អន្តរជាតិ
មី​យ៉ាន់​ម៉ា «​ផ្អាក​បញ្ជូន​ពលករ​ខ្លួន​»​ទៅ​ម៉ាឡេស៊ី ក្រោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋបាល​លោកស្រី​ស៊ូ​ជី
07, Dec 2016 , 2:53 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពេលដឹកនាំការប្រមូលផ្តុំប្រឆាំងរឿងធ្វើទុកបុកម្នេញ (ប្រភពរូបភាព៖ Arab News)
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពេលដឹកនាំការប្រមូលផ្តុំប្រឆាំងរឿងធ្វើទុកបុកម្នេញ (ប្រភពរូបភាព៖ Arab News)
ដោយ: ថ្មីៗ
​អាជ្ញារ​មី​យ៉ាន់​ម៉ា បាន​ផ្អាក​បញ្ជូន​ពលករ​របស់​ខ្លួន​ដែល​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី ក្រោម​ហេតុផល​ធានា​ពី​សុវត្ថិភាព​ដល់​ពួកគេ ក្រោយពី​មាន​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅ​រាជធានី​កូ​ឡា​ឡាំ​ពួរ​កាលពីពេល​ថ្មីៗ​នេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ក្រសួង​ការងារ​មី​យ៉ាន់​ម៉ា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​០៧ ខែធ្នូ ដែល​បាន​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។



​តាម​ប្រភពព័ត៌មាន​ចិន Xinhua សេចក្តីប្រកាស​របស់​ក្រសួង​ការងារ​មី​យ៉ាន់​ម៉ា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការអនុវត្ត​ពី​ការផ្អាក​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី បានចាប់ផ្តើម​ចាប់ពី​ថ្ងៃ​អង្គារ (​ម្សិលមិញ​) ដែល​ចំណាត់ការ​នេះ ធ្វើ​ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​ពលក​រ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស​នោះ​»​។

​សូម​សម្រាប​ផងដែរ​ថា នៅ​ពីរ​សប្តាហ៍​មុន​ជាប់ៗ​គ្នា​នេះ មាន​ចលនា​បាតុកម្ម និង​ការប្រមូលផ្តុំ​សន្តិវិធី​របស់​ប្រជាជន​ម៉ាឡេស៊ី បាន​ផ្ទុះឡើង​ដើម្បី​ប្រឆាំងនឹង​អំពើ​អមនុស្សធម៌​របស់​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​របប​ដឹកនាំ​របស់​មេដឹកនាំ de facto មី​យ៉ាន់​ម៉ា​នៅ​ប្រទេស​ម៉ាឡេស៊ី​។ អ្វី​គួរកត់សម្គាល់ ចលនា​ប្រឆាំង​នេះ ក៏មាន​ការចូល​ដៃ និង​ដឹកនាំ​ដោយផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់​តែម្តង​។

​ឥរិយាបថ​នេះ ត្រូវបាន​រង​ការ​វាយបក​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​វិញ ដោយ​ចោទ​ម៉ាឡេស៊ី ថា បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា ខកចិត្ត​ខ្លាំង​នោះ គឺ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​ប្រើពាក្យ​វាយប្រហារ​ខ្លាំង​ទៅលើ​លោកស្រី អ៊ុង​សាន ស៊ូ​ជ​។ លោក ណា​ជីប បានលើកឡើង​ក្នុងការ​ប្រមូលផ្តុំ​ចុង​សប្តាហ៍​មុន​យ៉ាង​ដូច្នេះ​ថា​៖« តើ​អ៊ុង​សាន ស៊ូ​ជី ប្រើ​ងារ​ពានរង្វាន់​ណូ​ប៊ែ​ល​ដើម្បី​ធ្វើ​អ្វីខ្លះ​? យើង​ត្រូវតែ និង​ការពារ​ប្រជាជន​ម៉ូ​ស្លី​ម និង​សាសនា​ឥស្លាម​»​។ លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​ទទូច​ឲ្យ​អង្គការសហប្រជាជាតិ​ចេញ​វិធានការ ដោយ​មិន​ត្រឹមតែ​អង្គុយ​មើល «​អំពើ​ប្រល័យពូជសាសន៍​»​កើតឡើង​ឡើយ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  ម៉ាឡេស៊ី​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com