អន្តរជាតិ
លោក ត្រាំ ទារ​លុប​កិច្ចសន្យា​ផលិត​យន្តហោះ​ប្រធានាធិបតី​ថ្មី ដោយសារ​តម្លៃ​ថៃ្ល​ពេក​
07, Dec 2016 , 9:39 pm        
រូបភាព
​លោក ដូ​ណា​ល់ ត្រាំ បានស្នើ​ឲ្យ​រដ្ឋបាល​អាមេរិក​លុបចោល​កិច្ចសន្យា​សង់​យន្តហោះ​ប្រធានាធិបតី Air Force One ថ្មី​ដែល​កងទ័ពអាកាស​អាមេរិក​ចុះ​ជាមួយ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​នោះ​។ លោក​បញ្ជាក់ថា ការចំណាយ​លើ​យន្តហោះ​ថ្មី​នេះ​អស់​ច្រើនពេក​ពោលគឺ​ច្រើនជាង​៤​ពាន់​លាន​ដុល្លារ​។ ហើយ​លោក​ក៏​ចង់​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​ដែរ​។ យ៉ាងណាមិញ​គេ​មិនទាន់​ដឹង​ច្បាស់​ថា លោក​នឹង​លុបចោល​កិច្ចព្រមព្រៀង​នេះ​ឬ​អត់​ឡើយ​ក្រោយ​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​ក្រោយនេះ​។ យ៉ាងណាមិញ​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ផ្លាស់ប្តូរ​យន្តហោះ ព្រោះ​យន្តហោះ​បច្ចុប្បន្ន​វា​ចាស់​ណាស់​ទៅហើយ ហើយ​គេ​ក៏​ចំណាយ​លើ​ការថែទាំ​ច្រើន​ទៀត​។​



​សូម​ស្តាប់​ការបកស្រាយ​ការ​របស់លោក សៅ ផល​និស្ស័យ​៖




​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត លោក ដូ​ណា​ល់ ត្រាំ បានស្នើ​ឲ្យ​រដ្ឋបាល​អាមេរិក​បញ្ចប់​កិច្ចសន្យា​សង់​យន្តហោះ​សម្រាប់​ប្រធានាធិបតី​ថ្មី  “Air Force One” ដែល​កងទ័ពអាកាស​អា​មេ​រិ​ក​ចុះ​ជាមួយ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​កន្លងមក​ដែរ​។ លោក​បញ្ជាក់ថា លោក​មិន​ចង់​ឲ្យ​មានការ​ចំណាយលុយ​រដ្ឋ​ច្រើន​បែបនេះ​សម្រាប់​សង់​យន្តហោះ​ប្រធានាធិបតី​ឡើយ​។​

​ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ ទំនងជា​មិន​ពេញចិត្ត​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ច្រើនជាង​។ លោក ដូ​ណា​ល់ ត្រាំ ថ្លែង​វាយប្រហារ​ក្រុមហ៊ុន​ប៊ូ​អ៊ីង ក្រោយ​ពេលដែល​សារព័ត៌មាន Chicago Tribune បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​បង្ហាញថា នាយក​ប្រតិបត្តិការ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​បានស្នើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ បញ្ចប់​គោលជំហរ​ប្រឆាំង​ចរន្ត​ពាណិជ្ជកម្ម​សាកល​ផងដែរ​។

​លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ថា​៖«​ក្រុមហ៊ុន​ប៊ូ​អ៊ីង​កំពុង​សង់​យន្តហោះ​ប៊ូ​អ៊ីង​ម៉ូ​ដែល 747 ថ្មី​សម្រាប់​ប្រធានាធិបតី​អាមេរិក ប៉ុន្តែ​ការចំណាយ​វា​លើសពី ៤​ពាន់​លាន​ដុល្លារ​។ លុបចោល​ការបញ្ជា​សង់​យន្តហោះ​នេះ​!»​។ លោក​បន្តថា លោក​ចង់​ឲ្យ​ក្រុមហ៊ុន​ចំណេញ ប៉ុន្តែ​លោក មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ចំណេញ​ខ្លាំងពេក​ទេ​។​

​បើតាម​របាយការណ៍​វាយតម្លៃ​របស់​ការិយាល័យ​គណនេយ្យភាព​រដ្ឋាភិបាល​អាមេរិក គម្រោង​សាងសង់​យន្តហោះ​នេះ​អាច​នឹង​មានតម្លៃ​ប្រហាក់ប្រហែល ៣,២​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។  ចំណែក លោក ដូ​ណា​ល់ ត្រាំ គ្រាន់តែ​អះអាង​បែបនេះ​ថា​ការចំណាយ​លើស ៤​ពាន់​លាន​ដុល្លារ ប៉ុន្តែ​មិនបាន​បង្ហាញ​របាយការណ៍​ត្រឹមត្រូវ​ឡើយ​ជុំវិញ​ការចំណាយ​លើ​ការ​សាង់​យន្តហោះ​សម្រាប់​ប្រធានាធិបតី​អាមេរិក​នេះ​។ គេ​មិន​បានដឹង​ច្បាស់​ឡើយ​ថា លោក ដូ​ណា​ល់ ត្រាំ បានទទួល​ទិន្នន័យ​នេះ​ពី​ណា​ឲ្យ​ប្រាកដ​ឡើយ​។ 

​យ៉ាងណាមិញ គេ​រង់ចាំ​មើលថា ក្រោយ​ពេលដែល​លោក​ស្បថ​ចូលកាន់​តំណែង​ហើយ​នោះ លោក ដូ​ណា​ល់ ត្រាំ នឹង​លុបចោល​កិច្ចព្រមព្រៀង​នេះ​ឬ​អត់​។

​ឆ្លើយតប​បញ្ហា​នេះ ខាង​ទ័ពអាកាស​អាមេរិក​បា​នស​ន្យា​ថា ខ្លួន​នឹង​បន្ត​សហការ​ជាមួយ​ខាង​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ការចំណាយ​ឲ្យ​ទាប​តាម​ដែល​អាច​ធ្វើបាន​។ អ្នកជំនាញ​មួយចំនួន​បានផ្តល់​យោបល់​ថា ជាធម្មតា បើ​ចង់បាន​តម្លៃ​ទាប មានតែ​កាត់បន្ថយ​ការចំណាយ​លើ​សម្ភារៈ​និង​បច្ចេកវិទ្យា​នានា​ដែល​ប្រើប្រាស់​លើ​យន្តហោះ​។ ប៉ុន្តែ​វា​ជា​បញ្ហា​មួយ​បើ​យន្តហោះ​នេះ​មិន​ផលិត​និង​រចនា​ឡើង​ស្របតាម​ស្តង់ដារ​និង​បំពាក់​សម្ភារៈ​ពិសេស​តាម​តម្រូវការ​ទេនោះ​។ 

​ដោយឡែក ក្រោយ​មានការ​ទាមទារ​បញ្ចប់​កុងត្រា​សង់​យន្តហោះ​ប្រធានាធិបតី ខាង​ក្រុមហ៊ុន ប៊ូ​អ៊ីង​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ពាក់ព័ន្ធ​បញ្ហា​នេះដែរ​។ ប៊ូ​អ៊ីង​បាន​បញ្ជាក់ថា​៖« យើង​ត្រៀមខ្លួន​សហការ​ជាមួយ​កងទ័ពអាកាស​មេ​រិ​ក​ដើម្បី​អនុវត្ត​គម្រោង​ផលិត​យន្តហោះ​ដែល​ល្អ​បំផុត​សម្រាប់​ប្រធានាធិបតី ដែលមាន​តម្លៃ​បំផុត​សម្រាប់​ប្រជាជន​អា​មេ​រក​ដែលជា​អ្នក​បង់ពន្ធ​»​។

 ១. ដូ​ណា​ល់ ត្រាំ មិនទាន់​អាច​ជិះ​យន្តហោះ​ថ្មី​នេះ ដោយសារ​គម្រោង​សាងសង់​ចប់​ឆ្នាំ ២០២៤
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា កងទ័ពអាកាស​អាមេរិក​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​កាលពីដើមឆ្នាំ ២០១៥ ដើម្បី​អនុញ្ញាត​ក្រុមហ៊ុន​នេះ​អភិវឌ្ឍ​និង​សាងសង់​យន្តហោះ Air Force One ថ្មី​ចំនួន​២​គ្រឿង សម្រាប់​ប្រធានាធិបតី​អាមេរិក​។​

 ក្រុមហ៊ុន​បានទទួល​ថវិកា​ជំហាន​ដំបូង ១៧០ លាន​ដុល្លារ​រួចហើយ ខណៈ​ថវិកា​បន្ថែមនឹង​ត្រូវ​ផ្តល់​ឲ្យ​បន្តបន្ទាប់​ដើម្បី​បន្ត​គម្រោង​សាងសង់​យន្តហោះ​នេះ​។ ប៉ុន្តែ​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៤ ហើ​យន្តហោះ​នឹង​ចូល​បម្រើ​ប្រធានាធិបតី​ពេលនោះ​ដែរ​។

​ដូច្នេះ​មានន័យថា លោក​ដូ​ណា​ល់ ត្រាំ នឹងមិន​អាច​ជិះ​យន្តហោះ​ថ្មី​នេះឡើយ លើកលែងតែ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ម្តងទៀត​នៅ​ឆ្នាំ ២០២០​។

២.​យន្តហោះ​ប្រធានាធិបតី បច្ចុប្បន្ន​ចាស់​ណាស់​ដែល​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​
​បើតាម​កងទ័ពអាកាស​អាមេរិក យន្តហោះ​ប្រធានាធិបតី​បច្ចុប្បន្ន​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​។ យន្តហោះ​ប្រធានាធិបតី Air Force One ដែល​កំពុង​ដឹក​ប្រធានាធិបតី​បច្ចុប្បន្ន​ត្រូវបាន​កុម្ម៉ង់​ទិញ​ដោយ​រដ្ឋបាល​លោក រ៉ូ​ណា​ល់ រី​ហ្កែ​ន ហើយ​វា​ចូល​បម្រើ​ការងារ​ជា​ផ្លូវការ​ឆ្នាំ ១៩៩០​។ និយាយ​ទៅ​យន្តហោះ​នេះ​ចាស់ ហើយ​សម្ភារៈ​ដែល​បំពាក់​យន្តហោះ​ហួស​សម័យ​ទៅហើយ​។ ដូច្នេះហើយ វា​ត្រូវការ​លុយ​ច្រើន​ដើម្បី​ថែទាំ និង​មិនសូវមាន​សុវត្ថិភាព​សម្រាប់​ប្រធានាធិបតី​អាមេរិក​នោះឡើយ​។​

​យន្តហោះ Air Force One ជា​យន្តហោះ​ដែល​ត្រូវគេ​សាងសង់​និង​រចនា​ឡើង​ដោយមាន​បំពាក់​ដោយ​គ្រឿង​បរិក្ខា​ពិសេស គ្រឿង​ការពារ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​បំផុត​ផងដែរ ដែល​អាច​ការពារ​ប្រធានាធិបតី​បានល្អ​បំផុត​។ វា​ត្រូវបាន​គេ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ទំនាក់ទំនង និង​ប្រព័ន្ធ​ការពារ​ដែល​អាច​ការពា​រ​ប្រធានាធិបតី​ពី​ការវាយប្រហារ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ និង​ការវាយប្រហារ​ភេរវកម្ម​ជាដើម​។ Air Force One កន្លងមក​អាច​ត្រូវគេ​ប្រើប្រាស់​ជាទី​បញ្ជាការ​សម្រាប់​ប្រធានាធិបតី​នៅពេល​ដែលមាន​គ្រោះមហន្តរាយ ឬ​បញ្ហា​អាសន្ន​កើតឡើង​ផងដែរ​។   ឧទាហរណ៍ យន្តហោះ​Air Force One នេះហើយ​បានក្លាយ​ជាទី​បញ្ជាការ​ស​ម្រា​ប់​មេបញ្ជាការ​កំពូល​កងទ័ព​អាមេរិក​ប្រធានាធិបតី​លោក George W. Bush ក្នុងពេលដែល​អាមេរិក​រង​ការវាយប្រហារ​ដោយ​ក្រុម​ភេរវជន​នៅ​ថ្ងៃ ១១ ខែកញ្ញា​ឆ្នាំ ២០០១៕ 


Tag:
 ​ដូ​ណា​ល់ ត្រាំ​
  Air Force One
© រក្សាសិទ្ធិដោយ thmeythmey.com