អន្តរជាតិ
ពលរដ្ឋ​មី​យ៉ាន់​ម៉ា​«៦​នាក់​» បាតុកម្ម​ប្រឆាំងនឹង​ជំហរ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រឿង​«​រ៉ូ​ហ៊ីង​យ៉ា​»
08, Dec 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ប្រាំមួយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​ក្រុង​រ៉ង​ហ្គូ​ន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ទាមទារ​ឲ្យ​ម៉ាឡេស៊ី​គោរព​អធិបតេយ្យ​របស់​ពួកគេ​។ ការប្រមូលផ្តុំ​នេះ ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការដឹកនាំ​បាតុកម្ម​រប​ស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅមុខ​ស្ថានទូត​មី​យ៉ាន់​ម៉ា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​នៅ​សប្តាហ៍​មុន​ផងដែរ​។



​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ប្រាំមួយ​នាក់ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ក្រុង​រ៉ង​ហ្គូ​ន ជាមួយនឹង​ប៉ា​ដារ​ដែល​និយាយថា «​មី​យ៉ាន់​ម៉ា គឺជា​រដ្ឋ​អធិបតេយ្យ​។ គោរព​ផលប្រយោជន៍​គ្រួសារ​អាស៊ាន​។ ប្រជាជាតិ​អាស៊ាន​មិនត្រូវ​ការ​ការ​ស្អប់ និង​ភេរវកម្ម​នៅក្នុង​តំបន់​ឡើយ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស The Irrawaddy

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ការប្រមូលផ្តុំ​ច​តួច​នេះ ក៏​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការដឹកនាំ​ការប្រមូលផ្តុំ​របស់លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លើ​ចំណាត់ការ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា កាលពីពេល​ថ្មីៗ​នេះ​។  តែ​ការប្រមូលផ្តុំ​នោះ ក៏​ត្រូវបាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ចាត់ទុកថា​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​ផងដែរ​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា  នៅ​ថ្ងៃទី​០៤ ខែធ្នូ​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ដឹកនាំ​បាតុកម្ម និង​ការប្រមូលផ្តុំ​សន្តិវិធី​ដែលមាន​ការចូលរួម​ពី​ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ ៥០០០​នាក់ នៅមុខ​ក្បែរ​ស្ថានទូត​មី​យ៉ាន់​ម៉ា ប្រចាំ​កូ​ឡា​ឡាំ​ពួរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

​នៅក្នុង​ចំណោម​ការប្រមូល​ផ្តុំ​ដ៏​ធំ​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា មី​យ៉ាន់​ម៉ា ត្រូវតែ​បញ្ឈប់​ការបង្ក្រាប​បង្ហូរឈាម​នោះ​។ លោក ថែមទាំង​ប្រើពាក្យ​វាយប្រហារ​ខ្លាំង​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដោយ​លោក ចោទ​យ៉ាង​ដូច្នេះ​ថា​៖«​តើ​អ៊ុង​សាន ស៊ូ​ជី ប្រើ​ងារ​ពានរង្វាន់​ណូ​ប៊ែ​ល​ដើម្បី​ធ្វើ​អ្វីខ្លះ​? យើង​ត្រូវតែ និង​ការពារ​ប្រជាជន​ម៉ូ​ស្លី​ម និង​សាសនា​ឥស្លាម​»​។ ហើយ​លោក ក៏បាន​ទទូច​ឲ្យ​អង្គការសហប្រជាជាតិ​ចេញ​វិធានការ​ដោយ​មិន​ត្រឹមតែ​អង្គុយ​មើល «​អំពើ​ប្រល័យពូជសាសន៍​»​កើតឡើង​ឡើយ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  ម៉ាឡេស៊ី​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com