឆ្នាំ ២០១៤​ពី​ក្រុមហ៊ុន​ឯកជន​មួយចំនួន​។​

​លោក Fabrizio Bozzato អ្នកស្រាវជ្រាវ​ឯកទេស​ខាង​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់​បាន​ថ្លែងថា​៖

«​សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​អា​រ៉ា​ប៊ី​សា​អូឌីត វា​មិនមែនជា​ប្រទេស​អ៊ីរ៉ាក់ ហើយ​វា​មិនមែន​តំបន់​មជ្ឈិមបូព៌ា​នោះទេ​។ គោលបំណង​សំខាន់​នៃ​ការទាមទារ​ដើម្បីឱ្យ​ក្លាយជា​ម្ចាស់​តំបន់​នោះ គឺ​មិនមែន​ដោយសារតែ​ពួកគេ​ចង់​ចូល​យក​ប្រេង​និង​ឧស្ម័ន​នៅក្នុង​តំបន់​នេះ​នោះទេ​។ ការអភិវឌ្ឍ​ធនធាន​អ៊ី​ដ្រូ​កាបូន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង​ក្លាយជា​វិធី​មួយ​ដើម្បី​កំណត់​ដែន​បូរណភាព​ទឹកដី​»​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា ការរុករក​ប្រេងឥន្ធនៈ​ផូស៊ីល​ធ្វើឡើង​កាលពី​ខែតុលា​នៅពេលដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាប់ផ្តើម​ពិភាក្សា​ទៅលើ​ការរុករក​ប្រេង​រួមគ្នា​។ កិច្ចពិភាក្សា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការកសាង​ឡើងវិញ​នូវ​ទំនាក់ទំនង​ដែល​ត្រូវបាន​អាប់អួ​ចាប់តាំងពី​ឆ្នាំ ២០១២ នៅពេលដែល​នាវា​នៃ​ភាគី​ទាំងពីរ​បាន​ជាប់គាំង​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា​នៅ​តំបន់ Scarborough Shoal នៅ​ភាគ​ខាងលិច​នៃ​កោះ​Luzon​។​

​សម្រាប់​ភាគី​តៃវ៉ាន់​វិញ​ដែល​បានទាមទារ​ផ្នែក​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង​ថា​ជា​របស់ខ្លួន​ដែរនោះ អតីត​ប្រធានាធិបតី​បានស្នើ​ការរុករក​ធន​ធាន​រួមគ្នា​ជាមួយនឹង​គូប្រជែង​ទាមទារ​នានា​ផងដែរ​។​

​ប៉ុន្តែ​សកម្មភាព​នៃ​ការរុករក​ប្រេង​និង​ឧស្ម័ន​នេះ​បានបង្ហាញ​សញ្ញា​នៃ​ការត្រួតត្រា​លើ​មួយផ្នែក​នៃ​សមុទ្រ​មួយ​ដែល​ត្រូវបាន​ខួង​រក​រ៉ែ នេះ​បើ​យោងតាម​ក្រុមអ្នកវិភាគ​ដែល​បាន​ថ្លែង​ដោយ​ផ្អែកលើ​ជម្លោះ​ជា​បន្តបន្ទាប់​។​

​នៅពេលដែល​ប្រទេស​ហ្វីលីពីន​រកឃើញ​ឧស្ម័ន​នៅ​កោះ Palawan  កាលពី​ឆ្នាំ ១៩៧៦ ប្រទេស​ចិន​បាន​ប្តឹង​និង​បានធ្វើ​ឲ្យ​គម្រោង​នេះ​ជាប់គាំង​។ ការដាក់​ទីតាំង​ស្ថានីយ៍​ខួង​ប្រេង​នៅ​ឈូង​សមុទ្រ​មួយ​របស់​ចិន​នៅក្នុង​ឆ្នាំ​២០១៤​បាន​នាំឱ្យមាន​ឧបទ្ទវហេតុ​ទូក​បុក​ជាមួយ​ទូក​មកពី​ប្រទេស​វៀតណាម និង​បាន​បណ្តាល​ឲ្យ​ផ្ទុះឡើង​នូវ​កុបកម្ម​ប្រឆាំងនឹង​ចិន​ដែល​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ជាច្រើន​នាក់​ស្លាប់បាត់​បង់ជីវិត​។ វៀតណាម​បាន​តវ៉ា​ជា​ផ្លូវការ​ទៅលើ​ការដ្ឋាន​ខួង​ឧស្ម័ន​របស់​ចិន​មួយទៀត​កាលពី​ខែមេសា​ឆ្នាំ​២០១៦​នេះ​។​

​លោក Carl Baker នាយក​កម្មវិធី​វេទិកា​ប៉ាស៊ីហ្វិក​នៃ​មជ្ឈមណ្ឌល CSIS នៅ​ទីក្រុង Honolulu​បាន​ថ្លែងថា ការរុករក​រ៉ែ​រួមគ្នា​នឹង​បញ្ជាក់​អំពី​សម្បទាន​អធិបតេយ្យភាព​មួយ​។​

«​ប្រហែល​ជាមាន​ការលើក​ទឹកចិត្ត​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ប្រទេស​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​អាចធ្វើ​ការរួម​គ្នា​និង​ព្យាយាម​រុករក​រ៉ែ ពីព្រោះ​វា​លំបាក​ខ្លាំងណាស់​ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​ព្រមព្រៀងគ្នា​បាន ដោយសារតែ​វា​តម្រូវឱ្យមាន​ការទទួល​ស្គាល់​សិទ្ធិ​ក្នុងការ​ទាញយក​ធនធាន​ទាំងនោះ ដែល​មានន័យថា​ពួកគេ​ត្រូវ​បោះបង់ចោល​អធិបតេយ្យភាព​មួយចំនួន​។ សម្រាប់​ប្រទេស​ចិន​នេះ ការធ្វើ​បែបនេះ​គឺជា​ការលំបាក​ខ្លាំងណាស់ ហើយ​សម្រាប់​ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម​វិញ ពួកគេ​បាន​មើលឃើញថា ការធ្វើ​បែបនេះ​នឹង​បង្កើតឱ្យមាន​បញ្ហា​នៅក្នុង​ស្រុក​ផងដែរ​»​។​

​ប្រទេស​ហ្វីលីពីន​បានចាប់ផ្តើម​រុករក​ប្រេង​នៅ​ភាគ​ខាងលិច​នៃ​កោះ Palawan នៅ​តំបន់ Reed Bank កាលពី​ជាង ៤០ ឆ្នាំមុន​។ នៅ​ឆ្នាំ​១៩៨៤​ក្រុមហ៊ុន​ហ្វីលីពីន មួយ​បាន​រកឃើញ​កន្លែង​ដែលមាន​ប្រេង​នៅ​តំបន់​ដូចគ្នា​ហើយ​វា​ផ្តល់​ប្រេង​ចំនួន​១៥% នៃ​ការប្រើប្រាស់​ប្រេង​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋ​អាមេរិក ឬ US Energy Information Agency បានធ្វើការ​ប៉ាន់ប្រមាណ​ថា មាន​ប្រេង​ប្រមាណ​១១​ពាន់​លាន​បារ៉ែល​និង​ឧស្ម័ន​ធម្មជាតិ​ប្រមាណ​៥.៣​លាន​លាន​ម៉ែត្រគូប​នៅ​បាតសមុទ្រ​។ ភាគច្រើន​នៃ​រ៉ែ​ទាំងនោះ​ស្ថិតនៅ​តំបន់​ជាប់​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ទាមទារ​កម្មសិទ្ធិ​នៅក្នុង​ដែនសមុទ្រ ដែល​មិនមាន​ជម្លោះ​។ លោក Baker បានឱ្យដឹងថា​ភាគច្រើន​នៃ​ថាមពល​ដែលមាន​សក្តានុពល​នោះ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ​នោះទេ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋ​អាមេរិក​U.S. Engergy Information បាន​ប៉ាន់​ស្មានថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មាន​ប្រេង​ប្រមាណ ២៦៨​ពាន់​លាន​បារ៉ែល ហើយ​ប្រទេស​អ៊ីរ៉ាក់ មាន​ប្រមាណ​១៤៤ ពាន់​លាន​បារ៉ែល​។ ប្រទេស​រុស្ស៊ី នាំមុខគេ​នៅក្នុង​ពិភពលោក​ផ្នែក​ឧស្ម័ន​ធម្មជាតិ​គឺមាន​ប្រមាណ​ជាង​១៤០​លាន​លាន​ម៉ែត្រគូប​។​

​ក្រុមអ្នកវិភាគ​បាន​បន្ថែមថា ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង និង​ការចំណាយ​ក្នុងការ​ទាញយក​រ៉ែ​ប្រេងឥន្ធនៈ​ពីក្រោម​បាតសមុទ្រ គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការនាំ​ចេញពី​ការរកឃើញ​នៅ​បាតសមុទ្រ​មានកំណត់​។ លោក Oh Ei Sun គ្រូបង្រៀន​ជំនាញ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Singapore Nanyang University​បាន​ថ្លែងថា ប្រទេស​ម៉ាឡេស៊ី​ដែលជា​ប្រទេស​ទាមទារ​ភាពជា​ដែនសមុទ្រ​ទាំងនោះ គឺជា​ប្រទេស​ដែលមាន​ឥន្ធនៈផូស៊ីល​ច្រើន​បំផុត​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ តំបន់​មួយចំនួន​ក្នុងប្រទេស​នេះ​កំពុង​ត្រូវបាន​គេ​រុករក​រ៉ែ​។ ប្រទេស​ម៉ាឡេស៊ី​មាន​ប្រេង​ប្រមាណ ៥​ពាន់​លាន​បារ៉ែល​និង មាន​ឧស្ម័ន​ធម្មជាតិ​ប្រមាណ​ជាង​២​ពាន់​លាន​លាន​ម៉ែត្រគូប​។​

​លោក Oh បាន​ថ្លែងថា​៖

«​បើទោះបីជា​អ្នករក​ឃើញ​ប្រភព​ថ្មី​នៃ​ប្រេង​និង​ឧស្ម័ន អ្នកនឹង​នៅតែ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅលើ​ឧបករណ៍​និង​ធនធាន​ផ្សេងទៀត​ដើម្បី​រុករក​រ៉ែ​ទាំងនោះ ដូច្នេះ​បញ្ហា​បន្ទាន់​នាពេលនេះ គឺ​ការទាមទារ​ឲ្យ​រក​ប្រភព​ថ្មី​នៃ​ប្រេង​និង​ឧស្ម័ន​ទៅវិញ​ទេ ហើយ​ខ្ញុំ​គិតថា​ប្រភព​ថ្មី​នោះ​មាន​មិន​ច្រើន​នោះទេ​»​។​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com