អន្តរជាតិ
ចិន​អភិរក្ស​តំបន់​ជាតិ​ពន្ធខ្លួន​ជា​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​
08, Dec 2016 , 8:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន​បានរៀបចំ​តំបន់​ជាតិ​ពន្ធ (Ethnic) ដើម​ខ្លួន គឺ លី និង ម៉េ​វ ជា​តំបន់ ទេសចរណ៍ ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​ហៃ​ណាន ខាងត្បូង​ប្រទេស​ចិន​។​
​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ភាគច្រើន រស់នៅ​ខេត្ត​ភាគ​ខាងជើង​ចិន​បាន​បណ្តាក់​កន្ទុយ​គ្នា​ទិញ​សំបុត្រ​ចូល​ទស្សនា​ភូមិ​ជាតិ​ពន្ធ​នៅ​ភាគខាងត្បូង​ដែលមាន​ពលរដ្ឋ​អាយុ​វែង​លើសពី ១០០​ឆ្នាំ​ជាង ២​ពាន់​នាក់ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​រសៀល ជា​រៀងរាល់ថ្ងៃ​។​


 
​លោក A Hai មគ្គ​ទេស​ក៏​ទេសចរ​ប្រចាំ​កោះ​ហៃ​ណាន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ចិន​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​ចិន អភិវឌ្ឍន៍​សហគមន៍​ជាតិ​ពន្ធ​នេះ​ជាង ១០​ឆ្នាំ​រហូតមក ក្នុង​គោលបំណង​ឲ្យ​ជនជាតិ​ចិន​ស្គាល់​ពី​ជាតិ​ពន្ធខ្លួន​កំពុង​រស់នៅ​កាន់តែច្បាស់​។​
 
​ចិន​បានរៀបចំ​ឲ្យ​ភ្ញៀវទេសចរ​អាច​ស្វែងយល់ និង​ទស្សនា​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​នានា ក្នុងនោះ រួមមាន ការ​ទស្សនា​ផ្ទះ​បុរាណ​ចិន វប្បធម៌​ប្រពៃណី ជីវភាព​រស់នៅ ការ​ទស្សនា​ពិព័រណ៍​ទំនិញ ការ​តម្បាញ​សំលៀកបំពាក់​ក្រណាត់ សម្ភារៈប្រើប្រាស់​ផលិត​អំពី​ប្រាក់ និង​វត្ថុ​អនុស្សាវរីយ​ផ្សេងទៀត រួមទាំង ម្ហូបអាហារ​ប្រចាំ​តំបន់​ជាតិ​ពន្ធ​ចិន​ផង​។​
 
​លើសពីនេះ ចិន​បានរៀបចំ​ផ្លូវ​បែប​ចាស់​បុរាណ​អម​សួនច្បារ​ធម្មជាតិ​ដ៏​ស្រស់បំព្រង សម្រួល​ឲ្យ​ភ្ញៀវទេសចរ​ដើរ​ទស្សនា​ផ្ទាំងគំនូរ​ភ្ជាប់​ជាមួយ​អក្សរ​ចិន និង​អង់គ្លេស​ដែល​ប្រាប់​អំពី​ប្រវត្តិ​ជាតិ​ពន្ធ​ចិន នៅតាម​ជញ្ជាំង​ផ្ទះ​នីមួយៗ ប្រកបដោយ​ក្បូរ​ក្បាច់រចនា​សិល្បៈ​ចិន​។​
 
​ភ្ញៀវទេសចរ​ម្នាក់ ត្រូវ​ចំណាយ​ថវិកា​ជាង ៨០​យ័ន ស្មើនឹង​ជាង ១០​ដុល្លារ​អាមេរិក ទិញ​សំបុត្រ​ចូល​ដើរ​ទស្សនា​ក្នុង​សហគមន៍​។ ក្រៅពី​ទស្សនា​សហគមន៍ ពួកគេ​អាច​ទិញ​វត្ថុ​អនុស្សាវរីយ ថតរូប និង​ភ្លក់​រសជាតិ​ម្ហូបអាហារ​ចិន​ផងដែរ​។​
 
​ពលរដ្ឋ​មូលដ្ឋាន​កសិករ​ភាគច្រើន បានទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​គ្មាន​ផ្សែង​របស់​ចិន​។ បើតាម​មគ្គ​ទេស​ក៏​ទេសចរ​ដែលមាន​បទពិសោធន៍​ជាង ៨​ឆ្នាំ​នៅ​ហៃ​ណាន ភ្ញៀវទេសចរ​ចិន​ជាង ៨​ពាន់​នាក់​ក្នុង​មួយថ្ងៃៗ បាន​ចូល​ទស្សនា​សហគមន៍​ដែលជា​តំបន់​ទេសចរណ៍​ចំណាត់ថ្នាក់​ទី​៥ ចំណោម​តំបន់​ទេសចរណ៍​នានា​ជាង ១០០​កន្លែង ក្នុង​ខេត្ត​ដែន​កោះ​ខាងត្បូង​ប្រទេស​ចិន​៕





















































Tag:
 ហៃ​ណាន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com