អន្តរជាតិ
អាមេរិក​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​តៃវ៉ាន់​ចូល​អាមេរិក ដោយ​ទាត់ចោល​សំណើរ​ចិន​
08, Dec 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អាជ្ញាធរ​អាមេរិក​បាន​បដិសេដ​សំណើរ​របស់​ចិន​ក្នុង​ការបិទ​កុំ​ឲ្យ​ប្រធានាធិបតី​តៃវ៉ាន់​ចុះចត​នៅ​អាមេរិក ស្របពេល​ដែលមាន​ដំណឹង​ថា​ប្រធានាធិបតី តៃវ៉ាន់ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​កណ្តាល​នៅ​ខែក្រោយ​។ អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ លោក ដូ​ណា​ល់ ត្រាំ ដែល​ទើប​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​រឿង​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​នោះ ប្រកាសថា​លោក​នឹង​ជួប​ប្រមុខរដ្ឋ​តៃវ៉ាន់​ដោយផ្ទាល់​ថែមទៀត​ផង​។



​ក្រោយ​ពេលដែល​ចិន​ស្នើសុំ​ឲ្យ​ឲ្យ​អាជ្ញាធរ​អាមេរិក​បិទទ្វា​រ​កុំ​ឲ្យ​ប្រធានាធិបតី​តៃវ៉ាន់  Tsai Ing-wen ចូល​សំចត​នៅ​ទីក្រុង New York អាជា្ញធរ​អាមេរិក​បាន​ឆ្លើយតប​វិញ​ថា ខ្លួន​មិនអាច​ធ្វើតាម​ការស្នើសុំរ​បស់​ចិន​បានឡើយ​។

​ចិន​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​អាមេរិក​ក្រោយ​ពេលដែល​គេ​ទទួលបាន​ព័ត៌មាន​មួយ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់  Tsai Ing-wen  នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បី​មានដូចជា​នី​កា​រ៉ា​ហ្គា​,​ក្វា​តេ​ម៉ា​ឡា និង​អែល​សាល់​វ៉ា​ឌ័​រ ហើយ​លោកស្រី​ត្រូវ​ចុះ​សំចត​នៅ​ទីក្រុង​ញូវយ៉ក​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​ចិន​បាន​អះអាងថា ខ្លួន​សង្ឃឹម​យ៉ាង​មុតមាំ​ថា អាមេរិក​នឹងមិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​តៃវ៉ាន់​ចូល​សំចត​នៅ​អាមេរិក និង​មិន​ផ្តល់​សញ្ញា​ខុស​ដល់​ចលនា​ទាមទារ​ឯករាជ្យ​នៅ​តៃវ៉ាន់​ដែរ​។

​ឆ្លើយតប​ការលើកឡើង​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់ថា ការចូល​សំចត​នៃ​យន្តហោះ​របស់លោក​ស្រី​ប្រធានាធិបតី​តៃវ៉ាន់​នឹង​នៅតែ​បន្ត​ស្របតាម​ការអនុវត្ត​ក្នុង​ទំនាក់ទំនង​យូរអង្វែង​របស់​អាមេរិក​ដែល​វា​ស្របតាម​ទំនាក់ទំនង​ដែល​មិន​ផ្លូវការ​របស់​អាមេរិក​និង​តៃវ៉ាន់​នោះ​។ 

​អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ​ជាងនេះទៀត​គឺ លោក​ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ទល់មុខ​គ្នា​ពេល​លោកស្រី​ចុះចត​នៅ​ក្រុង​ញូវយ៉ក​ទៀតផង​។ វា​ជា​សកម្មភាព​មួយ​ដែល​នឹង​អាច​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​ជាក់​ជាមិនខាន​។

​ជាធម្មតា ការឆ្លើយតប​របស់​អា​មេ​រិ​ក​បែបនេះ​កាន់តែ​ធ្វើ​ឲ្យ​ចិន​ក្រពុលមុខ និង​ក្តៅស្លឹកត្រចៀក​ខ្លាំង​។ ចិន​ក្តៅក្រហាយ​មិនទាន់​បាត់​ទេ ព្រោះ​ការបដិសេធ​នេះ​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ហ៊ាន​បំពាន​ច្បាប់ទម្លាប់​ការទូត​ដោយនិយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​សប្តាហ៍​មុន​។ យោងតាម​ការិយាល័យ​ប្រ​ធានា​ធីប​តី​តៃវ៉ាន់ លោកស្រី Tsai និង​លោក​ដូ​ណា​ល់ ត្រាំ ផ្លាស់ប្តូរ​យោបល់​គ្នា​ពាក់ព័ន្ធ​ការលើកស្ទួយ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ និង​កិច្ចការ​ការពារជាតិ​ផងដែរ​។​

​ភ្លាមៗ ក្រោយ​ការ​ទូរ​សព្ទ​នេះ ប្រមុខ​ការទូត​ចិន​សង្ឃឹមថា​សកម្មភាពរ​បស់​អាមេរិក​នឹងមិន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ហើយ​លោក​ក៏​ស្នើ​ឲ្យ​អាមេរិក​«​គោលនយោបាយ​ចិន​តែមួយ​» ផងដែរ​។

ហើយ​ខាង​សេត​វិមាន​អាមេរិក​ឯណោះ​វិញ​ក៏​ព្យាយាម​កាត់បន្ថយ​កម្តៅ​និង​ការ​អាក់អន់ចិត្ត​របស់​ក្រុង​ប៉េកាំង​ដែរ​។ អាមេរិក​បញ្ជាក់ប្រាប់​ចិន​ថា អាមេរិក​មិន​ផ្លាស់ប្តូរ​គោលជំហរ​រប​ស់​ខ្លួន​ឡើយ ហើយ​ខ្លួន​នៅតែ​គោរព​គោលនយោបាយ​ចិន​តែមួយ​ដដែល​។


Tag:
 Tsai Ing-wen
  ​ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com