ជាតិ
ប្រជា​នេសាទ​នៅ​ភូមិ​បាឡត ខេត្តកំពង់ធំ មានសង្ឃឹម​វិញ ពេល​បរិមាណ​ត្រី​កើនឡើង
08, Dec 2016 , 9:19 pm        
រូបភាព
ដោយ:
​កំពង់ធំ​៖​ចំណូល​របស់​ប្រជា​នេសាទ​រស់នៅ​លើទឹក​ក្នុង​សហគមន៍ បាឡត ឃុំ​ពាម​បាំង បាន​កើន​ឡើងវិញ ក្រោយពី​បរិមាណ​ត្រី​ក្នុង​បឹង​ឆ្មា​នៃ​សហគមន៍​នេះ សំ​ម្បូ​រ​ជាង​មុន​។ ត្រី​សំ​ម្បូ​រ​ជាង​មុន បន្ទាប់ពី​អង្គការ IUCN កម្ពុជា ចងក្រង​ប្រជា​នេសាទ​នៅ​ភូមិ​នេះ  និង​បង្កើត​តំបន់​អភិរក្ស​សត្វ​ត្រី​។​



​ផ្ទះប្រក់ស្លឹក ស្បូវ សង្ក​សី ជាច្រើន​ខ្នង ប​ណ្តែ​ង​នៅលើ​ផ្ទៃ​ទឹកជា​ជួរៗ​នៃ​បឹង​ឆ្មា​ក្នុងភូមិ​បាឡត ឃុំ​ពាម​បាំង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ផ្ទះ​បណ្តែត​ទឹក​ទាំងនេះ ជាទី​លំនៅ​របស់​ប្រជា​នេសាទ​ចំនួន ៤៤ គ្រួសារ នៅក្នុង​ភូមិបាឡ​ត​នេះ​។  ភូមិ​បាឡត មាន​ចម្ងាយ​ប្រហែល ៣៥ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ក្រុង​កំពង់ធំ​។ ដើម្បី​ទៅដល់​ភូមិ​នៅលើ​ទឹក​មួយ​នេះ គេ​ត្រូវ​ឆ្លងកាត់​ផ្លូវទឹក​ចម្ងាយ​ប្រមាណ ២០ គីឡូ​មែត្រ តាមរយៈ​ទូក​របស់​ប្រជា​នេសាទ​។​

​កាលពី​ថ្ងៃទី ១ ខែធ្នូ ឯកអគ្គរដ្ឋទូត​រប​ស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​លោក George Edgar រួម​ដំណើរ​ដោយ​អ្នកកាសែត​ខ្មែរ​ចំនួន ១១ នាក់​ផង​នោះ បានធ្វើ​ដំណើរ​តាម​ទូក​ឆ្ពោះទៅកាន់​ភូមិ​បាឡត​នេះ​។ បំណង​សំខាន់​របស់លោក​មន្ត្រី​ទូត​អឺរ៉ុប គឺ​ចង់ឃើញ​ស្ថានភាព​រស់នៅ​លើទឹក​រប​ស់​ប្រជា​នេសាទ និង​ពិនិត្យមើល​ការអនុវត្ត​គម្រោង​អភិរក្ស​ត្រី ជួយ​ប្រជា​នេសាទ​របស់​អង្គការ IUCN កម្ពុជា ក្រោយ​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ 



​ប្រើ​រយៈពេល​ជិត ៣ ម៉ោង ធ្វើដំណើរ​តាម​ទូក​ទើប​លោក George Edgar និង​អ្នកកាសែត បាន​ទៅដល់​បឹង​ឆ្មា​នៃ​ភូមិ​បាឡត​នេះ ពី​ព្រោះតែ​ផ្លូវ​ទូក​តូច និង​អម​សងខាង​ដោយ​ព្រៃ​លិច​ទឹក​។ ពេលដែល​លោក​ទូត​អឺរ៉ុប មកដល់​ស្នាក់ការ​របស់​សហគម​ន៍​បាឡត​ហើយ ភក្តី សន អ្នកសម្របសម្រួល​ផ្នែក​ទឹក​និង​តំបន់ដីសើម​នៃ​ការិយាល័យ​អង្គការ  IUCN-​កម្ពុជា បាន​ជម្រាប​លោក George Edgar ថា ក្នុងចំណោម​ប្រជា​នេសាទ​ទាំង ៤៤ គ្រួសារ​នៅក្នុង​ភូមិ​នេះ មាន​៩៩ ភាគរយ រស់នៅ​ពឹងផ្អែក​ទៅលើ​របរ​នេសាទ​ដើម្បី​ចិញ្ចឹមជីវិត និង​១ ភាគរយ​ធ្វើជា​កម្មករ​អ្នកនេសាទ​ផ្សេងទៀត ព្រមទាំង​ធ្វើជា​អ្នក​ជួសជុល​ទូក​នេសាទ ឬ​ជា​អ្នកលក់ដូរ​។  ប្រជាជន​ភាគច្រើន​នៅក្នុង​ភូមិ​នេះ ត្រូវបាន​ចាត់ទុកជា​ប្រជាជន​ក្រីក្រ ដែល​ស្ថិតនៅក្នុង​ប្រភេទ ទី ១ ឬ ២ នៃ​ចំណាត់ថ្នាក់​ភាពក្រីក្រ​របស់​រដ្ឋាភិបាល​។​

​អង្គការ IUCN-​កម្ពុជា រកឃើញថា មូល​ហេតុដែល​ប្រជាជ​នេសាទ​នៅ​ភូមិ​នេះ នៅតែ​ក្រីក្រ ដោយសារ​ការនេសាទ​ត្រី​បាន​ថយចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ និង​បញ្ហា​ចំណូល​ប្រជាជន​ថ្មី និង​អ្នករស់នៅ​ខាងក្រៅ​ភូមិ​ជាច្រើន​មក​ដណ្តើម​នេសាទ​ត្រី​នៅក្នុង​តំបន់​។  អង្គការ​នេះ បន្ថែមថា ជា​មធ្យម គ្រួសារ​ក្រីក្រ​នេសាទ​ត្រី​ចន្លោះ​ពី ២​ទៅ ៣ ម៉ោង​ក្នុង​មួយថ្ងៃ និង​អាច​ចាប់​ត្រី​បាន​ប្រហែល ៥-១០​គីឡូក្រាម ។ អ្នកភូមិ​លក់​ត្រី​ដែល​ចាប់បាន​ទាំងអស់​ភ្លាមៗ​ទៅ​ឲ្យ​ឈ្មួញ កណ្តាល​ក្នុងតម្លៃ​ទាប​ដោយ​ត្រឹមតែ ៣ ពាន់​រៀល​ក្នុង ១ គីឡូក្រាម ពី​ព្រោះតែ​ចម្ងាយ​ពី​បឹង​ឆ្មា​នៃ​ភូមិបាឡ​តន​នេះ​ទៅ​ផ្សារ​មាន​ចម្ងាយ​ឆ្ងាយ​។ ជាងនេះទៅទៀត កន្លងមក​អ្នកភូមិ​ក៏​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ផងដែរ ព្រោះ​ជាទូទៅ​ពួកគេ​ពិសារ និង​ងូតទឹក​នៅក្នុង​បឹង ហើយ​ធ្វើ​ឲ្យ​មាន​ជំងឺ​សើរ​ស្បែក និង​រាករូស​ជាម​ដើម​។​



​តែ​យ៉ាងណា បញ្ហា​បរិមាណ​ត្រី​ថយចុះ និង​បញ្ហា​សុខភាព របស់​ប្រជាពលរដ្ឋ ត្រូវបាន​ដោះស្រាយ បន្ទាប់ពី​សហភាព​អឺរ៉ុប ផ្តល់ជំនួយ​ដល់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN) និង​ក្រុមការងារ​សម្ព័ន្ធភាព​ស​កម្ម​ភាព​ជលផល (FACT) បង្កើត​គម្រោង​អភិរក្ស​ត្រី និង​ជួយ​ដល់​ប្រជា​នេសាទ​។ តាមរយៈ​ការបង្កើត​តំបន់​អភិរក្ស​ត្រី (FCA) និង​ការកំណត់​ព្រំប្រទល់ និង​ការ​ល្បាត​ជា​ទៀងទាត់ និង​ការបង្កើន​ការយល់ដឹង ការនេសាទ​ត្រី​ខុសច្បាប់​បាន​ថយចុះ ហើយ​បរិមាណ​ត្រី​បាន​កើនឡើង​។ នេះ​បើតាម​អង្គការ IUCN​។

​លោក ភក្តី សន អ្នកសម្របសម្រួល​ផ្នែក​ទឹក​និង​តំបន់ដីសើម​នៃ​ការិយាល័យ IUCN-​កម្ពុជា មានប្រសាសន៍ថា សកម្មភាព​ទាំងនេះ បាន​កែលម្អ​ជីវភាព​របស់​អ្នកភូមិ ដូចជា​បញ្ហា​សន្តិសុខ​ស្បៀង អត្ថប្រយោជន៍​សុខភាព និង​ការសង​បំណុល ជាដើម​។   លើសពីនេះ​ទៀត ដោយមាន​ការគាំទ្រ​ពី​គម្រោង គណៈកម្មាធិការ​នេសាទ​សហគមន៍ និង​គណៈកម្មាធិការ​តំបន់​អភិរក្ស​ត្រី​ត្រូវបាន​បង្កើតឡើង ហើយ​សមាជិក​គណៈកម្មាធិកា​រ​ត្រូវបាន​បណ្តុះបណ្តាល​ដើម្បី​ធ្វើ​អន្តរាគមន៍ និង​ការពារ​តំបន់​អភិរក្ស​ត្រី​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​ជាក់ស្តែង ស្ថានភាព​រស់នៅ​ទូទៅ​របស់​អ្នកភូមិ​នៅ​បឹង​ឆ្មា (​ភូមិ​បា​ឡូត​) បាន​កែលម្អ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​គ្រួសារ​ក្រីក្រ​បំផុត នៅក្នុង​ភូមិ បាន​និយាយប្រាប់​ខ្ញុំ​ថា ក្នុង​រយៈពេល​នេះ ប្រាក់ចំណូល​របស់គាត់​បាន​កើនឡើង​ជិត​បី​ដង ពី ១៥,៦00 រៀល​ក្នុង​មួយថ្ងៃ​ដល់ ៤៥,000 រៀល​ក្នុង​មួយថ្ងៃ ។ លទ្ធផល​នេះ​បង្ហាញ​នូវ​អត្ថប្រយោជន៍ “​កើនឡើង​ខ្ពស់​” នៃ​ការអភិរក្ស​ត្រី​ទៅលើ​ផលិតកម្ម​ត្រី​»​។​



​សម្បុរ​ខ្មៅ​ស្រអែម វ័យ ៣២ ឆ្នាំ អ្នកស្រី ខាត់ វ​ល្ល័​ក្ខ និយាយថា ចំណូល​ប្រចាំថ្ងៃ​របស់​គ្រួសារ​អ្នកស្រី​បានកើត​ឡើង​ជាង​មុន ដោយសារ​ប្តី​របស់​អ្នកស្រី​នេសាទ​ត្រី​បាន​ច្រើនជាង​មុន​។ « ប្តី​ខ្ញុំ​គាត់​ដាក់មង ដោយ​មួយថ្ងៃ​បាន ៨ ទៅ ១៥ គីឡូ នឹង​អាច​លក់បាន​ពី ៣ ទៅ​៦ ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ ចំណែក​កា​រស់នៅ ពួក​ខ្ញុំ​ផឹកទឹក​ដាំ​ពុះ និង​មាន​អនាម័យ បន្ទាប់ពី​អង្គការ​ជួយ​ពន្យល់​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី វ​ល្ល័​ក្ខ ដែល​មក​រស់នៅ​ភូមិ​នេះ​ជាមួយ​ស្វាមី​ជិត ១០ ឆ្នាំ​មកហើយ​។ 

​លោក  George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម អរគុណ​ដល់​អង្គការ IUCN/FACT និង​អាជ្ញាធរ​មូលដ្ឋាន ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​នៅក្នុង ការដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សហគមន៍​នេសាទ​បាន​ជួបប្រទះ​»​។  លោក​បន្តថា គម្រោង​ដែល​ផ្តល់ ជំនួយឥតសំណង របស់​សហភាព​អឺរ៉ុប​នៅ​បឹង​ទន្លេសាប ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស​ដើម្បី​ការពារ​តំបន់​អភិរក្ស​ត្រី គឺជា​គម្រោង​មួយ​ក្នុង​គម្រោង​ជាច្រើន​របស់​សហភាព​អឺរ៉ុប​។ «​ក្នុងការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​បង្កើន​សន្តិសុខ​ស្បៀង កែលម្អ​អាហារូបត្ថម្ភ និង​ការពារ​ជម្រក​មច្ឆា​ជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក  George EDGAR​។​
























Tag:
 បាឡត​
  George Edgar
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com