អន្តរជាតិ
ត្រាំ ប្រកាស​បញ្ចប់​នយោបាយ​ប្តូរ​របប​ដឹកនាំ​បរទេស​និង​ផ្តោត​តែ​លើ​ការប្រឆាំង​ភេរវកម្ម​
07, Dec 2016 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក​ដូ​ណា​ល់ ត្រាំ បង្ហាញ​គោលនយោបាយ​សន្តិសុខរ​បស់​លោក​ជា​លើកដំបូង​នៅក្នុងពេល​លោក​ជួប​អ្នកគាំទ្រ​នៅ​រដ្ឋ North Carolina​។ លោក​បាន​សន្យា​បញ្ឈប់​នយោបាយ​ប្តូរ​របប​ដឹកនាំ​បរទេស និង​ត្រឡប់មក​ផ្តោត​សំខាន់​លើ​ការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​វិញ​ម្តង​។​



​ក្នុងពេល​ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​រដ្ឋ North Carolina លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែងអំណរគុណ​រដ្ឋ​នេះ​ដែល​បាន​បោះឆ្នោត​ជូន​លោក​កាលពី​ថ្ងៃ ៨​ខែវិច្ឆិកា​កន្លងមកនេះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​លោក បានបង្ហាញ​គោលនយោបាយ​សន្តិសុខ​មួយ​ដែល​ឈានទៅ​យកជ័យ​ជម្នះ​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។​

​លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ច្បាស់​ថា លោក​នឹង​បញ្ចប់​រាល់​ការអន្តរាគមន៍​ក្នុង​ជម្លោះ​បរទេស តាម​ផ្លាស់ប្តូរ​របប​ដឹកនាំ​នៅ​បរទេស និង​ត្រឡប់មក​ផ្តោត​សំខាន់​លើ​ការពង្រឹង​យុទ្ធសាស្ត្រ​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​វិញ​ម្តង​។​

«​យើង​នឹង​ឈប់​នយោបាយ​ប្តូរ​របប​ដឹកនាំ​បរទេស​ដែល​យើង​មិនដឹង​សូម្បីតែ​បន្តិច​ពី​វា​នោះ ហើយ​វា​មិនគួរ​ពាក់ព័ន្ធ​នឹង​វា​ទៀត​ដែរ​។ ផ្ទុយ​មកវិញ​យើង​ត្រូវផ្តោត​សំខាន់​លើ​ការយក​ជ័យជម្នះ​លើ​ក្រុម​ភេរវជន​និង​កម្ចាត់​ក្រុម​ដែ​ស្ហ​ឲ្យ​បាន​។ យើង​នឹងធ្វើ​វា​»​។​

​កសាង​កម្លាំង​ទ័ព និង​បង្កើន​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​ជា​គោលដៅ​របស់លោក​ដូ​ណា​ល់ ត្រាំ នៅពេលដែល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នៅពេល​ខាងមុខ​។ លោក​បញ្ជាក់ថា កម្លាំងយោធា​អាមេរិក​មិនអាច​ទន់ខ្សោយ ហើយក៏​មិនត្រូវ​បន្ត​ប្រយុទ្ធ​នៅ​សមរភូមិ​ណាមួយ​ដែល​កងទ័ព​អាមេរិក​មិនគួរ​ទៅ​ដែរ​។

​ក្រៅពី​លើកឡើង​ពី គោលនយោបាយ​ថ្មី លោក ដូ​ណា​ល់ ត្រាំ ក៏បាន​បង្ហាញមុខ​អនាគត​រដ្ឋមន្ត្រី​ការពារជាតិ James Mattin ដែល​លោក​ជ្រើសរើស​ឲ្យ​បំពេញការងារ​ក្នុង​រដ្ឋបាល​លោក​ផងដែរ​នៅពេលនោះ​។ លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​កោតសរសើរ​លោក​ឧ​ត្ត​ម​សេនីយ៍ James Mattis ដោយ​លោក​ចាត់ទុក​មន្ត្រី​យោធា​រូបនេះ​ជាម​នុស្ស​ដែលមាន​បទពិសោធន៍​ខ្ពស់ និង​មាន​សមត្ថភាព​បំផុត​ក្នុងការ​កាន់កាប់​ការងារ​រដ្ឋមន្ត្រី​ការពារជាតិ​នេះ​។

​យ៉ាងណាមិញ យោងតាម​ច្បាប់​អាមេរិក ដើម្បី​កាន់កាប់​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​នេះ ជន​នោះ​ត្រូវជា​មន្ត្រី​យោធា​ចូលនិវត្តន៍​អស់​ពេល​យ៉ាងហោចណាស់ ៧​ឆ្នាំ ប៉ុន្តែ​លោក James Mattin មិនទាន់​ចូលនិវត្តន៍​គ្រប់ ៧ ឆ្នាំ​ឡើយ​។ ដូច្នេះហើយ វា​ចាំបាច់​ត្រួវ​មានការ​សម្រេច​ពីស​ភា និង​ព្រឹទ្ធសភា​លើកលែង​អ្វីដែល​បានកំណត់ និង​ទទួលយក​លោក James Mattis ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​ជាមុនសិន​។​

​សូមបញ្ជាក់ថា ក្នុងពេល​ឃោសនាបោះឆ្នោត​កាលពី​ខែសីហា លោក ដូ​ណា​ល់ ត្រាំ ក៏បាន​សន្យា​បញ្ចប់​គោលនយោបាយ​ជ្រៀតជ្រែក និង ប្តូរ​របប​ជាដើម​។  ក្នុងពេល​ថ្លែង​សុន្ទរកថា​ស្តីពី​នយោបាយ​ការបរទេស​នារ​ដ្ឋ Ohio លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ត្រង់ៗ​ថា ពេល​លោក​ជាប់ឆ្នោត លោក​នឹង​បញ្ចប់​ឲ្យ​បាន​នូវ​គោលនយោបាយ​«​ស្ថាបនា​រដ្ឋ​(State-Building)» និង​ផ្លាស់ប្តូរ​របប​ដឹកនាំ​(Regime Change)  នៅ​បរទេស​ទៀត​។ លោក​ចាត់ទុកថា វា​ក៏​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ចលនា​ភេរវកម្ម​សកល​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  James Mattis
© រក្សាសិទ្ធិដោយ thmeythmey.com