អន្តរជាតិ
កម្មវិធី​ផ្តល់​ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់​ជា​ផែនការ​គំរូ​មួយ​សម្រាប់​អាហ្វ្រិក
09, Dec 2016 , 8:59 am        
រូបភាព
ដោយ: VOA
​អង្គការ​សុខភាព​ពិភពលោក​បានធ្វើការ​ប៉ាន់ស្មាន​ថា ករណី​ថ្មីៗ​នៃ​ជំងឺគ្រុនចាញ់​មាន​ចំនួន​២១៤​លាន​ករណី​ក្នុង​ឆ្នាំ​២០១៥ និង​បានសម្លាប់​មនុស្ស​ចំនួន​៤៣៨.០០០​នាក់​ដែល​ចំនួន​អ្នកស្លាប់​ភាគច្រើន​គឺ​នៅ​អនុតំបន់ សាហា​រ៉ា ទ្វីបអាហ្វ្រិក​។​



​នៅក្នុង​ប្រទេស​សេ​ណេ​ហ្គា​ល់ បុគ្គលិក​ផ្នែក​សុខាភិបាល​ពី​អង្គការ​សប្បុរសធម៌​ដូចជា អង្គការ Speak Up Africa បានធ្វើ​តេស្ត​សាកល្បង​វិធីសាស្ត្រ​ថ្មី​ដោយ​ផ្តល់​ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​ដល់​កុមារ​ដែលមាន​អាយុ​១០​ឆ្នាំ​ចុះ ក្នុង​រដូវភ្លៀង ជា​ពេលដែល​ជំងឺ​នេះ​មានការ​រាលដាល​ខ្លាំង​បំផុត​។ វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រដូវ​ផ្តល់​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់ (SMC) ផងដែរ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ London School សម្រាប់​វេជ្ជសាស្ត្រ​ត្រូពិច និង​អនាម័យ​បានធ្វើការ​សិក្សា​លើ​កុមារ​២០០.០០០​នាក់​ក្នុង​កម្មវិធី​នេះ​។ លោក​សាស្ត្រាចារ្យ Paul Milligan បាន​ដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​មួយ​នេះ​។​

​លោក Milligan បាន​និយាយថា​៖ «​ការព្យាបាល​នេះ​ត្រូវតែ​ធ្វើ​ម្តង​ហើយ​ម្តងទៀត​ក្នុង​ចន្លោះពេល​៤​សប្តាហ៍ ហើយ​វា​មានការ​លំបាក​ខ្លះៗ​បើ​និយាយ​ពី​ការអនុវត្ត​ក្នុង​តំបន់​ជនបទ​នៅ​អាហ្វ្រិក​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​ជាច្រើន​បាន​សម្រប​យក​វិធីសាស្ត្រ​នេះ​យ៉ាង​លឿន​»​។​

​វា​កំពុង​បង្ហាញ​លទ្ធផល​។ ក្នុងប្រទេស​សេ​ណេ​ហ្គា​ល់ កម្មវិធី SMC បាន​កាត់បន្ថយ​ករណី​ជំងឺគ្រុនចាញ់​នេះ​អស់​ពាក់កណ្តាល​ចំពោះ​កុមារ​អាយុ​ក្រោម​១០​ឆ្នាំ​។ វា​ក៏បាន​កាត់បន្ថយ​ករណី​ដែល​អាច​កើតមាន​លើ​កុមារ​អាយុ​លើសពី​១០​ឆ្នាំ​បាន​១​ភាគ​៤​ដែរ ដោយ​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​នេះ​។​

​លោក​បាន​បន្ថែមថា​៖ «​ដោយ​ពង្រីក​គម្លាត​អាយុ​កុមារ​ដែល​ទទួល​បានកា​រ​ព្យាបាល បន្ទាប់មក​យើង​នឹង​ចាត់វិធានការ​លើ​អាង​ប៉ារ៉ាស៊ីត​មួយផ្នែកធំ​ដែលជា​ប្រភព​ចម្លង​មេរោគ​របស់​មូស​»​។​

​កម្មវិធី SMC បាន​អនុវត្ត​នៅ​១១​ប្រទេស ហើយ​កុមារ​អាយុ​ដល់​៥​ឆ្នាំ​ចំនួន​១៥​លាន​នាក់​ទទួលបាន​ការព្យាបាល​ក្នុង​ឆ្នាំ​២០១៦​។​

​លោក​សាស្ត្រាចារ្យ Milligan និយាយថា​លទ្ធផល​ចុងក្រោយបង្អស់​បានបង្ហាញ​ថា​កម្មវិធី​នេះ​គួរតែ​ពង្រីក​ដើម្បី​ឲ្យ​កុមារ​ធំៗ​ទទួលបាន​ការព្យាបាល​ដែរ​។​

​លោក​បាន​បន្តថា​៖ «​អ្វីដែល​យើង​បាន​រកឃើញ​គឺ​ប្រសិនជា​យើង​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ យើង​មិនចាំបាច់​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ព្យាបាល​កុមារ​ធំៗ​នោះទេ ប៉ុន្តែ​ប្រសិនបើ​យើង​ទៅដល់​ក្នុងពេល​ក្រៅ​ម៉ោង​សិក្សា​ទៀត នោះ​ចំនួន​កុមារ​ដែល​អាច​ទទួល​ការព្យាបាល​គឺ​ខ្ពស់ ទោះបីជា​សាលា​មិនទាន់​វិស្សមកាល​ក៏ដោយ​»​។​

​លោក Milligan បន្តថា​ជំហាន​បន្ទាប់​គឺ ស្វែង​រកមើល​តំបន់​ផ្សេងទៀត​នៃ​ទ្វីបអាហ្វ្រិក​ដែល​អាច​ទទួលបាន​ប្រយោជន៍​ពី​ការពង្រីក​ការព្យាបាល​ទៅ​ឲ្យ​កុមារ​ធំ​របស់​កម្មវិធី SMC៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com