អន្តរជាតិ
វៀតណាម​៖ ដើម្បី​អភិវឌ្ឍ​ប្រទេស មិនត្រូវ​ពឹងផ្អែក​តែ​លើ​ធនធានធម្មជាតិ និង​ពលកម្ម​មូលដ្ឋាន​នោះទេ តែ​...
08, Dec 2016 , 9:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (ប្រភពរូបភាព៖ Xinhua)
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (ប្រភពរូបភាព៖ Xinhua)
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc  បាន​ព្រមាន​ចំពោះ​ការវិល​ត្រលប់​ទៅរក​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​«​គាំពារ​និយម​»​នៅក្នុង​តំបន់ ខណៈពេលដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​ដឹកនាំ​ដោយ​អាមេរិក គ្មាន​សង្ឃឹមថា​អាច​សម្រេចបាន​នោះ​។

-


«​ពិភពលោក និង​តំបន់​អាស៊ាន កំពុងតែ​ប្រឈម​នឹង​បញ្ហា​ធំៗ​ជាច្រើន​វិស័យ​រួមមាន​ទាំង​បញ្ហា​សន្តិសុខ ហិរញ្ញវត្ថុ ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​នៃ​ការវិល​ត្រលប់​ទៅ​គាំពារ​និយម​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc ក្នុង​កិច្ចប្រជុំ​ធុរកិច្ច​អាស៊ាន របស់ Bloomberg ក្នុង​ក្រុង​ហាណូយ​នៅ​ថ្ងៃទី​៨ ធ្នូ​នេះ ដែល​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន Bloomberg​។​

​នាឱកាស​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ទទូច​សមាជិក​អាស៊ាន​ទាំង​ដប់ ដែល​រួមមាន​ទាំង​សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី ដែលមាន​ការនាំចេញ​ធំ​ផងដែរ​នោះ ឲ្យ​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ចំណង​សេដ្ឋកិច្ច និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម វិនិយោគ និង​សេវាកម្ម​។ លោកនាយក​រដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល​វៀតណាម នឹង​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​លើ​បរិ​យា​កាស​វិនិយោគ និង​បង្កើន​ចំនួន​ក្រុមហ៊ុន​របស់ខ្លួន​ឯង​តែម្តង​។

​លោក បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​អាស៊ាន​នីមួយៗ មិនអាច​អភិវឌ្ឍ​ទៅមុខ​រហូត​បានឡើយ ប្រសិនបើ​ប្រទេស​នោះ ពឹងផ្អែក​តែ​ទៅលើ​ការបំពាន​លើ​ធនធានធម្មជាតិ និង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​មូលដ្ឋាន​នោះ​។ លោក បន្ថែមថា ដើម្បី​អភិវឌ្ឍ ត្រូវ​ទាមទារ​ឲ្យ​មានការ​ពង្រឹង​ការប្រកួតប្រជែង និង​ការចូលរួម​នៅក្នុង​ចង្វាក់​នៃ​ការផ្គត់ផ្គង់​សកល​ដើម្បី​ទទួលបាន​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​នោះ​។
 
​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​វៀតណាម​រូបនេះ ទំនងជា​ចង់​ដាស់តឿន​បណ្តា​សមាជិក​អាស៊ាន​ឲ្យ​ពិនិត្យឡើងវិញ​ចំពោះ​សមត្ថភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​តំបន់ ខណៈពេលដែល​អាស៊ាន កំពុងតែ​ដំណើរការ​សមាហរណកម្ម​សេដ្ឋកិច្ច​ដែល​ត្រូវបាន​គេ​មើលថា​មិនសូវមាន​ការវិវត្ត​ច្រើន​នោះ​។ ហើយ​នេះ ក៏​ពាក់ព័ន្ធ​ទៅនឹង​ក្តី​បំណង​របស់​វៀតណាម ក្នុង​ការចង់​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​កម្រិត​កំពូល​មួយ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ដែល​បាន​ជាប់គាំង​ហើយ​នោះ​។ ពោលគឺ​ការ​ដាស់​ឲ្យ​ពង្រឹងសមត្ថភាព​ក្នុង​តំបន់​របស់​វៀតណាម ធ្វើឡើង ក្រោយ​ក្តី​រំពឹង​វៀតណាម ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​តាម​TPP គ្មាន​ពន្លឺ​អ្វី​សោះ​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ឬ ហៅថា​TPP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​បង្កើតឡើង​ដោយ​រដ្ឋ​ភាគី​ទាំង​១២​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ ភាគី​ទាំង​១២​រួមមាន អាមេរិក អូស្ត្រាលី ព្រុយ​ណេ កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង វៀតណាម​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ មិនទាន់​ទទួលបាន​សច្ចាប័ន​ពី​សភា​អាមេរិក​ឡើយ បើទោះបីជា​រដ្ឋបាល លោក អូ​បា​ម៉ា ព្យាយាម​បញ្ចុះបញ្ចូល​យ៉ាងណាក៏ដោយ​។ កិច្ចព្រមព្រៀង​នេះ អាច​ចូល​ជាធរ​មានបាន លុះត្រា តែ​ទទួលបាន​សច្ចាប័ន​ពី​អាមេរិក​។ កិច្ចព្រមព្រៀង​នេះដែរ ស្ទើរតែ​ត្រូវបាន​ចាត់ទុកជា​អសារ​បង់​ទៅហើយ ដ្បិត​ប្រធានាធិបតី​អាមេរិក​ថ្មី លោក Donald Trump គ្រោង​នឹង​ប្រកាស​ដក​សមា​ក​ជិ​ក​ភាព​អាមេរិក​ចេញពី TPP ពេល​លោក កាន់តំណែង​នោះ​។

​កន្លងមក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម លោក Tran Tuan Anh ធ្លាប់បាន​អះអាងថា​ប្រសិនបើ TPP នៅតែ​បន្ត​អនុវត្ត និង​ដំណើរការ​ទៅមុខ នោះ វៀតណាម នឹង​អាច​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ពហុ​វិស័យ​។ ក្នុងនោះ​វៀតណាម រំពឹងថា ផលិតផល​នាំចេញ​ចម្បង​របស់​វៀត​ណា​ម​ដូចជា វាយ​ន​ភណ្ឌ កាត់ដេរ ស្បែកជើង និង​អាហារ​សមុទ្រ នឹង​កាន់តែ​កើនឡើង​ទៅកាន់​អាមេរិក ជប៉ុន និង​កាណាដា ដែលជា​សមាជិក​របស់ TPP​។ តែ​វា មិនអាច​ទៅរួច​ឡើយ​៕


Tag:
 ​វៀតណាម​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com