អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ​ព្រមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ច្បាប់​ទិតៀន​ព្រះមហាក្សត្រ​
09, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
​លោកនាយក​រដ្ឋមន្ត្រី​ថៃ​បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ទីភ្នាក់ងារ​ព័ត៌មាន BBC អាច​ប្រឈម​នឹង​ការចោទប្រកាន់ ប្រសិនបើ​របាយការណ៍​ដែល​ផ្សាយ​ដោយ​ផ្នែក​ភាសា​ថៃ​របស់ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អំពី​ព្រះមហាក្សត្រ​ថ្មី​របស់​ថៃ ត្រូវគេ​រកឃើញថា បាន​រំលោភ​លើ​ច្បាប់ ដែល​ការពារ​ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ​នោះ​។​



​ទីភ្នាក់ងារ​ព័ត៌មាន BBC ភាសា​ថៃ បាន​បោះពុម្ពផ្សាយ​នូវ​អត្ថបទ​មួយ​អំពី​ប្រវត្តិ​របស់​ព្រះមហាក្សត្រ Maha Vajiralongkorn ដោយ​ផ្ដោតលើ​ទិដ្ឋភាព​នានា​នៃ​ដំណើរ​ជីវិត​របស់​ព្រះអង្គ ដែល​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស​។ អត្ថបទ​នោះបាន​រៀបរាប់​លំអិត​អំពី​ការរៀប​អភិសេក​ចំនួន ៣ លើក របស់​ព្រះអង្គ ដែល​ការរៀប​អភិសេក​នោះ​បញ្ចប់​ដោយ​ការ​លែងលះ​។ អត្ថបទ​នោះ​ក៏បាន​រៀបរាប់​អំពី​រឿងរ៉ាវ​ផ្សេងៗ​ទៀត ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​មិនអាច​ផ្សព្វ​ផ្សាយបាន​។​

​ប្រទេស​ថៃ​មានច្បាប់​ដាក់ទោស​ទណ្ឌ​ដល់​អ្នក​ទិតៀន​ព្រះមហាក្សត្រ​ដ៏​តឹងតែង​បំផុត ដែល​អាចដាក់​ទោស​ដល់​អ្នកប្រព្រឹត្តិ​ខុស​ឲ្យ​ជាប់ពន្ធនាគារ​ចាប់ពី ៣ រហូតដល់ ១៥ ឆ្នាំ​។ កន្លងមក មិនទាន់មាន​ការចោទប្រកាន់​ណាមួយ​ធ្វើ​ឡើងលើ​ទីភ្នាក់ងារ​ព័ត៌មាន BBC នោះទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-Ocha បាន​និយាយថា ដោយសារតែ «​ទីភ្នាក់ងារ​ព័ត៌មាន BBC មាន​ផ្នែក​ភាសា​ថៃ ដំណើរការ​នៅក្នុង​ប្រទេស​ថៃ និង​មាន​បុគ្គលិក​ជា​ជនជាតិ​ថៃ​។ ដូច្នេះ ប្រសិនបើ ទីភ្នាក់ងារ​ព័ត៌មាន​នេះ​រំលោភច្បាប់​ប្រទេស​ថៃ ពួកគេ​អាច​ត្រូវ​ចោទប្រកាន់​។ នេះ​វា​ដូច​ពេល​យើង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ផ្សេងៗ និង​បាន​រំលោភច្បាប់​ប្រទេស​ទាំងនោះ​ដូច្នេះ​ដែរ គឺ​យើង​ក៏​ត្រូវគេ​ចោទប្រកាន់​ដែរ​»​។​

​លោក Prayuth Chan-Ocha បាន​បន្ថែមថា​៖ «​វា​មិន​សំខាន់​ទេ ដែល​អ្នកប្រព្រឹត្តិ​ខុស​នោះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬក៏​អត់​នោះ ដោយហេតុថា បទឧក្រិដ្ឋ​គឺ​នៅតែ​ជា​បទឧក្រិដ្ឋ​។ ដូច្នេះ សូម​ប្រុងប្រយ័ត្ន​ជាមួយ​អ្វីដែល​អ្នក​បានធ្វើ​។ កុំ​រំលោភ​លើ​ជីវិត​ឯកជន​របស់​អ្នកដទៃ ឲ្យ​ឈានដល់​ចំណុច​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ភាពវឹកវរ​កើតឡើង​នោះ​»៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com