អន្តរជាតិ
ម្ចាស់​ពានរង្វាន់​អ្នកកាសែត Peter Mackler ប្រើប្រាស់ Whatsapp ដើម្បី​បញ្ជូន​ព័ត៌មាន
08, Dec 2016 , 8:59 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន៖ នាពេល​ថ្មីៗ​នេះ អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​មកពី​ប្រទេស Burundi មួយរូប​ដែល​ប្រឈម​នឹង​ការធ្វើ​ទុក​បុក​ម្នេញ​និង​អំពើហិង្សា​នៅក្នុង​ប្រទេស​កំណើត​រប​ស់លោក បានទទួល​ពានរង្វាន់​នៅក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដោយសារតែ​ភាព​អង់អាច​ក្លាហាន​និង​ការលះបង់​របស់លោក ដើម្បី​ផ្តល់ព័ត៌មាន​ដែល​ពិត​និង​មិន​លំអៀង​ដល់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស Burundi​។ អ្នកកាសែត​រូបនេះ​ដែលមាន​ឈ្មោះថា Eloge Willy Kaneza បាន​ប្រើប្រាស់​វិធី​ពិសេស​មួយ​ដើម្បី​សម្រេច​ការងារ​របស់លោក​។​



​លោក Eloge Willy Kaneza ដែល​ធ្វើការ​ឲ្យ VOA និង​សារព័ត៌មាន Associated Press បានឈ្នះ​ពានរង្វាន់ Peter Mackler សម្រាប់​អ្នកកាសែត​ដែលមាន​ភាព​អង់អាច​ក្លាហាន​និង​មាន​ក្រមសីលធម៌​សម្រាប់ ឆ្នាំ​២០១៦​។ លោក​បានទទួល​ពានរ​ង្វាន់​នេះ​កាលពី​ថ្ងៃទី​១៣ ខែតុលា នៅឯ​ក្លឹប​អ្នកកាសែត​ជាតិ​នៅក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​។​

​ប្រទេស Burundi ដែលជា​ប្រទេស​តូច​មួយ​និង​មិន​ជាប់​នឹង​សមុទ្រ​ហើយ​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក​នោះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១៥៦ លើ ១៨០ នៅក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ធ្វើឡើង​ដោយ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​។ អំពើហិង្សា​ប្រឆាំងនឹង​អ្នកកាសែត​នៅតែ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ធំៗ​នៅក្នុង​ប្រទេស Burundi​។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ទាំងនេះ​មិនបាន​បញ្ឈប់​លោក Eloge Willy Kaneza ឲ្យ​ធ្វើ​ការងារ​របស់លោក​នោះទេ​។ លោក​បាន​ថ្លែងថា អ្វីដែល​លោក​ធ្វើ​គឺជា​វិធី​តែមួយគត់​ដែល​លោក​អាច​ធ្វើបាន​ដើម្បី​បម្រើ​ជាតិ​របស់លោក​។​

«​សម្រាប់​ខ្ញុំ អ្វីដែល​ខ្ញុំ​ធ្វើ ខ្ញុំ​គិតថា វា​គឺជា​រឿង​ធម្មតា​នោះទេ ពីព្រោះថា ក្នុងនាម​ជា​អ្នកកាសែត​មួយរូប នេះ​គឺជា​វិធី​តែមួយគត់​ដើម្បី​បម្រើ​ប្រទេសជាតិ​របស់ខ្ញុំ ពីព្រោះថា ប្រទេស​របស់ខ្ញុំ បានផ្តល់​នូវ​អ្វីៗ​ជាច្រើន​សម្រាប់​ខ្ញ‍ុំ​»​។​

​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ប្រធានាធិបតី Burundi លោក Pierrer Nkurunziza បាន​បិទ​ស្ថានីយ៍​វិទ្យុ​ឯករាជ្យ​ទាំងអស់​នៅក្នុង​ប្រទេស ដោយ​ស្តីបន្ទោស​ស្ថានីយ៍​ទាំងនោះ​ថា​ជា​អ្នកបង្ក​ភាពវឹកវរ​ក្នុងប្រទេស​។ លោក Kaneza ហើយ​និង​ក្រុម​របស់លោក​បាន​រកឃើញ​វិធីសាស្ត្រ​ថ្មី​មួយ គឺ​ដោយ​ប្រើ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណិ​ត​ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ Burundi​។​

«​ទោះបីជា​យើង​មិនមាន​កន្លែង​ដើម្បី​ប្រមូលផ្តុំ​គ្នា​ក៏ដោយ ពួកយើង​ប្រើប្រាស់​ទូរស័ព្ទ​របស់​យើង​ជា​បន្ទប់​ផ្សាយ​ព័ត៌មាន​។ យើង​មាន​ក្រុម​របស់​យើង​នៅក្នុង​កម្មវិធី WhatsApp ហើយ​រាល់​ព្រឹក ពួកយើង​និយាយ​សួស្តី​ដាក់គ្នា ហើយ​ប្រាប់​គ្នា​ទៅវិញទៅមក​ថា​យើង​មាន​ព័ត៌មាន​អ្វ‍ី​»​។​

​កម្មវិធី WhatsApp អនុញ្ញាត​ឲ្យ​គ្រប់គ្នា​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​ជួបប្រទះ នេះ​បើ​យោងតាម​លោក Malachy Browne អ្នក​ផលិត​វីដេអូ​ជាន់ខ្ពស់​សម្រាប់​កាសែត New York Times ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​នេះ​ក្នុងនាម​ជា​វាគ្មិន​មួយរូប​ផងដែរ​។​

«​កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​បាន​ជួបប្រទះ​នឹង​ព្រឹត្តិការណ៍​នានា​អាច​រៀបរាប់​ពី​រឿងរ៉ាវ​ទាំងនោះ ដោយ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​កម្មវិធី WhatsApp ហើយ​បញ្ជូន​ព័ត៌មាន​និង​រៀបរាប់​អំពី​អ្វីដែល​ពួកគេ​មាន ហើយ​ការធ្វើ​ដូច្នោះ​គឺ​យើង​ពិតជា​ទទួលបាន​នូវ​បទពិសោធន៍​ពី​ពួក​គ‍េ​»​។​

​កម្ម​វី​ធី WhatsApp គឺជា​កម្មវិធី​ដែលមាន​សុវត្ថិភាព​និង​មានអំណាច​ក្នុងការ​ផ្តល់ព័ត៌មាន ពិសេស​នៅក្នុង​ប្រទេសមួយ​ដែល​ពោរពេញ​ទៅដោយ​ពាក្យ​ច​ចាម​រ៉ា​ម​និង​អំពើហិង្សា​ដ៏​សាហាវ​កើតមានឡើង នេះ​បើ​យោងតាម​លោក Scott Stearns អ្នកគ្រប់គ្រង​និពន្ធ​នាយក​របស់ VOA​ផ្នែក​តំបន់​អាហ្វ្រិក​។​

«​វា​គឺជា​កម្មវិធី​ដ៏​មានអំណាច​ពិសេស​មួយ ពីព្រោះថា​កម្មវិធី​នេះ​មាន​លេខ​កូដ​ការពារ​ពិសេស​។ ហើយ​ទី​២ ដោយសារតែ​វា​មាន​ភាព​ជិតស្និត​ក្នុងការ​ប្រើប្រាស់​កម្មវិធី WhatsApp​ជា​វេទិកា​ផ្តល់ព័ត៌មាន​។ នេះ​មានន័យថា​អ្នក​មិនចាំបាច់​ឡើងទៅ​ជាន់​កំពូល​របស់​អាគារ​និង​ស្រែក ហើយ​សង្ឃឹម​អ្នក​ដែល​ឮ​អ្នក ស្តាប់​អ្នក​នោះទេ​។ គ្រប់គ្នា​ដែល​អ្នក​ផ្ញើរ​ព័ត៌មាន​ទៅនោះ​គឺជា​អ្នក​ដែល​សុំ​អ្នកធ្វើ​មិត្ត​របស់​ពួកគេ​នៅក្នុង​កម្មវិធី WhatsApp នោះ​។ ដូច្នេះ គឺ​១០០​ភាគរយ​ហើយ​ថា​អ្នក​ដែល​អ្នក​ចែកចាយ​ព័ត៌មាន​តាមរយៈ​កម្មវិធី WhatsApp នោះ គឺ​ចង់​ឮ​ពី​អ្ន​ក‍​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក Stearns បាន​បន្ថែមថា នៅតែមាន​ហានិភ័យ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​នេះ ដោយសារតែ​បច្ចេកវិទ្យា​ទាំងនោះ​នៅតែ​ពឹង​អាស្រ័យទៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ហើយ​ថា​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ​នៅតែ​ជា​បញ្ហា​នោះ អាច​កាត់ផ្តាច់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅពេលណា​ក៏បាន​។​

«​ប៉ុន្តែ​ហានិភ័យ​នោះ​ត្រង់​ថា កម្មវិធី​ទាំងនោះ​នៅតែ​ពឹង​ផ្អែកទៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។ ហើយ​កាលពី​ឆ្នាំមុន​នៅក្នុង​ទ្វីបអាហ្វ្រិក យើង​ឃើញថា ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​ទូទាំងប្រទេស​ត្រូវ​បានកា​ត់​ផ្តាច់​នៅក្នុង​រដ្ឋធានី Brazzaville នៃ​ប្រទេស Congo ប្រទេស Gabon និង​ប្រទេស Uganda រយៈពេល​មួយ​សប្តាហ៍​មុន​និង​ក្រោយពេល​បោះឆ្នោត ដូច្នេះ​អ្នក​នៅតែ​ត្រូវការ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត‍​»​។​

​ពានរង្វាន់ Peter Mackler ត្រូវបាន​បង្កើតឡើង​ក្រោយ​ពេលដែល​លោក Peter Mackler អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០០៨៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com